ភ្នំពេញៈ ផ្នែកឯកជនរំពឹងថា វិស័យដឹកជញ្ជូននឹងចូលរួមចំ-ណែកកាន់តែច្រើនថែមទៀតក្នុងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាទាំងការដឹកជញ្ជូនផលិតផលក្នុងប្រទេស និងទៅកាន់ទីផ្សារអន្តរជាតិ។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ជាមួយថ្នាក់ដឹកនាំនៃសមាគមភ័ស្តុភារកម្មកម្ពុជា កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងកសិកម្ម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានឱ្យដឹងថា វិស័យភ័ស្តុភារកម្មគឺមានតួនាទីសំខាន់ណាស់នៅគ្រប់ចង្វាក់ផលិតកម្ម ហេតុនេះបើសិនអ្នកពាក់ព័ន្ធធ្វើការចងក្រងគ្នាតាមខ្សែបណ្តោយចាប់ពីអ្នកផលិតរហូតដល់ទីផ្សារ គឺនឹងទទួលបានផលចំណេញទាំងអស់គ្នា ហើយក៏អាចជួយកាត់បន្ថយការប្រកួតប្រជែងដែលមិនចាំបាច់បានផងដែរ។ ការធ្វើការរួមគ្នា ក៏ជួយឱ្យគ្រប់ផ្នែកពាក់ព័ន្ធទទួលបានព័ត៌មានពីទីផ្សារបានច្បាស់លាស់ផងដែរ។
លោកថ្លែងថា៖ «ការធ្វើតាមខ្សែបណ្តោយនេះ គឺដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងទំនុកចិត្ត។ សមាគមត្រូវចេះធ្វើការជាមួយគ្នា និងត្រូវចេះចែករំលែកផលប្រយោជន៍រវាងអាជីវករ និងអ្នកផ្តល់សេវាដឹកជញ្ជូន»។
បន្ថែមលើនេះ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យសមាគមភ័ស្តុភារកម្មកម្ពុជា ត្រូវយកចិត្តទុកដាក់ទៅលើលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ដោយធានាយ៉ាងណាឱ្យមានឯករាជ្យខ្លួនឯងដោយត្រូវមានផែនការច្បាស់លាស់នៅក្នុងការផលិត ដើម្បីរក្សាស្ថិរភាពផ្គត់ផ្គង់ និងផលចំណេញ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី ដែលជាក្រុមអ្នកផ្តល់សេវាដឹកជញ្ជូនទំនិញកសិកម្មក្នុង និងទៅក្រៅប្រទេស និងមានសមាជិកជាង ១០០ សេវាករបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែមករាថា ជំនួបពិភាក្សានេះគឺពិតជាមានសារៈសំខាន់ក្នុងការផ្តល់ឱកាសឱ្យផ្នែកឯកជន អាចជួបធ្វើការដោយផ្ទាល់ជាមួយនឹងអាជ្ញាធរ ដើម្បីជំរុញការងារផ្តល់សេវាឱ្យអតិថិជនកាន់តែលឿន និងមានប្រសិទ្ធភាព។ លោកបានបន្តថា បច្ចុប្បន្នវិស័យដឹកជញ្ជូនកំពុងចូលរួមដ៏សកម្មក្នុងការតភ្ជាប់ទំនិញពីអ្នកផលិតទៅដល់អ្នកប្រើប្រាស់ចុងក្រោយ។
លោកនិយាយថា៖ «តាមរយៈជំនួបនេះយើងសង្ឃឹមថា ការដឹកជញ្ជូនកសិផលនឹងដំណើរការកាន់តែល្អ និងមានការទទួលខុសត្រូវកាន់តែខ្ពស់»។
ទិន្នន័យក្រសួងកសិកម្មឱ្យដឹងថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចេញកសិផលទៅទីផ្សារអន្តរជាតិសរុប ៥ ២២២ ០៥៦,១៩ តោន ក្នុងនោះនាំទៅប្រទេសក្នុងតំបន់អាស៊ីចំនួន ៤ ២៧៥ ៤៦២,៨តោន, ប្រទេសចិន ចំនួន ៦៨៩ ៧០២,៦៥ តោន, សហភាពអឺរ៉ុប ១៨៦ ៨៩៧,៧៤ តោន និងទិសដៅផ្សេងៗទៀតចំនួន ៧០ ១៩៦,៥៨ តោន។ រយៈពេល ១១ ខែ កាលពីឆ្នាំ ២០២១ ប្រទេសកម្ពុជា បាននាំចេញកសិផលទៅក្រៅប្រទេស សរុបចំនួន ៧ ១៣១ ៩១៥,០៤ តោន៕