ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅ​កម្ពុជា គ្រាប់​ស្វាយចន្ទី​ដែល​ពេញ​និយម​ដាំដុះ​ច្រើន​ជាងគេ គឺ​ពូជ M23 ដែលមាន​ទំហំ​គ្រាប់ធំ និង​មាន​រសជាតិ​ឆ្ងាញ់ ដោយ​ជា​មធ្យម​ក្នុង​មួយ​ហិកតា ស្វាយចន្ទី​អាច​ផ្ដល់​ទិន្នផល​ចំនួន ១,៤៩ តោន។ ជាមួយគ្នា​នេះ​ដែរ ស្វាយចន្ទី គឺជា​កសិផល​ដែល​បាន​ផ្តល់​តម្លៃ​បន្ថែម​ខ្ពស់​រួម​ជាមួយ​ទស្សន​វិស័យ រយៈ​ពេលវែង ពោល​គឺ​ប្រាក់​ចំណូល​ពី​តម្រូវការ​សម្រាប់ទំនិញ​ប្រណីត​ប្រភេទ​នេះ​មាន​ការ​កើន​ឡើង។

តើ​ហេតុអ្វី បាន​នៅ​កម្ពុជា កសិករ​និយម​ចូលចិត្ត​ដាំដុះ​ស្វាយចន្ទី ពូជ M23នេះ?

លោក អួន ស៊ីឡុត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​កម្ពុជា មាន​ពូជស្វាយ​ចន្ទី​ចំនួន ៧​ប្រភេទ ដែល​ត្រូវ​បាន​ដាំដុះ រួមមាន M1 ឬ SM1, M23, IM4, M10, H09, M7 និង SAN1។ ហើយ​ក្នុង​ចំណោម​ពូជ​ទាំង ៧​នេះ M23 មាន​ការ​ដាំដុះ​ច្រើន​ជាងគេ ដែល​មាន​ប្រមាណ​ជាង ៦០​ភាគរយ ក្នុង​ចំណោម​ផ្ទៃដី​ដាំដុះ​សរុប​ទូទាំង​ប្រទេស។ ក្រៅពីនេះ ក៏​មាន​នាំចូល​មក​ពី​វៀតណាម​ខ្លះដែរ គឺពូជ PN1, MH4, MH5។

ចំពោះ​មូលហេតុ ដែល​ពូជ M23 មាន​ប្រជាប្រិយភាព​ជាងគេ ក្នុង​ចំណោម​ពូជ​ទាំងអស់​នោះ បើ​ទោះ​បី​ជា​វា​ពិបាក​ក្នុង​ការ​ថែទាំ​ក៏ដោយនោះ ត្រូវ​បាន​លោក ស៊ីឡុត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ៖ «ពូជM23 ជា​ពូជ​ពិបាក​ថែទាំ ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ម្ចាស់​ចម្ការ​មិន​អាច​លែង​ចោល​ដូច​ពូជ​ស្រាល​ដទៃទៀតទេ។ ក្នុង​ចំណោម​ពូជ​ទាំង ៧ នេះ មាន​ពូជស្រាល និង​ពូជធ្ងន់ ដោយ​ពូជស្រាល គឺជា​ពូជ​ដែល​ចេញ​ផ្កាលឿន ដូចនេះ ពូជ 23នេះ អាច​ជា​ពូជ​ស្រាល​ផង និង​ធ្ងន់ផង ដោយ​អាច​ប្រមូល​បាន​ច្រើនដង ខុស​ពី​ពូជ​ផ្សេងៗ​ទៀត»។

លោក​បាន​បន្ត​ទៀត​ថា ពូជ M23 នេះ មាន​លក្ខណៈ​ធន់​នឹង​អាកាសធាតុ​ជាង​ពូជ​ដទៃ​ទៀត ដោយ​ទិន្នផល M23 ខ្ពស់​ជាង​ពូជ​ដទៃ ៣០​ភាគរយ ទិន្នផល​ជា​មធ្យម ២​តោន​ក្នុង​ ១ហិកតា បើ​ថែ​ដិត​ដល់ ទើប​ធ្វើ​ឱ្យ​កសិករ​និយម​ចូលចិត្ត​ដាំ​ពូជ​នេះ ជាង​ពូជ​ផ្សេងៗ​ទៀត។

លោក​បាន​បន្ថែម​ថា រាល់​អក្សរ​អង់គ្លេស​ដែល​បាន​ដាក់​ឈ្មោះ​នេះ សុទ្ធតែ​ជា​ឈ្មោះ​របស់​ម្ចាស់​ចម្ការ​របស់​មនុស្ស ៣នាក់ ដោយ​អក្សរ​ M ជា​ឈ្មោះ​របស់​លោក មុន្នី ដែល​ត្រូវ​បាន​លោក វ៉ា រដ្ឋសាន ម្ចាស់​ចំការ​ស្វាយចន្ទី ភូមិស្គន់ ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រកឃើញ​នៅ​ក្នុង​ចម្ការ​របស់​លោក​ មុន្នី នៅ​ថ្ងៃទី ២៣។

លោក​បាន​បញ្ជាក់​ថា៖«ពូជ M23 ត្រូវ​បាន​លោក វ៉ា រដ្ឋសាន រកឃើញ​នៅ​ក្នុង​ចម្ការ​របស់​លោក មុន្នី នៅ​ថ្ងៃទី ២៣ ដូច្នេះ​ដើម្បី​ផ្តល់កិត្តិយស​ដល់​គាត់ ដែល​ខំ​ថែរក្សា​ពូជហ្នឹង លោក​ រដ្ឋសាន បាន​ដាក់​ឈ្មោះ​ពូជ​នេះ​ថា Mony23 ឬ​តាង​ដោយ​អញ្ញត្តិ M23ដូច្នេះទៅ»។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ពូជ M23 ជា​ពូជ​មួយ​ដែល​ល្អ​ជាងគេ ក្នុង​ចំណោម​ពូជ​ទាំង ៧​នេះ ដែល​អ្នក​ជំនាញ​បាន​សម្រាំ​ងមក ដែល​មិន​មែន​ជា​ពូជ​ផលិត​មក​តាម​រយៈការ​បង្កាត់​តាម​ហ្សែន​នោះទេ។

បើតាម​ក្រសួង កសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ គឺ​ផលិតផល​គ្រាប់​ស្វាយចន្ទី​ឆៅ ក្នុង​ពិភពលោក មាន​ការ​កើនឡើង ១២ ដង ក្នុងរយៈពេល ៥០ ឆ្នាំ ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់​ពី​តិច​ជាង ៣០០ ០០០ តោន ក្នុងឆ្នាំ ១៩៦១ ដល់ ៣,៧ លាន តោន ក្នុងឆ្នាំ ២០០៨។ ការដាំដុះ មាន​ការ​កើនឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​ផលិតផល​ស្ទើរតែ​កើនឡើង​ទ្វេ​ដង​ពី​ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារ​ការ​កើនឡើង ២៧ ភាគរយ នូវ​ផ្ទៃ​ដីដាំ​ដុះ​ក្នុង​ពិភពលោក ហើយ​ទិន្នផល​ជា​មធ្យម​ក្នុង​ពិភពលោក​កើន​ឡើង​ជាង ៥០ ភាគរយ។

នៅ​ក្នុង​ឆ្នាំ ២០២២ កម្ពុជា​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ទៅ​ទីផ្សារ​អន្តជាតិ ៦៧​ម៉ឺនតោន គិតជា​ទឹកប្រាក់ ១​ពាន់ ៧៧ លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ប្រទេស​ដែល​នាំចូល​គ្រាប់​ស្វាយ​ចន្ទី​ពី​កម្ពុជា មាន​ជា​អាទិ៍ ប្រទេស វៀតណាម ជប៉ុន និង ចិន ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​កំពុង​តែ​សម្លឹង​មើល​ឱកាស​ក្នុង​ការ​នាំចូល​គ្រាប់​ស្វាយចន្ទី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ខ្លួនដែរ៕