​ភ្នំពេញៈ ក្រុមហ៊ុន រ៉ូ​យា​ល់​ គ្រុប កោះរ៉ុង ឌី​វេឡុ​ប​មេន ខម​​ភេ​នី (Royal Group Koh Rong Development Company) ​នឹង​វិនិយោគ​ទឹកប្រាក់ ៣០០​ លាន​ដុល្លារ ​លើ​ការ​សាង​​សង់​អាកាសយានដ្ឋាន​អេកូ​-​ទេសចរណ៍​អន្តរជាតិ​កោះរ៉ុង​លំដាប់ 4C និង​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​នានា​នៅលើ​កោះរ៉ុង​នៃ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលបំណង​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ដែន​កោះ​មួយ​នេះ​កាន់តែច្រើន​នាពេល​អនាគត​។​

​នា​ថ្ងៃទី ​១៨ ខែមករា រដ្ឋ​លេ​ខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA)​ ដែលមាន​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​​បន្ទុក និង​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូ​យា​ល់​ ​គ្រុប កោះរ៉ុង ឌី​វេឡុ​ប​មេន ខម​​ភេ​នី បាន​ចុះហត្ថលេខា​លើ​អនុ​​ស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ការអនុវត្ត​កាតព្វកិច្ច​ក្នុងការ​ត្រួតពិនិត្យ ការ​ផ្តល់យោបល់ តម្រង់ទិស និង​ការតាមដាន​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អេកូ​ទេស​​ចរណ៍​អន្តរជាតិ​កោះរ៉ុង​។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ បានលើកឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា Royal Group Koh Rong Development គឺជា​ក្រុមហ៊ុន​ទទួលបាន​គោលការណ៍​ពីរ​ដ្ឋា​ភិ​បាល​កម្ពុជា ឱ្យធ្វើ​ការអភិវឌ្ឍ​គម្រោង​ពហុ​បំណង​នៅ​កោះរ៉ុង​ក្រោម​ក្របខ័ណ្ឌ​គតិយុត្ត «​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​» ចាប់តាំងពី​ឆ្នាំ​ ២០០៨​។ ក្រុមហ៊ុន​មួយ​នេះ​មាន​សិទ្ធិ​អភិវឌ្ឍ​គម្រោង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​គាំទ្រ​នានា​នៅលើ​ទីតាំង​ជួល​ដោយ​អនុលោម​តាម​ប្លង់​មេ ក្នុងនោះ​ក៏មាន​ការ​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន និង​ឧ​ទ្ធ​ម្ភា​គ​​ចក្រ​ដ្ឋា​ន និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​មួយចំនួនទៀត​។​

​លោក​បន្ថែមថា បន្ទាប់ពី​បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រដ្ឋាភិបាល​រួចមក រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ពិនិត្យ និង​ផ្តល់​គោលការណ៍​អនុញ្ញាត​នៅក្នុង​កម្រិត​ជំនាញ​ចំនួន ២ ​លើក ដើម្បី​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​អេកូ​-ទេស​​ចរណ៍​អន្តរជាតិ លំដាប់ 4C​។​

​លោក​ថ្លែងថា​៖ «​ការចុះ​ហត្ថ​លេខា​លើ​ឯកសារ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង គឺ​បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ និង​ការ​​ផ្សារភ្ជាប់​ទំនាក់ទំនង​ការងារ​ក្នុង​ភាពជា​ដៃគូ​លើ​កម្រិត​ជំនាញ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​គាំទ្រ​ការ​អភិវឌ្ឍ​ក៏ដូចជា​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អា​​កាស​យានដ្ឋាន និង​ឋបនីយភណ្ឌ​គាំទ្រ​ផ្សេ​ង‌ៗ​ទៀត​»​។​

​បើតាម​កិច្ចព្រមព្រៀង SSCA បានផ្តល់​ការទទួលស្គាល់​លើ​ផែនការមេ​សម្រាប់​ការកសាង​អាកាសយានដ្ឋាន​អេកូ-​ទេស​​ចរណ៍​អន្តរជាតិ​កោះរ៉ុង និង​ការ​​ចេញ​វិញ្ញាបនបត្រ​ទទួលស្គាល់​លើ​ផែនការមេ​សង្ខេប​ (Certificate of Acceptance) ​ជូន​ដល់​ក្រុមហ៊ុន​។​

​លោក គិត ម៉េង បាន​និយាយថា សម្រាប់​គម្រោង​អភិវឌ្ឍន៍​នេះ ក្រុមហ៊ុន​នឹងធ្វើ​ផ្លូវ​ក្រួស​ក្រហម​ដែល​ខ្លួន​បាន​ដឹកជញ្ជូន​គ្រឿងចក្រ​មក​កសាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​លើ​កោះរ៉ុង​តាំងពី​ខែកក្កដា ឆ្នាំ​ ២០០៩ មក​ម្ល៉េះ​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​បាន​កសាង​សណ្ឋាគារ​រ៉ូយ៉ាល់​ សុខសាន្ត​លំដាប់​ផ្កាយ ​៣ នៅ​ឆ្នាំ​ ២០១៣ មាន​ចំនួន ១៥៣​ បន្ទប់ ក្រោម​ទុនវិនិយោគ ១៥​ លាន​ដុល្លារ និង​កាលពី​ខែធ្នូ ឆ្នាំ ​២០១៥ ក្រុមហ៊ុន​បាន​សាង​សង់​សណ្ឋាគារ​លំដាប់​ផ្កាយ ​៥ រ៉ូយ៉ាល់​ស៊ែ​ន កោះរ៉ុង ដែលមាន​វីឡា​ភ្ជាប់​ដោយ​អាង​ហែល​ទឹក​ចំនួន ៦៣ ក្រោម​ទុនវិនិយោគ ៤០​ លាន​ដុល្លារ​។​

​លោក​បន្ថែមទៀតថា កាលពី​ថ្ងៃទី​ ១៤ ខែកក្កដា ឆ្នាំ ​២០២០ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង បាន​ចុះ​កិច្ចព្រមព្រៀង​កសាង​ផ្លូវ​បេតុង​ប្រវែង ៧០​ គីឡូម៉ែត្រ ទទឹង ៨ ​ម៉ែត្រ នៅលើ​កោះរ៉ុង ដោយ​ចំណាយ​ទុន ៣៥ ​លាន​ដុល្លារ ហើយ​បច្ចុប្បន្ន​ផ្លូវ​នេះ​ធ្វើ​រួច ៥០​គីឡូម៉ែត្រ​។

លោក​បន្តថា ចាប់ពី​ខែកញ្ញា ឆ្នាំ ​២០២២ ក្រុមហ៊ុន​ក៏បាន​វិនិយោគ​ជាមួយ​អគ្គិសនី​កម្ពុជា ដើម្បី​ត​ភ្ជាប់​ខ្សែ​​កា​ប្លិ៍​អគ្គិសនី​ក្រោម​បាតសមុទ្រ​មកកាន់​កោះរ៉ុង​។ ខ្សែ​បញ្ជូន​ប្រ​មាណ ៦០​ គីឡូម៉ែត្រ ត្រូវបាន​សាងសង់​លើ​កោះរ៉ុង គ្រោង​នឹង​បញ្ចប់​នៅក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ ​២០២៣ ដើម្បី​អាចមាន​អគ្គិសនី​ចែកចាយ​នៅក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​​កោះរ៉ុង លំដាប់ 4C ត្រូវបាន​ចាប់ផ្តើម​អភិវឌ្ឍ​នៅក្នុង​ពេលនេះ គ្រោង​នឹង​បញ្ចប់​ការ​សាង​​សង់​ក្នុង​រយៈពេល ៥ ​ឆ្នាំ​»​។​

ពិធីចុះ MOU កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣។ ហេង ជីវ័ន

​យោងតាម​លោក ហាវ​ណ្ណា​ល់ គម្រោង​អភិវឌ្ឍន៍​នេះ​ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​ពហុ​​បំណង​រួម​សម្រាប់​ក្រុង​កោះរ៉ុង​ទាំងមូល​ដែលជា​ការវិនិយោគ​រប​ស់​វិស័យ​ឯកជន​ហើយ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការ​វិ​និ​​យោគ​របស់​ក្រុមហ៊ុន​យូ​ញៀន​ (UDG) នៅ​តំបន់​តារា​សាគរ ​(​ការវិនិយោគ​ឯកជន ១០០​ ភាគរយ​សម្រាប់​ការអភិវឌ្ឍ គម្រោង​ពហុ​បំណង​)​។​

​លោក​ថ្លែងថា​៖ «​ការចូលរួម​ក្នុង​ភាពជា​ដៃគូ Royal Group បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ជំរុញឱ្យមាន​កំណើន និង​ការ​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជារ​យៈ​ពេល​វែង ជាពិសេស​ការបង្កើន​ស​ម​ត្ថ​ភាព​ប្រកួតប្រជែង​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​តាមផ្លូវ​អាកាស ក្នុង​បរិការណ៍​នៃ​សមា​ហរ​ណ​​កម្ម​សេដ្ឋកិច្ច​តំបន់ និង​ពិភព​​លោក​។ វិស័យ​ឯកជន​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប នវានុវត្តន៍​ភាព​ប្រសិទ្ធភាព​តម្លាភាព និង​គណ​​នេ​យ្យ​ភាព ស្របតាម​ឧ​ត្ត​មា​នុ​វត្ត​ជា​អន្តរជាតិ​ក្នុងការ​រួមចំណែក​លើក​កម្ពស់​ការផ្តល់សេវា​សា​​ធារ​ណៈ និង​ការគ្រប់គ្រង​ហា​និ​ភ័យ​ព្រមទាំង​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​រដ្ឋ​»៕