នៅក្នុង​រយៈពេល ​៥​ ថ្ងៃ ចាប់ពី​ថ្ងៃទី ​១៦ ដល់​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ ​២០២៣ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) បានទទួល​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​គណៈប្រតិភូ​គយ​នៃ​ប្រទេស​ឡាវ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​គយ​កម្ពុជា និង​ឡាវ ក្នុងការ​បង្កើនបាន​នូវ​ប្រសិទ្ធភាព​លើ​វិធានការ​បង្ការ​បង្ក្រាប​ទំ​និ​ញ​ល្មើសច្បាប់​។​

​ក្រៅពី​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​គណៈប្រតិភូ​គយ​នៃ​ប្រទេស​ឡាវ ដឹកនាំ​ដោយ​លោក​អគ្គនាយករង Saymanolinh SINBANDHIT ហើយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) ក៏​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​លោក Micheal Cymbalista លោក Joel Carruthers តំណាង​កងកម្លាំង​ការពារ​ព្រំដែន​ប្រទេស​អូស្ត្រាលី (ABF) ដែលជា​សមត្ថកិច្ច​គយ​អូស្ត្រាលី ព្រមទាំង​លោកស្រី Nuttha Ummarakoon តំណាង​អង្គការ United Nations Office on Drugs and Crime (UNODC) ដែល​បាន​អញ្ជើញ​មកជា​មួយ​គណៈប្រតិភូ​គយ​នៃ​ប្រទេស​ឡាវ​ផងដែរ​។

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) បានឱ្យដឹងថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​គយ​ទាំងពីរ និង​ផ្តល់ឱកាស​ឱ្យ​រដ្ឋបាល​គយ​ប្រទេស​ឡាវ​សិក្សា​ស្វែងយល់​អំពី​បទពិសោធន៍​ជោគជ័យ​របស់​រដ្ឋបាល​គយ​កម្ពុជា​ក្នុងការ​អនុវត្ត​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ (UNODC-WCO Container Control Programme-CCP) ដែលជា​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ឆ្លើយតប​ចំពោះ​ការកើតឡើង​នូវ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​សន្តិសុខ​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ពាណិជ្ជកម្ម​សកលលោក​។

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា​៖«​តាមរយៈ​យន្តការ​នេះ ប្រទេស​សមាជិក បង្កើនបាន​នូវ​ប្រសិទ្ធភាព​លើ​វិធានការ​បង្ការ​បង្ក្រាប​ទំ​និ​ញ​ល្មើសច្បាប់ ជាពិសេស​ពាណិជ្ជកម្ម​ទំនិញ​យុទ្ធសាស្ត្រ ការ​ចរាចរណ៍​គ្រឿងញៀន​និង​សារធាតុ​ញៀន ការ​គេចពន្ធ ការបន្លំ​ពន្ធ និង​សកម្មភាព​ភេរវកម្ម​ផ្សេងៗ​»​។

​នៅក្នុង​អំឡុង​ទស្សនកិច្ច​នេះ គណៈប្រតិភូ បាន​ទៅ​ទស្សនកិច្ច​នៅ​អង្គភាព​ត្រួតពិនិត្យ​កុងតឺន័រ (CCU) នៃ​សាខាគយ​និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដោយបាន​សិក្សា​ស្វែងយល់​អំពី​នីតិវិធី​បញ្ចេញ​ទំនិញ​ពី​គយ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ ប្រព័ន្ធ E-Customs និង​នីតិវិធី​អនុវត្តន៍​ការងារ​របស់ CCU ព្រមទាំង​បាន​ចុះទៅពិនិត្យ​ឧបករណ៍​ត្រួតពិនិត្យ​គយ​, ម៉ាស៊ីន​ស្កែ​ន​កុងតឺន័រ​, ឧបករណ៍​រាវរក​សារធាតុ​វិទ្យុសកម្ម​, ទីលាន​ត្រួតពិនិត្យ​ទំនិញ​, និង​ទីលាន​កុងតឺន័រ​និង​ចំណត​នាវា​។

​គណៈប្រតិភូ​ទាំងអស់ ក៏បាន​បន្តទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អង្គភាព​ត្រួតពិនិត្យ​ទំនិញ​តាមផ្លូវ​អាកាស (ACCU) នៃ​សាខាគយ​និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ ដោយបាន​ស្វែងយល់​អំពី​ដំណើរ​ការបង្កើត និង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់ ACCU ដែលមាន​ដូចជា​ការវិភាគ​ហានិភ័យ​ទំនិញ ការជ្រើសរើស​ទំនិញ​សម្រាប់​ត្រួតពិនិត្យ​រូបវន្ត និង​បាន​ចុះទៅពិនិត្យ​ឃ្លាំងទំនិញ និង​ឧបករណ៍​បំពាក់​សម្រាប់​មន្ត្រី ACCU ប្រើប្រាស់​ប្រចាំថ្ងៃ ព្រមទាំង​បាន​សិក្សា​លើ​ការងារ​វិភាគ​ហានិភ័យ​ចំពោះ​និវេទនប័ណ្ណ ​អញ្ញ​ត្ត​ប័ណ្ណ កំណត់ត្រា​ផ្សេងៗ និង​របាយការណ៍​ទំនិញ​ហានិភ័យ​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​ត្រួតពិនិត្យ​។

​ក្នុងឱកាស​នោះ លោក Saymanolinh SINBANDHIT ប្រធាន​គណៈប្រតិភូ​គយ​ប្រទេស​ឡាវ បាន​ថ្លែងថា ជាការ​គួរឱ្យ​កោតសរសើរ​ណាស់ ដែល​រដ្ឋបាល​គយ​កម្ពុ​ជា អាច​រៀបចំ​បង្កើត និង​អនុវត្ត​កម្មវិធី CCP ទទួលបាន​លទ្ធផល​ប្រកបដោយ​ជោគជ័យ​នាពេល​កន្លងមក​។

​លោក​បន្តថា​៖«​ប្រទេស​ទាំងពីរ កម្ពុជា និង​ឡាវ ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​រដ្ឋបាល​គយ​ទាំងពីរ ដែល​បាន​អាក់ខាន​ចាប់តាំងពី​មានការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ Covid-19»​។

​ជាមួយគ្នា​នោះដែរ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បន្ត​ជួបពិភាក្សា​ជាមួយ​លោក Micheal Cymbalista និង​លោក Joel Carruthers ដោយឡែក អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​រដ្ឋបាល​គ​យ​ប្រទេស​អូស្ត្រាលី ជាមួយ អគរ និង​ការសហការ​ទទួល​រៀបចំ​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​ថ្នាក់​តំបន់ ក្រោម​គម្រោង​ជំនួយ​របស់​រដ្ឋបាល​គ​យ​អូស្ត្រាលី នាពេលខាងមុខ​៕