ភ្នំពេញៈ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលពន្ធដារ និងបង្កភាពងាយស្រួលសម្រាប់អ្នកជាប់កាតព្វកិច្ចពន្ធ បច្ចុប្បន្នក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារពាណិជ្ជចំនួន ១០ រួចមកក្នុងការអនុញ្ញាតឱ្យធនាគារជាដៃគូផ្តល់នូវសេវាទទួលប្រាក់ពន្ធ។ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារ។
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំរវាងក្រុមការងារនៃអគ្គនាយកដា្ឋនពន្ធដារ និងធនាគារពាណិជ្ជដៃគូ ដើម្បីពិនិត្យពិភាក្សាតាមដានវឌ្ឍនភាពនិងពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ កាលពីថ្ងៃទី២៦ ខែមករា ឱ្យដឹងថា កិច្ចប្រជុំដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារតាមប្រព័ន្ធវីដេអូ Zoom ជាមួយធនាគារដៃគូនេះ គឺធ្វើឡើងក្នុងគោលបំណងពិភាក្សាកិច្ចការបច្ចេកទេសក្នុងការផ្តល់សេវាទទួលប្រាក់ពន្ធ-អាករគ្រប់ប្រភេទ តាមធនាគារពាណិជ្ជដៃគូ។
យោងតាមអគ្គនាយកដ្ឋានពន្ធដារ ធនាគារពាណិជ្ជទាំង ១០ ដែលជាដៃគូរួមមាន ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារ វឌ្ឍនៈ, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ ពាណិជ្ជក្រៅប្រទេសនៃកម្ពុជា, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់, និង ធនាគារវីង (ខេមបូឌា) ម.ក។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោក កែន សម្បត្តិ បានលើកឡើងក្នុងកិច្ចប្រជុំខាងលើថា គិតមកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារពាណិជ្ជចំនួន ១០រួចមកហើយ ដែលនេះជាយន្តការមួយក្នុងការជួយសម្រួលសេវាបង់ពន្ធ ក៏ដូចជាការបង្ខិតសេវាបង់ពន្ធឱ្យទៅជិតអ្នកជាប់ពន្ធ ក្នុងន័យសំដៅឱ្យអ្នកជាប់ពន្ធមានភាពងាយស្រួលក្នុងការបង់ពន្ធ ជាពិសេសនៅអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩ ដែលអនុញ្ញាតឱ្យអ្នកជាប់ពន្ធអាចធ្វើការប្រកាស និងបង់ប្រាក់ពន្ធតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន E-Filling និង E-Payment ពីគេហដ្ឋាន ឬការិយាល័យរបស់ខ្លួន ឬពីទីតាំងណាមួយក៏បានឱ្យតែមានប្រព័ន្ធInternet ដោយមិនចាំបាច់ធ្វើដំណើរមកជួបផ្ទាល់ជាមួយមន្ត្រីរដ្ឋបាលពន្ធដារ ឬបុគ្គលិកសាខាធនាគារពាណិជ្ជដៃគូឡើយ។
លោកថ្លែងថា៖«ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ គឺដើម្បីអនុញ្ញាតឱ្យធនាគារពាណិជ្ជដៃគូផ្តល់សេវាទទួលប្រាក់ពន្ធនេះ គឺស្ថិតក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល»។
ក្នុងឱកាសនោះ លោកក៏បានជំរុញឱ្យធនាគារពាណិជ្ជដៃគូ ត្រូវខិតខំយកចិត្តខ្ពស់ក្នុងការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទទួលប្រាក់ពន្ធជូនអគ្គនាយកដ្ឋានពន្ធដារឱ្យបានកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់ការផ្តល់សេវាបង់ពន្ធជូនអ្នកជាប់ពន្ធ និងអនុលោមភាពសារពើពន្ធ។ ជាមួយគ្នានេះសូមធនាគារពាណិជ្ជដៃគូ បន្តសហការជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការទទួលប្រាក់ពន្ធផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង កន្លងមកធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការដាក់ឱ្យដំណើរការនីតិវិធីក្នុងការបង់ពន្ធតាមធនាគារគឺមិនត្រឹមតែធ្វើឱ្យរដ្ឋអាចប្រមូលចំណូលបានច្រើនជាងមុន និងកាត់ប្ថយអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យអ្នកជាប់ពន្ធមានភាពងាយស្រួលជាងមុន ដែលពេលខ្លះត្រូវកកស្ទះនៅតាមសាខាពន្ធដាររហូតហួសពេល និងត្រូវជាប់ពិន័យទៀតផង។
លោកបន្តថា ការបង់ពន្ធតាមរយៈប្រព័ន្ធធនាគារនេះ ក៏ជាផ្នែកមួយក្នុងកាតទាក់ទាញអ្នកវិនិយោគឱ្យបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោកថ្លែងថា៖«ការបង់ពន្ធដារតាមប្រព័ន្ធធនាគារ គឺមិនត្រឹមតែជួយឱ្យរដ្ឋរកចំណូលបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មិនធ្វើឱ្យអ្នកជាប់ពន្ធត្រូវចំណាយពេលទៅបង់ពន្ធដោយផ្ទាល់ផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ស្ពាននៅក្នុងខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២ ខែមករា បានលើកឡើងថា បន្ទាប់ពីការប្រមូលចំណូលពន្ធធ្លាក់ចុះមួយរយៈដោយសារវិបត្តិបណ្តាលមកពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ប្រទេសកម្ពុជាចាប់ផ្តើមបង្ហាញភាពរីកចម្រើនលើគ្រប់វិស័យឡើងវិញជាបន្តបន្ទាប់ ក្នុងនោះការប្រមូលចំណូលថវិកាជាតិក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ក្នុងឆ្នាំ២០២២ ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន គឺមានចំនួន ៣ ៤៥៥ លានដុល្លារ ស្មើ ១២២,៥៤ ភាគរយនៃច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២៕