ភ្នំពេញ៖ ប្រតិបត្តិករឧស្សាហកម្មធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា បានប្រកាសក្នុងការអនុវត្តឱ្យបានពេញលេញ លើក្រមប្រតិបត្តិរបស់ឧស្សាហកម្មមួយនេះដើម្បីបង្កើតការជឿទុកចិត្ត និងធ្វើឱ្យឧស្សាហកម្មមួយនេះដំណើរការប្រកបដោយវិជ្ជាជីវៈ។
សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)និងសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) បានចុះហត្ថលេខាលើក្រមប្រតិបត្តិតាំងពីខែកញ្ញាឆ្នាំមុន។
លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជាក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិស និងការពង្រឹងក្រមប្រតិបត្តិរបស់ BFIs នៅថ្ងៃទី១៨ ខែមករា បានឱ្យដឹងថា ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុឥរិយាបថ និងសកម្មភាពរបស់សហការីរបស់BFIsគឺមានសារៈសំខាន់ជាមូលដ្ឋានគ្រឹះនៃវិស័យធនាគារត្រូវបានបង្កើតឡើងដោយឈរលើភាពស្មោះត្រង់ និងទំនុកចិត្តជាមួយអតិថិជន និងសាធារណជន។ លោកបានបន្ថែមថា ការប្រព្រឹត្តដែលគ្មានសីលធម៌ដូចជាការលក់ហួសហេតុពេក និងសកម្មភាពមិនសមរម្យមិនត្រូវបានលើកលែងឡើយ។
លោកSia ថ្លែងថា៖ «ក្នុងនាមជាធនាគារិក យើងចាំបាច់ត្រូវពង្រឹងគុណតម្លៃទាំងនេះ ហើយខិតខំដើម្បីឧត្តមភាពនៅក្នុងអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្រមប្រតិបត្តិរបស់ BFIsនិងគោលការណ៍ណែនាំស្តីពីការផ្តល់ប្រាក់កម្ចីឥឡូវនេះត្រូវបានដាក់ឱ្យអនុវត្តពេញលេញសម្រាប់សមាជិកទាំងអស់នៃ ABC, CMA, និងCAFT។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងការអនុវត្តក្រមនេះ ហើយដែលបានបញ្ចូលវាទៅក្នុងគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងរបស់ពួកគេ»។
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងក្នុងពិធីនេះថា អស់រយៈពេលជិត១ឆ្នាំនៃការអនុវត្តបណ្តោះអាសន្នCMA បានផ្សព្វផ្សាយ និងពង្រឹងក្រមសីលធម៌ប្រតិបត្តិរបស់BFI ដោយធ្វើសិក្ខាសាលាថ្នាក់តំបន់សម្រាប់សមាជិក ជាពិសេសសម្រាប់ថ្នាក់គ្រប់គ្រងសាខាទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធភាព និរន្តរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ពួកគេ។ សិក្ខាសាលាទាំងនោះមានការចូលរួមពីប្រធានសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ៨០០នៅទូទាំងប្រទេស។
លោកលើកឡើងថា៖ «យើងសង្កេតឃើញថា សមាជិកសមាគមទាំងបីបានប្រឹងប្រែងអនុវត្តតាមវិធាននៃក្រមប្រតិបត្តិនេះ។ ទោះបីជាវាមិនមែនជារឿងងាយស្រួលក៏ដោយ ប៉ុន្តែសម្រាប់ការខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការពង្រឹងប្រព័ន្ធធនាគារ និងការការពារអតិថិជនគ្រឹះស្ថានទាំងអស់ខិតខំកែលម្អប្រព័ន្ធ និងគោលនយោបាយរបស់ពួកគេ ដើម្បីធានាថា គ្រឹះស្ថានរបស់ពួកគេគោរពយ៉ាងពេញលេញទៅនឹងវិធានដែលមានចែងក្នុងក្រមប្រតិបត្តិនេះ»។ លោកបានបន្ថែមថា សមាគមទាំងបីនឹងបង្កើតយន្តការមួយដើម្បីត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តិរបស់ BFIsដើម្បីធានាថា សមាជិកទាំងអស់អនុវត្តក្រមប្រតិបត្តិប្រកបដោយតម្លាភាព និងគណនេយ្យភាព។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងទី ១ផ្នែកត្រួតពិនិត្យធនាគារនៅធនាគារជាតិនៃកម្ពុជាបានសាទរចំពោះសមាគមចំនួន៣ដែលបានផ្តួចផ្តើម និងអនុម័តក្រមប្រតិបត្តិ និងគោលការណ៍ណែនាំស្តីពីការផ្តល់ប្រាក់កម្ចីរបស់ BFI។ លោកបានបន្ថែមថា ដើម្បីរក្សាស្ថិរភាព និងនិរន្តរភាពក្នុងការអភិវឌ្ឍវិស័យធនាគារ ការពង្រឹងការអនុវត្តទីផ្សារ និងការការពារអ្នកប្រើប្រាស់ទាមទារឱ្យមានការចូលរួមយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។
លោកបានបន្ថែមថា៖ «ខ្ញុំបានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់លើកកម្ពស់ការការពារអ្នកប្រើប្រាស់ និងចាត់ទុកការងារនេះជាអាទិភាពចម្បង និងចាំបាច់ ហើយដើម្បីធានាថា ការប្រកួតប្រជែង និងប្រតិបត្តិការទាំងអស់ត្រូវតែអនុវត្តប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ»។
ក្រមប្រតិបតិ្តរបស់ BFIs ត្រូវបានផ្តួចផ្តើម និងអនុម័តស្របតាមយុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុថ្នាក់ជាតិ ឆ្នាំ ២០១៩-២០២៥។ ក្រមប្រតិបត្តិនេះនឹងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការជំរុញ និងពង្រឹងការការពារអតិថិជន និងលើកកម្ពស់ក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ៕