ភ្នំពេញៈ កម្ពុជារកប្រាក់បានជិត ២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ពីការនាំចេញផលិតផលម៉ាស៊ីន ឧបករណ៍អគ្គិសនី និងឧបករណ៍អេឡិចត្រូនិកមួយចំនួនទៀត កើនជិត ៨៥ ភាគរយបើធៀបនឹងឆ្នាំ ២០២១។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចេញ បានបង្ហាញថា ក្នុងឆ្នាំ ២០២២ កម្ពុជានាំចេញជំពូកទំនិញស្ថិតក្នុងលេខកូដ ២ ខ្ទង់ (HS ២ខ្ទង់) ៨៥ មានដូចជា ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, ឧបករណ៍ថត និងផលិតសំឡេងឡើងវិញ ឧបករណ៍ថត និងផលិតទូរទស្សន៍ឡើងវិញ និងបំណែកភាគ ព្រមទាំងគ្រឿងបន្ទាប់បន្សំរបស់ឧបករណ៍ទាំងនេះ គឺមានទឹកប្រាក់សរុប ១ ៩៩៨,១៩៦ លានដុល្លារ កើន ៨៤,៨ ភាគរយបើធៀបទៅនឹងឆ្នាំ ២០២១ ដែលមានចំនួន ១ ០៨១,០៩៩ លានដុល្លារ។
ការនាំចេញក្នុងឆ្នាំ ២០២១ គឺទៅកាន់អាមេរិកចំនួន ៥៤៨,០៣ លានដុល្លារ, ថៃ ១៥៦,៤៦ លានដុល្លារ និងជប៉ុន ១២៨,៤៥ លានដុល្លារ និងប្រទេសមួយចំនួនទៀត។ សម្រាប់ចំនួនទឹកប្រាក់នាំចេញឧបករណ៍ខាងលើធៀបនឹងទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២២ ដែលមាន ២២ ៤៨២,៩៣៧ លានដុល្លារ ស្មើនឹង ៨,៩ ភាគរយ។
ដោយឡែកខែធ្នូ ឆ្នាំ ២០២២ ការនាំចេញឧបករណ៍ខាងលើ មាន ២៩៨,៤៦៥ លានដុល្លារ កើន ១២៨,៧ភាគរយធៀបខែធ្នូ ឆ្នាំ ២០២១ ដែលមានចំនួន ១៣០,៥១១ លានដុល្លារ។ ទោះយ៉ាងណាតារាងស្ថិតិខាងលើមិនបង្ហាញឱ្យដឹងពីប្រទេសជាគោលដៅនាំចេញនោះទេ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែមករា ថា ទោះការនាំចេញក្នុងវិស័យមួយចំនួនធ្លាក់ចុះក្នុងឆ្នាំ ២០២២ ប៉ុន្តែសម្រាប់ការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី អេឡិចត្រូនិក និងគ្រឿងបន្ទាប់បន្សំមួយចំនួន គឺកើនឡើងរហូតជិតទ្វេដង។
លោកបន្តថា មូលហេតុដែលជំរុញឱ្យការនាំចេញឧបករណ៍ទាំងអស់ខាងលើកើនឡើង គឺពាក់ព័ន្ធបញ្ហាមួយចំនួនដូចជា ជម្លោះពាណិជ្ជកម្ម និងការជាប់គាំងនៃចង្វាក់ផលិតកម្មនៅប្រទេសមួយចំនួនដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ, សង្គ្រាមឈ្លានពាននៅប្រទេសអ៊ុយក្រែន ព្រមទាំងបញ្ហាស្មុគស្មាញមួយចំនួនទៀត ដែលជំរុញឱ្យអ្នកវិនិយោគមួយចំនួនបង្វែរការបញ្ជាទិញមកកម្ពុជា។ ក្រៅពីនេះកម្ពុជាក៏ទទួលបានឱកាសទីផ្សារពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ព្រមទាំងភាពអនុគ្រោះពន្ធនាំចូលទៅទីផ្សារធំៗមួយចំនួនដូចជា អាមេរិក និងអឺរ៉ុប ជាដើម។
លោកថ្លែងថា៖ «ការនាំចេញឧបករណ៍ទាំងនេះនឹងបន្តកើនឡើងទៀត ព្រោះនិន្នាការនៃការប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍អគ្គិសនីអេឡិចត្រូនិក ព្រមទាំងកំណើននៃការចូលមកវិនិយោគទាក់ទងនឹងការផលិតឧបករណ៍ទាំងអស់ខាងលើនៅកម្ពុជាក៏កំពុងកើនឡើងដែរ»។
បន្ថែមលើនេះអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងថា អ្វីដែលគួរឱ្យកត់សម្គាល់នៅពេលនេះ គឺការធ្វើពិពិធកម្មទំនិញនាំចេញរបស់កម្ពុជា ដែលមានលក្ខណៈកាន់តែចម្រុះ និងទំហំទឹកប្រាក់កាន់តែកើនឡើង ខុសពីមុនដែលស្ទើរទាំងស្រុងជាផលិតផលក្នុងវិស័យវាយនភណ្ឌ។
នៅពេលការផលិត និងនាំចេញមានមុខទំនិញកាន់តែច្រើន វានឹងធ្វើឱ្យសសរគ្រឹះសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ និងអាចជួយធ្វើឱ្យចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសរីកចម្រើនកាន់តែងាយសម្រេចបាន។ លោកថា ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ ស្ថិរភាពនយោបាយ ការធ្វើបច្ចុប្បន្នភាពច្បាប់វិនិយោគ និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសដៃគូទាំងអស់ នឹងធ្វើឱ្យការនាំចេញទំនិញរបស់កម្ពុជាកើនឡើង។
លោកអះអាងថា៖ «ដោយសារកម្ពុជាមានទីផ្សារទទួលទិញកាន់តែច្រើន ហើយចំនួនរោងចក្រ/សហគ្រាសផលិតឧបករណ៍ទាំងនេះមានកាន់តែច្រើន ដូច្នេះការនាំចេញប្រាកដជាបន្តកើនឡើង»។
រដ្ឋាភិបាលអាមេរិក កាលពីដើមខែមិថុនា ឆ្នាំ ២០២២ បានប្រកាសលើកលែងពន្ធគយការនាំចូលបន្ទះសូឡារយៈពេល ២ ឆ្នាំពីប្រទេសក្នុងតំបន់អាស៊ាន រួមមាន កម្ពុជា, ថៃ, ម៉ាឡេស៊ី, និងវៀតណាម៕