ភ្នំពេញៈ កម្ពុជា-ស្វ៊ីស ប្តេជ្ញារួមគ្នានឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរឹងមាំ និងពិចារណាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នានៅពេលអនាគត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឆ្នាំ២០២២ មាន ជាង ១,៤ ពាន់លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការប្តេជ្ញាខាងលើធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជាស្វ៊ីស រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងលោកស្រី Helene Budliger រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ចនៃសហព័ន្ធស្វ៊ីស Artieda នៅទីក្រុងដាវ៉ូសក្លូស្ទ័រ ប្រទេសស្វ៊ីស កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ អំឡុងពេល លោករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក។
លោក សូរស័ក្ដិ បានលើកឡើងថា កម្ពុជាស្វ៊ីស បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ ១៩៦៣ ដែលតាមរយៈនេះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ បង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់។ ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីដែលមានប្រមាណ ៣៧៩ លានដុល្លារក្នុងឆ្ នាំ២០២០ បានកើនដល់ជាង ៩៧៤ លានដុល្លារក្នុងឆ្នាំ ២០២១។ លោកបន្តថា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យមានទំហំធំបន្ថែមទៀត កម្ពុជាស្វ៊ីស គួរពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
លោកលើកឡើងថា៖ «ភាគីទាំង ២ គួរពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំង២ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ»។
ជាការឆ្លើយតប លោកស្រី Helene Budliger Artieda បានស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជាក់ថា រដ្ឋាភិបាលស្វ៊ីស បាននិងកំពុងគាំទ្រកម្ពុជាក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជាស្វ៊ីស ឆ្នាំ ២០២២ មានសរុប ១ ៤៤៥,០៧២ លានដុល្លារ កើន ៤៨,៣ ភាគរយ បើធៀបឆ្នាំ ២០២១។ ក្នុងនោះការនាំទំនិញពីស្វ៊ីស មកកម្ពុជា មាន ១ ៤៣៥,៧៩៦ លានដុល្លារ កើនឡើង ៤៩ ភាគរយ ខណៈការនាំទំនិញពីកម្ពុជាទៅស្វ៊ីស មានត្រឹមតែ ៩,២៧៥ លានដុល្លារ ធ្លាក់ចុះ ១០,៥ ភាគរយ។ បើតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាពរហូតដល់ ១ ៤២៦,៥២១ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមករាថា ក្នុងនាមផ្នែកឯកជន លោកពិតជារីករាយចំពោះការប្តេជ្ញារបស់តំណាងរដ្ឋាភិបាលប្រទេសទាំង ២ ក្នុងការរឹតចំណងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរឹងមាំ ជាពិសេសគំនិតផ្តួចផ្តើមឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើន គឺវាមិនត្រឹមតែផ្តល់ឱ្យកម្ពុជានូវទីផ្សារនាំចេញកាន់តែច្រើន និងមានលក្ខខណ្ឌល្អជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាជួយទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុន និងបង្កើតការងារក្នុងស្រុកកាន់តែច្រើន។
លោកថ្លែងថា៖ «ផ្នែកឯកជនតែងតែគាំទ្រការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសផ្សេងៗ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងអាចដើរតួជាជំនួយដ៏សំខាន់ដល់កម្ពុជានៅពេលសុពលភាពរបស់ប្រព័ន្ធអនុគ្រោះពន្ធមួយចំនួនដូចជា EBA (ប្រព័ន្ធលើកលែងពន្ធគយរបស់សហគមន៍អឺរ៉ុប) ត្រូវបានបញ្ចប់»។
មន្ត្រីនៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំនិញដែលកម្ពុជានាំចេញទៅប្រទេសស្វ៊ីស មានដូចជា ផលិតផលវាយនភណ្ឌ, ត្បូងមានតម្លៃ និងផលិតផលកសិកម្មមួយចំនួន ចំណែកទំនិញដែលប្រទេសស្វ៊ីស នាំមកកម្ពុជា មានដូចជា ឱសថ និងគ្រឿងចក្រជាដើម។
កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ នាអំឡុងការធ្វើទស្សនកិច្ចរបស់ លោក ប៉ាន សូរស័ក្តិ ទៅកាន់ក្រុមហ៊ុន Nestle Switzerland នៅក្នុងទីក្រុង Vevey ប្រទេសស្វ៊ីស ក្រុមហ៊ុននេះក៏ធ្លាប់បានលើកឡើងពីបំណងមកវិនិយោគលើការបង្កើតរោងចក្រនៅកម្ពុជាផងដែរ៕