ភ្នំពេញៈ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េខាងត្បូងសម្រេចបានក្នុងទំហំទឹកប្រាក់ ៧៧៨,៩ លានដុល្លារកើនឡើង ០,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុងនោះការនាំចេញពីកម្ពុជាមានទំហំទឹកប្រាក់ជាង២៣៣,៦លានដុល្លារ កើនឡើង២០ភាគរយ ខណៈការនាំចូលមកវិញមានទឹកប្រាក់ជាង៥៤៥,២លានដុល្លារ ថយចុះ៦ភាគរយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានចូលជាធរមានកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ដែលគិតមកទល់ពេលនេះ មានរយ:ពេលជិត ២ ខែហើយ។
លោកស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ បាននិងកំពុងបន្តជំរុញឱ្យមានការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ហើយកម្ពុជាខិតខំទាក់ទាញវិនិយោគិនកូរ៉េឱ្យមកវិនិយោគបន្ថែម សម្រាប់នាំទំនិញទៅកូរ៉េនិងនាំបន្តទៅប្រទេសទី៣។
លោកបានបន្តថា លើសពីនេះទៀត ភាគីទាំង២ នឹងបង្កើតគណៈកម្មាធិការចម្រុះក៏ដូចជា ក្រុមកាងារ ដើម្បីតាមដាននិងត្រួតពិនិត្យលើប្រតិបត្តិការ និងការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ចំពោះកម្ពុជា ទីផ្សារពិភពលោក ទីផ្សារតំបន់ និងទ្វេភាគី ក៏ដូចជាទីផ្សារ RCEP គឺមានសារៈសំខាន់ណាស់ ព្រោះនោះជាច្រកនាំចេញរបស់កម្ពុជា។
លោកបានបញ្ជាក់ថា៖«ជាមោទនភាពហើយដែលកម្ពុជាបានដើរលើផ្លូវត្រូវ ដោយបានចរចាបង្កើតបានទីផ្សារទាំងនោះ។ ការងារបន្ទាប់ គឺគ្មានអ្វីក្រៅពីការខិតខំប្រឹងប្រែងរបស់យើងលើវិស័យពាក់ព័ន្ធ ដើម្បីផលិត កែច្នៃ វេចខ្ចប់ និងពង្រឹងប្រព័ន្ធដឹកជញ្ជូន ។ល។ សម្រាប់នាំចេញទំនិញរបស់យើង ជាទូទៅយើងចង់បានតួលេខនាំចេញខ្ពស់ជាងតួលេខនាំចូល។ ប៉ុន្តែយើងត្រូវមើលមុខទំនិញនាំចេញ និងនាំចូលមកកម្ពុជាយើងផងដែរ។ ក្នុងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាទឹកប្រាក់នៃការនាំចូលខ្ពស់ជាងការនាំចេញមិនមែនជាក្ដីបារម្ភខ្លាំងពេកនោះទេ»។
លោកស៊ាង ថៃ បានបន្ថែមថា កម្ពុជានាំចូលទូរស័ព្ទ រថយន្តទំនើប គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ ជាដើម ដែលសុទ្ធតែជាទំនិញមានតម្លៃខ្ពស់ដែលកម្ពុជាមិនបានផលិតជាហេតុធ្វើឱ្យតួលេខនាំចូលខ្ពស់ ក្នុងពេលដែលកម្ពុជានាំចេញផលិតផលកសិកម្ម និងទំនិញមួយចំនួនទៀតមានតម្លៃទាប។
ជាមួយគ្នានេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីខាងប្រទេសកូរ៉េមកកាន់កម្ពុជា និងជំរុញការនាំចេញពីកម្ពុជា ខណៈដែលកម្ពុជា ក៏នឹងទទួលបាននូវលំហូរបច្ចេកវិទ្យាថ្មីៗពីខាងកូរ៉េផងដែរ។
លោកបានបញ្ជាក់ថា៖«នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកូរ៉េមានការរីកចម្រើនក្នុងរង្វង់១០ភាគរយក្នុង១ឆ្នាំ ហើយអ្វីដែលយើងអាចនាំទៅបាន ក្រៅពីផលិតផលស្វាយ យើងក៏ឃើញមានផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងផលិតផលមួយចំនួនទៀតផងដែរ»។
ក្រសួងពាណិជ្ជកម្មមានក្តីរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ ដំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលមានការចូលរួមពីប្រទេសចំនួន១៥ រួមមាន ប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់៕