ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់សមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជានិងកូរ៉េជាសមាជិក ក្នុងនោះមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹងចូលជាធរមាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ និងក៏ដូចជាការលើកទឹកចិត្តនានានៅក្រោមច្បាប់ស្តីពីការវិនិយោគថ្មី។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៦ មករា ក្នុងពេលដែលលោកបានដឹកនាំគណៈប្រតិភូនិងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ចូលរួមពិភាក្សាការងារជាមួយ លោក Byung-Kwan Kim ប្រធានសមាគមអ្នកនាំចូលកូរ៉េ និងសហការី នៅទីក្រុង សេអ៊ូល ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ក្នុងជំនួបពិភាក្សានេះ ក៏មានវត្តមានចូលរួមរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
លោក ប៉ាន សូរស័ក្តិ បានផ្តោតសំខាន់ថា ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនោះ បានផ្តល់ទីផ្សារអនុគ្រោះ និងលក្ខខណ្ឌអំណោយផល សម្រាប់ផលិតករ អ្នកនាំចេញ នាំចូល ទាំងកម្ពុជា និងកូរ៉េ ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ទៅវិញទៅមក កិច្ចព្រមព្រៀងទាំងនោះ ក៏នឹងដើរតួនាទីសំខាន់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំង២ ផងដែរ។
ជាការឆ្លើយតប លោក Byung-Kwan Kim ប្រធានសមាគមអ្នកនាំចូលកូរ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជាដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញទស្សនកិច្ច និងពិភាក្សាការងារនៅទីស្នាក់ការរបស់សមាគមអ្នកនាំចូលកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងពាណិជ្ជកម្មកម្ពុជា ចុះផ្សាយនៅល្ងាចថ្ងៃទី ២៧ ខែមករានេះ។
លោក Byung-Kwan Kim បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រវាងប្រទេសទាំង ២ ឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកបានថ្លែងថា នឹងជំរុញសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យពិនិត្យលទ្ធភាពនាំចូលទំនិញកម្ពុជាមកទីផ្សារកូរ៉េ និងស្វែងរកដៃគូនៅកម្ពុជាបន្ថែមទៀត ជាពិសេសទាញយកប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី កម្ពុជា-កូរ៉េ។
ក្នុងកិច្ចប្រជុំនេះផងដែរ វិស័យឯកជនពាក់ព័ន្ធនៃប្រទេសទាំង ២ បានធ្វើការណែនាំពីកម្មវត្ថុអាជីវកម្មរបស់ខ្លួន និងចែករំលែកទៅវិញទៅមកនូវព័ត៌មានពាណិជ្ជកម្ម ប្រតិបត្តិការអាជីវកម្ម និងវិស័យ/ទំនិញសក្តានុពល ដែលជាចំណាប់អារម្មណ៍ ដើម្បីសហការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ក៏ដូចជា ការវិនិយោគក្នុងពេលខាងមុខ៕