នៅក្នុងវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-កូរ៉េ ដែលបានប្រារព្ធធ្វើទ្បើងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ វិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗនៃប្រទេសកម្ពុជា និងកូរ៉េប្រមាណ ១៥០ ក្រុមហ៊ុន បានសម្រេចចុះអនុស្សរណៈយោគយល់គ្នាចំនួន ៥ ដើម្បីពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ចនិងវិនិយោគ នៃប្រទេសទាំង ២។
នាឱកាសនោះដែរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា កម្ពុជា និងកូរ៉េ មានកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។
លោកបានបញ្ជាក់ថា៖«វាពិតជាមានភាពចាំបាច់នៃការចូលរួមធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មរួមគ្នា រវាងវិស័យឯកជន ជាពិសេស សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ពីប្រទេសទាំងពីរ ក្នុងការពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ចនិងវិនិយោគ តាមរយៈកិច្ចសន្ទនារវាងក្រុមហ៊ុនធុរកិច្ច ការផ្គូរផ្គងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ជាដើម សំដៅអាចស្វែងយល់ឱ្យកាន់តែច្បាស់អំពីការនាំចេញ តម្រូវការទីផ្សារ និងការលើកកម្ពស់ការបណ្តាក់ទុនរួមគ្នា»។
លោក AHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ បានមានប្រសាសន៍ថា ប្រទេសទាំងពីរ មានទំនាក់ទំនងគ្នាយ៉ាងល្អ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូរធនធានមនុស្ស។
លោកបានបង្ហាញពីភាពជឿជាក់យ៉ាងដូច្នេះថា៖«ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ នឹងបង្កើនទំនុកចិត្តនិងជំរុញបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ហើយតាមរយៈនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តោតសំខាន់លើទិសដៅគោលនយោបាយមួយចំនួនរួមមាន ការពង្រីកនិងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង រួមបញ្ចូលទាំងថាមពលស្អាត ជាដើម»។
លោក KANG Jae Kwon អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃក្រសួងការបរទេសកូរ៉េ បានលើកឡើងថា ការរៀបចំវេទិកានេះ និងបានសម្តែងសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាចំនួន ៥ រវាងក្រុមហ៊ុនធុរកិច្ចនៃប្រទេសទាំងពីរ រួមមាន ទី១ ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន World Bride Group និងក្រុមហ៊ុន Luxury Brand Group ទី២ ការចែករំលែកព័ត៌មានទីផ្សារ និងការផ្គត់ផ្គង់រវាងក្រុមហ៊ុន Season Fresh Cambodia និងក្រុមហ៊ុន Empire Trading Co., Ltd. ទី៣ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើសកម្មភាពដោះដូរផ្សេងៗលើការជួយផ្សព្វផ្សាយលើការបណ្តាក់ទុន និងការធ្វើជំនួញទ្វេភាគី រវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងក្រុមហ៊ុន Empire Trading Co., Ltd.,ទី៤ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើជំនួញនិងទីផ្សារ រួមបញ្ចូលផ្លាស់ប្តូរលើបច្ចេកវិទ្យា រវាងក្រុមហ៊ុន Alliances of Cambodia Agricultural Products Exporters Co., Ltd និង ក្រុមហ៊ុន AGT Corporation និងទី៥ កិច្ចព្រមព្រៀងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការដោះដូរព័ត៌មានសម្រាប់ការអភិវឌ្ឍនសង្គម ការអប់រំ វប្បធម៌ សិល្បៈ និងកីឡា រវាងក្រុមហ៊ុនសភាពាណិជ្ជកម្មកំពត-កែប និងក្រុមហ៊ុន Miracle City World Group។
នៅក្នុងជំនួបដាច់ដោយឡែកមួយទៀត រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRA ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ លោក ប៉ាន សូរស័ក្តិ បានសំណូមពរឱ្យភាគីកូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជាជូនប្រជាជនកូរ៉េ។
ដែលក្នុងជំនួបនោះ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានឆ្លើយតបថា តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការកើនឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។
លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយ KOTRA កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀតជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ៕