បាត់ដំបងៈ ក្រុមហ៊ុន​Shindo Shigeharu Shop Co. Ltd.​ នៅ​ប្រទេស​ជប៉ុន ​នឹង​មាន​គម្រោង​បោះទុន​វិនិយោគ ​លើ​ការកែច្នៃ​ផ្លែឈើ​ ដែល​ជាផលិត​ផល​កសិកម្ម ​នៅ​ខេត្តបាត់ដំបង ​នា​ពេល​ខាងមុខ​នេះ។ នេះ​បើ​តាម​ការលើក​ឡើង​របស់​លោក​ សុខ​ លូ​ អភិបាល​ខេត្ត​បាត់ដំបង។

លោកបាន​លើកឡើង​ដូចនេះ ​ក្នុង​ជំនួប​ជាមួយ ​តំណាង​ក្រុមហ៊ុន ​Shop Shindou Shigeharu Limited Company ​ដើម្បី​ពិភាក្សា​ការងារ​អំពី​គម្រោង​ដែល​ក្រុមហ៊ុន​នេះ​ មាន​គម្រោង​បោះទុន​វិនិយោគ ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម ​នៅ​ក្នុង​ខេត្តបាត់ដំបង​នា​ពេល​ខាងមុខ​នេះ ​កាលពី​ថ្ងៃទី១៨​ ខែមករា ​ឆ្នាំ២០២៣។

លោក​សុខ លូ ​បាន​សម្តែង​ក្តីរីករាយ ​ចំពោះ​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​បំណង​ក្នុង​ការវិនិយោគ​នៅ​ខេត្តបាត់ដំបង ​ពាក់ព័ន្ធ​នឹង​គម្រោង​កែច្នៃ​ផ្លែឈើ​នេះ ​ស្របពេល​ដែល​ខេត្តបាត់ដំបង​ជាខេត្ត​មួយ​ដែលមាន​សក្ដានុពល​ខ្ពស់ ​ទាំងផ្នែក​ទេសចរណ៍ ​និង​កសិកម្ម។

​លោក​បញ្ជាក់ថា​៖«រដ្ឋបាល​ខេត្ត​រង់ចាំ​ការសហការ​ជានិច្ច ​ព្រោះ​នេះ​ក៏ជា​គោលបំណង​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការលើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​ក្នុង​ខេត្តបាត់ដំបង ​ព្រោះ​ជារៀងរាល់​ឆ្នាំ ​ផលិតផល​កសិកម្ម​មួយចំនួន ​ដូចជា​ ផ្លែស្វាយ​ ផ្លែមៀន​ប៉ៃលិន​ ឬ​ម្នាស់​ជាដើម ​មាន​ចំនួន​ច្រើន ​ដែល​សេសសល់ ​និង​មាន​តម្លៃ​ថោក ​ដោយសារ​គ្មាន​រោងចក្រ​ក្នុង​ការកែច្នៃ​ផលិតផល​ទាំង​នោះ»។

ទាក់ទង​នឹង​គម្រោង​នេះ ​អភិបាលរង​ខេត្តបាត់ដំបង ​លោក​សឿម ប៊ុនរិទ្ធ ​បានបញ្ជាក់ ​នា​ថ្ងៃទី១៩ ​មករា ​ថា ​លោក​មិនទាន់​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​បាន​នៅ​ឡើយ​ទេ។

ចំណែក​លោក​ឈឹម វជិរា ​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ខេត្តបាត់ដំបង ​បានប្រាប់​ថា​ វាជា​រឿងល្អ ​ដែល​មាន​ក្រុមហ៊ុន​ជប៉ុន​មាន​គម្រោង​មក​វិនិយោគ​ទៅលើ​ការកែច្នៃ​ផលិតផល​កសិកម្ម​នេះ ​ដោយសារ​ខេត្តបាត់ដំបង ​ជា​ខេត្តមួយ​ដែល​មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម ​ជាពិសេស ​គឺ​សម្បូរ​ផ្លែឈើ​ច្រើន ​ដូចជា ​ផ្លែស្វាយ ​ដែលមាន​ទំហំ​ប្រមូល​ផល​ជាង​ ១ម៉ឺន​៨ពាន់​ហិកតា។

លោក​បន្តថា ​ដូច្នេះ​ហើយ ​រាល់​ពេល​ប្រមូល​ផល​កន្លងមក ​មាន​ពេល​ខ្លះ​តម្លៃ​របស់​ផ្លែឈើ​ទាំងនោះ​ ត្រូវបាន​ធ្លាក់​ថ្លៃ​ខ្លាំង​ ដែល​ធ្វើឱ្យ​ប្រជាកសិករ ​មិន​ធ្វើការ​ប្រមូល​ផល​ឡើយ ​ដោយ​ទុក​ផ្លែឈើ​ទាំងនោះ​ចោល​ជា​ដើម។

លោក​ឈឹម វជិរា ​ថ្លែងថា​៖«អ៊ីចឹង ​វាជា​ឱកាស​ល្អ​មួយ ​ប្រសិនជា​ខាង​ក្រុមហ៊ុន​ជប៉ុន​ហ្នឹង ​លោក​មក​ដាក់ទុន​វិនិយោគ ​គឺ​វា​បានផ្ដល់​ទាំង​ឱកាស​ការងារ ​និង​ផ្ដល់​ប្រាក់​ចំណូល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ​ជាពិសេស​ការងារ​កែច្នៃ​ហ្នឹង​ឯង»។

សូម​បញ្ជាក់​ថា ​ក្រុមហ៊ុន ​Shindo Shigeharu Shop Co. Ltd.​ គឺជា​ក្រុមហ៊ុន​ផលិត​អាហារ​ដ៏ល្អ​បំផុត​នៅ​ខេត្ត​អិហិមិ ​នៃ​ប្រទេស​ជប៉ុន ​ជាពិសេស​ខាង​ផ្លែឈើ​ស្ងួត ​ដូចជា ​ក្រូចឆ្មារ ​និង​ក្រូច​ពោធិ៍សាត់​ដ៏​ល្បីល្បាញ​របស់​ខេត្តអិហិមិ​ប្រទេស​ជប៉ុន។​មួយ​វិញ​ទៀត ​ក្រុមហ៊ុន​នេះ ​ក៏​មាន​បំណង​ក្នុង​ការសិក្សា ​និង​ស្វែងយល់​បន្ថែម​ទៀត ​មុន​នឹង​មាន​ការបោះទុន​វិនិយោគ​នៅ​ខេត្តបាត់ដំបង ​ក្នុង​ការកែច្នៃ​ផលិតផល​កសិកម្ម​នេះ​៕