ភ្នំពេញៈ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួនជិត ១៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលអាចអនុញ្ញាតឱ្យធ្វើការនាំចូលទំនិញ និងសេវាកម្មសំខាន់ៗសម្រាប់រយៈពេល ៧ ខែ ក្នុងករណីប្រទេសប្រឈមនឹងវិបត្តិ ឬគ្រាអាសន្នណាមួយ ខណៈសេដ្ឋវិទូ និងអ្នកជំនាញ បានឱ្យដឹងថា ការរក្សាទុនបម្រុងអន្តរជាតិនេះ គឺបង្ហាញអំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងការកើនឡើងជីវភាព និងប្រាក់ចំណូលរបស់ប្រជាជន។
យោងតាមទិន្នន័យធនាគារជាតិនៃកម្ពុជា ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ថយមកនៅ ១៧,៨ ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំ ២០២២ ធ្លាក់ចុះពី ២០,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដោយសារការប្រែប្រួលទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការឡើងថ្លៃនៃប្រាក់ដុល្លារ និងការវិនិយោគជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងតំបន់អឺរ៉ុបលើសញ្ញាបណ្ណបៃតង បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី២៣ ខែមករា ថា លោកបានសង្កេតឃើញទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើងទ្វេដងបើធៀបនឹងរយៈពេល ១០ ឆ្នាំមុន ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានការកើនឡើង ខណៈប្រាក់ចំណូល និងប្រាក់សន្សំរបស់ប្រជាជនកម្ពុជាក៏កំពុងកើនឡើងដែរ។
លោកថ្លែងថា៖ «ទុនបម្រុងអន្តរជាតិ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេស ដោយសារវាបង្ហាញឱ្យឃើញថា យើងមានស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ដែលវាអាចជួយសង្គ្រោះប្រទេសនៅពេលមានវិបត្តិណាមួយ។ ការណ៍នេះមានន័យថា នៅពេលដែលមានវិបត្តិណាមួយ យើងអាចប្រើប្រាស់ទុនបម្រុងនេះ ដើម្បីនាំចូលទំនិញមកផ្គត់ផ្គង់ក្នុងប្រទេសរយៈពេល ៧ ខែបាន ហើយរដ្ឋាភិបាលក៏មានពេលសម្រាប់ដោះស្រាយស្ថានភាពលំបាក ឬវិបត្តិផងដែរ»។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cambodian Investment Management Co Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែមករាថា ប្រទេសកម្ពុជាបានរក្សាកម្រិតទុនបម្រុងអន្តរជាតិខ្ពស់ជាងអ្វីដែលកំណត់ជាទូទៅសម្រាប់ប្រ-ទេសកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ។
លោកលើកឡើងថា៖ «នេះជាការប្រុងប្រយ័ត្នជាពិសេសដោយសារតែការកើនឡើងនៃការខ្ចីប្រាក់ដោយប្រទេសកម្ពុជា។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិជួយកាត់បន្ថយហានិភ័យសាច់ប្រាក់ងាយស្រួល ទទួលបានបំណុលរយៈពេលខ្លី និងសម្របសម្រួលអត្រាការប្រាក់កាន់តែទាប។ អ្វីៗទាំងអស់នេះគឺផ្តល់ផលវិជ្ជមានដល់ការចេញសញ្ញាបណ្ណរដ្ឋនាពេលថ្មីៗនេះ»។
លោកបានពន្យល់ថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាទូទៅកំពុងរក្សាទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ពួកគេក្នុងទំហំដែលមិនធ្លាប់មានពីមុនមកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាផលវិបាកនៃការកើនឡើងតម្លៃថាមពល បញ្ហាចង្វាក់ផ្គត់ផ្គង់ និងជាការប្រុងប្រយ័ត្ន និងការការពារខ្លួនឯងប្រឆាំងនឹងវិបត្តិ។
លោកបានលើកឡើងពីព្រឹត្តិការណ៍ថ្មីៗនៅប្រទេសស្រីលង្កា ដែលមិនអាចសងបំណុលគេបាន កំពុងជួបប្រទះនឹងអតិផរណាដ៏ច្រើន ហើយការធ្លាក់ថ្លៃរូបិយប័ណ្ណ គឺជាមេរៀនដែលរៀនម្តងទៀតនៅក្នុងចំណោមអថេរផ្សេងៗនៃទុនបម្រុងបរទេសមិនគ្រប់គ្រាន់ដែលធ្លាក់ចុះប្រមាណ ៩៩ ភាគរយចាប់តាំងពីឆ្នាំ ២០១៩។
រូបិយប័ណ្ណបរទេស ឬទុនបម្រុងបរទេស ឬគេស្គាល់ជាទុនបម្រុងបរទេសរួមមានសាច់ប្រាក់ និងទ្រព្យសកម្មផ្សេងទៀតដូចជាមាស ដែលត្រូវបានតម្កល់ទុកដោយធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើតាម World Economic Forum៕