ភ្នំពេញៈ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី Helene BudligerArtieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វ៊ីស កាលពីសប្តាហ៍មុន នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វ៊ីស ដាច់ដោយឡែកពីវេទិកាសេដ្ឋកិច្ចពិភពលោកដើម្បីពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ដោយបានស្នើសុំពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងស្វ៊ីស ហើយក៏បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៣ ដែលនាំឱ្យមានទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២គឺមានការកើនឡើងជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងប្រទេសស្វ៊ីស មានចំនួនសរុបប្រមាណ ៣៧៩លានដុល្លារអាមេរិក រីឯនៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនប្រមាណជាង ៩៧៤លានដុល្លាអាមេរិក។ ហេតុដូច្នេះ បានស្នើសុំលោកស្រីHelene BudligerArtiedaពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំង២ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ»។
លោកប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វ៊ីសចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍន៍នានាក្នុងវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។
ចំពោះការស្នើនេះដែរ លោកស្រីHelene BudligerArtiedaបានឆ្លើយតបថា ប្រទេសស្វ៊ីសស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ ខណៈដែលរដ្ឋាភិបាលស្វ៊ីសបាននិងកំពុងគាំទ្រកម្ពុជាក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។
លោកស្រីបានបញ្ជាក់ថា៖«កម្ពុជា និងស្វ៊ីស នឹងប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា សម្រាប់សភាពាណិជ្ជកម្ម តែងតែគាំទ្រនូវការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងបណ្តាប្រទេសផ្សេងៗ ជាពិសេសជាមួយប្រទេសស្វ៊ីសនេះតែម្តង ដោយសភាពាណិជ្ជកម្មរង់ចាំផ្តល់ជាធាតុចូលបន្ថែមជានិច្ចនៅពេលដែលមានការពិភាក្សានានា ក្នុងការបង្កើតកិច្ចព្រមព្រៀងនេះ។
លោកបានថ្លែងថា៖«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់នេះហើយ ជាជំនួយដ៏សំខាន់ នៅពេលដែលយើងអស់ EBA ពីសហគមន៍អឺរ៉ុបនាខាងមុខ។ដូច្នេះយើងរំពឹងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះហើយ ដែលនឹងមកជំនួសប្រព័ន្ធអនុគ្រោះទាំងនោះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមការនាំចេញ នាំចូលផលិតផលផ្សេងៗ»។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ឱ្យដឹងដែរថា ស្វ៊ីសជាប្រទេស ដែលមានសក្តានុពលខ្លាំង ដែលត្រូវបានគេចាត់ទុកជាប្រទេសអ្នកមាននៅប្លុកអឺរ៉ុប និងមានអំណាចពាណិជ្ជកម្មខ្លាំងក្លាណាស់។ដូចនេះបើសិនជាកម្ពុជា មានកិច្ចព្រមព្រៀង ឬកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្ម ជាមួយប្រទេសនេះ គឺជាឱកាសល្អរបស់កម្ពុជា។
លោកបានបញ្ជាក់ថា៖«នៅពេលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយស្វ៊ីស ការនាំចេញផលិតផលមួយចំនួនដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ កង់ ផលិតផលកសិកម្មនានា ទៅកាន់តំបន់អឺរ៉ុប នឹងមានការកើនឡើង។ម្យ៉ាងវិញទៀត កិច្ចសហការកាន់តែជិតស្និទ្ធជាមួយស្វ៊ីស ប្រៀបដូចជាការបង្កើនកិច្ចសហការល្អជាមួយEU ផងដែរ ដែលធ្វើឱ្យអ្នកវិនិយោគពីបណ្តាប្រទេសដទៃទៀតចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសស្វ៊ីស ក៏ដូចជាEU ដែរ»។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងស្វ៊ីស សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១៤៤៥លានដុល្លារ កើនឡើង៤៨,៣ភាគរយ។នៅក្នុងនោះកម្ពុជានាំចូលពីស្វ៊ីស មានទំហំទឹកប្រាក់ជាង១៤៣៥លានដុល្លារ កើនឡើង៤៩ភាគរយ ខណៈដែលការនាំចេញទៅស្វ៊ីសវិញ មានតម្លៃទឹកប្រាក់ជិត១០លានដុល្លារ ថយចុះជាង១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕