ភ្នំពេញៈ ក្រុមហ៊ុន អេមរុ រ៉ាយ (Amru Rice) បានដាក់ផែនការពង្រីកចង្វាក់ផលិតកម្មស្រូវអង្កររបស់ខ្លួនទៅខេត្តនៅភាគឦសានដើម្បីជួយដល់កសិករឱ្យមានទីផ្សារកាន់តែល្អប្រសើរ តាមរយៈសាងសង់រោងម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនសម្ងួត។ នេះបើយោងតាមលោក សុង សារ៉ន អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន អេមរុ រ៉ាយ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែមករា លោក សារ៉ន បានឱ្យដឹងថា បន្ទាប់ពីទទួលជោគជ័យក្នុងការពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ ពី ១០ ទៅដល់ ១៦ ខេត្ត បច្ចុប្បន្នក្រុមហ៊ុន អេមរុ រ៉ាយ កំពុងមានផែនការពង្រីកវិសាលភាពការវិនិយោគរបស់ខ្លួនទៅបណ្តាខេត្តនៅភាគឦសានដើម្បីជួយដល់កសិករនៅតំបន់នោះឱ្យទទួលបានទីផ្សារ (តម្លៃស្រូវ-អង្ករ) ល្អប្រសើរ។
លោកបន្តថា ដោយសារផលិតផលរបស់ក្រុមហ៊ុនតែងផ្តោតលើសុវត្ថិភាព និរន្តរភាព និងភាពធន់ការប្រែប្រួលអាកាសធាតុ ដូច្នេះក្រុមហ៊ុនតែងធ្វើការជាមួយកសិករតាមរយៈកិច្ចសន្យាកសិកម្ម ដែលជាយន្តការបង្កើននិរន្តរភាពនិងបរិយាប័ន្ន សម្រាប់កសិករខ្នាតតូច តាមរយៈការអនុវត្តកសិកម្មឈរលើគោលការណ៍ការពារបរិស្ថាន និងភាពធន់នៃអាកាសធាតុ។
លោកប្រាប់ថា៖ «យើងមានគម្រោងបង្កើតរោងម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនសម្ងួតនៅខេត្តមណ្ឌលគិរី ដើម្បីជំរុញតម្លៃស្រូវរបស់កសិករនៅខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង»។
លោកបានលើកឡើងថា កិច្ចសន្យាកសិកម្មមិនត្រឹមតែធានាបាននិរន្តរភាពទីផ្សារ និងប្រាក់ចំណូលដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួនាទីសំខាន់ក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីបង្កើនជំនាញ និងចំណេះដឹងនៃផលិតកម្មស្រូវសរីរាង្គដែលទាក់ទងនឹងស្តង់ដាសរីរាង្គ ប្រព័ន្ធសវនកម្មផ្ទៃក្នុង និងបច្ចេកទេស ការធ្វើផែនការ ការធ្វើទីផ្សារ សហគ្រិនភាព ផែនការអាជីវកម្ម កំណត់ត្រាហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការគ្រប់គ្រង ជាពិសេស គឺស្តង់ដានៃការអនុវត្តកសិកម្មទាក់ទងនឹងការការពារបរិស្ថាន ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងបង្កើនភាពធន់។
លោកបន្ថែមថា រយៈពេលជិត ១ ទសវត្សរ៍នៃការអនុវត្តគំរូអាជីវកម្មផ្តោតចម្បងលើកិច្ចសន្យាកសិកម្មរវាង អេមរុ រ៉ាយ ជាមួយសហគមន៍កសិកម្មដែលមានមូលដ្ឋាននៅតាមបណ្តាខេត្តមានសក្តានុពលលើការផលិតស្រូវសរីរាង្គ កសិករខ្នាតតូចប្រមាណជាង ៣ ម៉ឺនគ្រួសារបានទទួលជីវភាពល្អប្រសើរ ប្រកបដោយនិរន្តរភាពតាមរយៈការធានាទីផ្សារ និងស្ថិរភាពប្រាក់ចំណូលតាមរយៈផលិតកម្មស្រូវសរីរាង្គសមស្របតាមគោលដៅរបស់ អេមរុ រ៉ាយ។
លោកបន្តថា Amru Rice តែងខិតខំបង្កើនសមត្ថភាពនាំចេញអង្ករ និងធានាគុណភាពខ្ពស់ សុវត្ថិភាព និងអនុលោមតាមប្រព័ន្ធអភិបាលកិច្ចផ្ទៃក្នុង និងចូលរួមចំណែកដល់យុទ្ធសាស្ត្ររយៈពេលយូរអង្វែងនៃអព្យាក្រឹតភាពកាបូន ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រគំរូកសិកម្មបែបថ្មីរបស់ អេមរុ រ៉ាយ ជាមួយនឹងកសិករ ដែលរំពឹងថានឹងបង្កើននូវគុណភាពដី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅក្នុងប្រទេសកម្ពុជា។
យោងតាមលោក សារ៉ន ក្នុងឆ្នាំ ២០២២ គម្រោងកិច្ចសន្យាកសិកម្មលើស្រូវសរីរាង្គដែលអនុវត្តដោយផ្ទាល់ដោយក្រុមហ៊ុន អេមរុ រ៉ាយ ត្រូវបានពង្រីកដល់ខេត្តគោលដៅជាច្រើននៅកម្ពុជា ជាពិសេសគឺខេត្តព្រះវិហារ ដោយចាប់ដៃគូជាមួយសហគមន៍កសិកម្មចំនួន ២១ លើការដាំដុះដំណាំស្រូវសរីរាង្គពីគ្រួសារកសិករដែលជាសមាជិក ៣ ៥០០ គ្រួសារមានវិសាលភាពផលិតលើផ្ទៃដី ១១ ៤០០ ហិកតា។ សម្រាប់តំបន់ខ្ពង់រាប ពិសេសក្នុងខេត្តមណ្ឌលគិរី អេមរុ រ៉ាយ បានចាប់ដៃគូជាមួយសហគមន៍កសិកម្មចំនួន ៥ ដែលស្មើនឹង ៣ ៥០០ គ្រួសារ។
សម្រាប់ខេត្តភាគនិរតី ក្រុមហ៊ុនក៏បានពង្រីកការអនុវត្តកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម ១៣ ស្មើ ១ ៣០០ គ្រួសារនៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ និងកំពត តាមរយៈសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អេមរុ រ៉ាយ។ បន្ថែមពីគម្រោងស្រូវសរីរាង្គដែល អេមរុ រ៉ាយ បានអនុវត្តដោយផ្ទាល់ ក្រុមហ៊ុនក៏បានសហការជាមួយ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ លើកិច្ចសន្យាកសិកម្មស្រូវសរីរាង្គ ដើម្បីបន្ថែមបរិមាណការផលិតស្រូវសរីរាង្គប្រកបដោយគុណភាពសម្រាប់នាំចេញ។
ទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប ៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានសរុបចំនួន ១ ២៥៥ លានដុល្លារ៕