ភ្នំពេញៈ ជាមួយនឹងការរីកចម្រើនដ៏ឆាប់រហ័សនៃការទូទាត់តាមឌីជីថលនារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសចាប់តាំងពីការរីករាលដាលជំងឺកូវីដ ១៩ ចំនួនគណនី E-wallet នៅកម្ពុជា បានកើនឡើងដល់ជិត ១៨ លាននៅចុងខែធ្នូ ឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍបន្តិចម្តងៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ឆ្ពោះទៅសម្រេចបានតាមគោលដៅរបស់រាជរដ្ឋាភិបាលនៃការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
បើយោងតាមរបាយការណ៍អភិវឌ្ឍន៍វិស័យម៉ាក្រូសេដ្ឋកិច្ច និងធនាគាររបស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងឆ្នាំ ២០២២ និងចក្ខុវិស័យក្នុងឆ្នាំ ២០២៣ ប្រព័ន្ធទូទាត់ត្រូវបានបន្តធ្វើទំនើបកម្មដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ និងផ្ទេរប្រាក់ទាំងក្នុងស្រុក-អន្តរជាតិ ដោយបច្ចុប្បន្នគណនីអ៊ីវ៉ាឡេត (E-wallet)បានកើនដល់ ១៧,៩ លានគណនី។
NBC បានឱ្យដឹងថា៖ «ការតភ្ជាប់ក្នុងតំបន់ត្រូវបានពង្រីកជាលំដាប់ជាមួយប្រទេសក្នុងតំបន់ដែលសម្រួលដល់អន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍»។
លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ២២ ខែមករាថា ការរីកចម្រើនដ៏ឆាប់រហ័សនៃការទូទាត់តាមប្រព័ន្ធឌីជីថលនៅប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរបន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលកូវីដ ១៩ ដែលបានជួយសម្រួលដល់ប្រជាជនលើការទូទាត់ទំនិញ និងសេវាកម្ម។
លោកថ្លែងថា៖ «ការរីកចម្រើនដ៏ឆាប់រហ័សនៃការទូទាត់តាមឌីជីថលបញ្ជាក់ថា ប្រជាជនយើងកាន់តែទទួលបានការយល់ដឹង និងទម្លាប់ប្រើប្រាស់ Fintech ជាមធ្យោបាយនៃការទូទាត់របស់ពួកគេក្នុងជីវិតប្រចាំថ្ងៃ។ នេះក៏រួមចំណែកដល់ការអភិវឌ្ឍចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា»។
លោកបានបន្ថែមថា បច្ចុប្បន្ន ធនាគាររបស់លោកមានគណនី E-Wallet ជាង ២០០ ០០០ ដែលបានកើនឡើងយ៉ាងខ្លាំងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានឱ្យដឹងកាលពីខែមិថុនា ឆ្នាំ ២០២២ ថា ប្រព័ន្ធទូទាត់ឌីជីថលដែលរីកចម្រើនឆាប់រហ័សបានជួយសម្រួលដល់លំហូរនៃប្រតិបត្តិការទំនិញ និងសេវាកម្ម។ ការធ្វើឱ្យមានការផ្លាស់ប្តូរនេះគឺបង្ហាញច្បាស់នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ការរីករាលដាលកូវីដ ១៩ កាលពីឆ្នាំ ២០២១។
លោកស្រីក៏ចង្អុលបង្ហាញថា ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក រួមទាំងចំនួនប្រាក់ដុល្លារ និងរូបិយប័ណ្ណក្នុងស្រុក គឺស្មើនឹងប្រហែល ៣,៨ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ ២០២១ ដែលបង្ហាញពីការប៉ាន់ប្រមាណ GDP ប្រហែល ១១០ ពាន់ពាន់លានរៀលសម្រាប់ឆ្នាំ ២០២០។
យោងតាម NBC ប្រតិបត្តិការទូទាត់តាមអេឡិចត្រូនិក មានតម្លៃ ៤១៥,៥ ពាន់ពាន់លានរៀល (១០២ ពាន់លានដុល្លារ) ត្រូវបានធ្វើឡើងទូទាំងប្រទេសក្នុងឆ្នាំ ២០២១ កើន ៣៤,៥ ភាគរយ ក្នុងឆ្នាំ ២០២០ ខណៈដែលចំនួនគណនីe-wallet បានកើនដល់ ១៣,៦លាន-នាក់ ដែលស្មើនឹងជាង៨០ភាគរយនៃចំនួនប្រជាជនសរុប។ ប្រតិបត្តិការចំនួន ៣៤៣,៨ លានដែលមានតម្លៃជិត ២០០ ពាន់ពាន់លានរៀល ត្រូវបានធ្វើឡើងតាមរយៈគណនី e-wallet ចុងក្រោយក្នុងឆ្នាំ ២០២១ ដែលតំណាងឱ្យការកើនឡើងតម្លៃ ១៧,៣ ភាគរយក្នុងឆ្នាំ ២០២០។
ដោយឡែកសម្រាប់ប្រតិបត្តិការឌីជីថលរបស់អេស៊ីលីដា ក្នុងឆ្នាំ ២០២១ គឺមានចំនួន ១៤៣,៦២៣ ពាន់ពាន់លានរៀល (៣៥,០៣០ ពាន់លានដុល្លារ) ដែលស្មើនឹងចំណែកទីផ្សារ ៣៤ ភាគរយ ហើយកម្មវិធី ACLEDA Mobile មានអ្នកទាញយកប្រើប្រាស់ជាង ២,៥ លាននាក់គិតត្រឹមខែឧសភាឆ្នាំ ២០២២៕