កំពតៈក្រសួងរ៉ែ និងថាមពល គ្រោងនឹងផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនក្នុងស្រុកមួយក្នុងការរុករកធនធានរ៉ែនៅខេត្តកំពត ក្រោយពីបានបញ្ចប់ការសិក្សាវាយតម្លៃសមត្ថភាព បច្ចេកទេស និងធនធានរបស់ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំរុករកធនធានរ៉ែបម្រើឱ្យការផលិតស៊ីម៉ងត៍នៅខេត្តកំពត។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រោយពីការសិក្សារួចឃើញថា ក្រុមហ៊ុនក្នុងស្រុក ឈ្មោះ WHResourcesមានសមត្ថភាព បច្ចេកទេស និងធនធានគ្រប់គ្រាន់ ដើម្បីធ្វើការលើកិច្ចការនេះ ហើយក្រសួងរ៉ែ និងថាមពល នឹងចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបានឱ្យដឹងទៀតថា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកតំបន់សម្បទានរុករករ៉ែមួយកន្លែងទំហំ១៥៥ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារ៨ និងភ្នំជ្រោះកណ្តាល នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត ហើយការផ្តល់អាជ្ញាប័ណ្ណរុករករ៉ែនេះ មិនមែនមានន័យថា ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណនោះ នឹងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ នៅដីលើសម្បទាន១៥០ហិកតានៅខេត្តកំពតនោះទេ ពោលគឺក្រុមហ៊ុនអាចនឹងបោះបង់ការផលិតប្រសិនបើការរុករកចេញលទ្ធផលមកមិនមានសក្តានុពលគ្រប់គ្រាន់។
លោកអ៊ឹង ឌីប៉ូឡា បានគូសបញ្ជាក់ថា៖«ក្រសួងរ៉ែ និងថាមពលនឹងផ្តល់អាជ្ញាប័ណ្ណរុករកធនធានរ៉ែបម្រើឱ្យការផលិតស៊ីម៉ងត៍នៅខេត្តកំពត ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈពេលវេលានៃការរុករកមិនទាន់ត្រូវបានបញ្ជាក់លម្អិតនៅឡើយទេ»។
លោកបានបន្តថា តាមរយៈលទ្ធផលនៃការសិក្សាវាយតម្លៃកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណៈកម្មការជំនាញនៃក្រសួងរ៉ែ និងថាមពលបានវាយតម្លៃថា ក្រុមហ៊ុនក្នុងស្រុកមួយនេះ មានសក្តានុពលគ្រប់គ្រាន់ទាំងបច្ចេកទេស និងធនធានក្នុងការធ្វើកិច្ចការមួយនេះ។
ក្រោយក្រសួងពីរ៉ែ និងថាមពលប្រកាសបើកតំបន់សម្បទានរុករករ៉ែមួយកន្លែងនៅខេត្តកំពតមានក្រុមហ៊ុនចំនួន៥ បានមកទទួលពាក្យស្នើសុំ តែមានតែក្រុមហ៊ុន១ ប៉ុណ្ណោះ ដែលបានដាក់ពាក្យស្នើសុំរុករករ៉ែជាផ្លូវការមកក្រសួង។ ចំណែកក្រុមហ៊ុន៤ផ្សេងទៀតមិនបានដាក់ពាក្យមកទេ។
លោក សេង ប៊ុនវីរៈ ប្រធានសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានថ្លែងថា លោកមានលើកទឹកចិត្តនិងគាំទ្រយ៉ាងខ្លាំង ក្នុងការបង្កើតរោងចក្រផលិតស៊ីម៉ងត៍ក្នុងប្រទេសឱ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស ប៉ុន្តែត្រូវធានាឱ្យបានថា ក្រុមហ៊ុនដែលរុករករ៉ែមកផលិតស៊ីម៉ង់ត៍ មានការសិក្សាឱ្យបានច្បាស់លាស់ ដែលនឹងមិនធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ។
លោកបានបញ្ជាក់ថា៖«កន្លងទៅយើងសង្កេតឃើញគុណភាពស៊ីម៉ងត៍ ដែលផលិតនៅក្នុងស្រុកមិនចាញ់ផលិតផលនាំចូលទេ ខណៈដែលតម្លៃវិញក៏ធូរថ្លៃជាងដែរ។ អ្នកសាងសង់ យើងចង់យកវត្ថុធាតុដើមសាងសង់ដែលមានគុណភាព ហើយតម្លៃអាចទទួលយកបាន ដែលនឹងជំរុញការសាងសង់អគារទំនើបៗនៅកម្ពុជាប្រកបដោយគុណភាព»។
បើតាមលោក ប៊ុនវីរៈ បច្ចុប្បន្នតម្លៃសម្ភារសំណង់ ដែលបាននាំចូលមកនៅមានតម្លៃថ្លៃដូចមុន ប៉ុន្តែមិនបានបន្តឡើងថ្លៃទៀតទេ ដោយសារតែតម្លៃប្រេងឥន្ធនៈបានថយចុះបន្តិចមកវិញ។
បើតាមក្រសួងរ៉ែ និងថាមពល ការបើកតំបន់សម្បទានរុករករ៉ែនេះ ធ្វើឡើងក្រោយពីក្រសួងមើលឃើញពីតម្រូវការប្រើប្រាស់ស៊ីម៉ងត៍នៅក្នុងស្រុកចេះតែមានការកើនឡើងពី ១ឆ្នាំទៅ១ឆ្នាំ គួបផ្សំបច្ចុប្បន្នការផលិតស៊ីម៉ងត៍ក្នុងស្រុកនៅមិនទាន់អាចឆ្លើយតបនឹងតម្រូវការបាន។ កត្តានេះបានជំរុញឱ្យកម្ពុជាត្រូវនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។
បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បានជាង៩លានតោនក្នុង១ឆ្នាំ ខណៈកម្ពុជាមានតម្រូវការស៊ីម៉ងត៍សម្រាប់ប្រើប្រាស់ប្រមាណ១៤លានតោនក្នុង១ឆ្នាំ៕