ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់បារាំងបានលើកទឹកចិត្តឱ្យវិនិយោគិន និងធុរជនរបស់ខ្លួនបង្កើនការវិនិយោគ និងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយសារតែការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជនខ្មែរ គួបផ្សំនឹងបរិយាកាសវិនិយោគដែលមានលក្ខណៈល្អប្រសើរ។
លោក Olivier Becht រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសបានដឹកនាំគណៈប្រតិភូ និងធុរជនបារាំងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី ២៤-២៥ ខែមករា ដែលអមដំណើរដោយគណៈប្រតិភូធុរជនដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France នៅក្នុងគោលបំណងបង្កើនទំនាក់ទំនងការទូត និងធុរកិច្ចរវាងប្រទេសទាំង ២។ ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីប្រតិភូមានជំនួបផ្សេងៗជាមួយសហគមន៍បារាំងនៅកម្ពុជា ពិសេសតំណាងសហគមន៍ធុរកិច្ចបារាំងដ៏រស់រវើក។ មានពលរដ្ឋបារាំងប្រមាណ ៥ ០០០ នាក់កំពុងរស់នៅកម្ពុជា បានចុះបញ្ជីនៅស្ថានទូត។
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាវិមានសន្តិភាពនៅថ្ងៃទី ២៥ មករា លោក Olivier Becht បានឱ្យដឹងតាមរយៈលោក អ៊ាង សុផល្លែត ដែលជាជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីថា គណៈប្រតិភូវិនិយោគបារាំងមានជំនឿលើការវិនិយោគនៅកម្ពុជា ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកទគ្គកម្មលើអត្រាកំណើនសេដ្ឋកិច្ច៧ភាគរយក្នុងរយៈពេល ២០ ឆ្នាំ, កម្ពុជាបន្តធ្វើកំណែទម្រង់ដែលបង្កបរិយាកាសល្អសម្រាប់ការវិនិយោគ, កម្ពុជា កំពុងមានប្រជាពលរដ្ឋមានចំណូលកម្រិតមធ្យមច្រើន។
លោក Olivier បាននិយាយថា៖ «ឈរលើមូលហេតុទាំងអស់នេះហើយ ដែលនាំឱ្យអ្នកវិនិយោគបារាំង សម្រេចចិត្តធ្វើការជាមួយកម្ពុជាលើការស្វែងរកការវិនិយោគលើរថភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត»។
លោក ហ៊ុន សែន បានថ្លែងថា កម្ពុជាមានគោលនយោបាយវិនិយោគបើកទូលាយដោយអនុញ្ញាតឱ្យវិនិយោគិនបរទេសអាចវិនិយោគ ១០០ ភាគរយលើការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងហូជីមិញ ខណៈផ្លូវដែក ២ ខ្សែទៀត គឺត្រូវពង្រីក ដោយលើកទឹកចិត្តឱ្យមានការវិនិយោគតាមទម្រង់ BOT។ លោកបន្ថែមថា កម្ពុជាមានវិស័យអាទិភាពមួយចំនួនរួមមាន ការជំរុញវិស័យឧស្សាហកម្ម ជំរុញការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឱ្យមានការវិនិយោគលើឧស្សាហកម្មកែច្នៃ។ល។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាតប្រមាណ ៦២ ភាគរយ ហើយកំពុងទាក់ទាញការវិនិយោគមកបន្ថែមទៀត។ ប៉ុន្តែមិនអនុញ្ញាតឱ្យបង្កើតរោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។ កម្ពុជា កំពុងលើកទឹកចិត្តឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលនេះជាឱកាសមួយសម្រាប់ការវិនិយោគ។
យោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជាបារាំង (CCIFC) បច្ចុប្បន្នមានសមាជិកភាព រួមមានក្រុមហ៊ុនបារាំងចំនួន ១៥០ ខណៈការស្ទង់មតិផ្នែកទីប្រឹក្សាពាណិជ្ជកម្មបរទេសបារាំងប្រចាំនៅកម្ពុជាបានរកឃើញថា មានក្រុមហ៊ុនបារាំងជាង ៥០០ កំពុងធ្វើអាជីវកម្មនៅកម្ពុជា៕