ព្រះសីហនុៈ ក្រោយពីនាវាទេសចរណ៍ខ្នាតធំ ១ គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចនៅខេត្តព្រះសីហនុ អ្នកជំនាញលើកឡើងថា នេះជាពន្លឺថ្មីមួយ សម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ការចូលចតនៃនាវាទេសចរណ៍ខ្នាតយក្ស ១ គ្រឿងហើយ ១ គ្រឿងទៀត ជាបន្តបន្ទាប់នេះ បានបង្ហាញពីសញ្ញាណវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ។ លោកស្រីបន្ថែមថា ថ្វីដ្បិតតែការចូលចតនេះមានរយៈពេលខ្លី តែជានិន្នាការមួយដែលល្អ ក្នុងការទាក់ទាញទេសចរណ៍ ដែលរាជរដ្ឋាភិបាល បាននិងកំពុងពិចារណា ទៅលើទេសចររយៈពេលខ្លី ដែលមានន័យថា ទេសចរដែលមកកម្សាន្តមិនស្នាក់នៅទេ ប៉ុន្តែចូលក្នុងចំនួនរាប់ពាន់នាក់ ឬឈានដល់រាប់ម៉ឺននាក់ ក្នុងនាវាយក្សនីមួយៗ។
លោកស្រីបញ្ជាក់ថា៖ «ការចូលចតនាវាខ្នាតធំនៅកម្ពុជា ក្នុងរយៈពេលខ្លីៗនេះ ដោយសារតែខាងនាវាទេសចរណ៍គេពឹងផ្អែកទៅលើគម្រោងកម្សាន្តកម្មវិធីចាស់ ដែលកាលណោះកម្ពុជាជាពិសេសខេត្តព្រះសីហនុមិនទាន់មានភាពសម្បូរបែបលើផលិតផលទេសចរណ៍ និងកន្លែងកម្សាន្តនៅឡើយ ដែលខុសពីបច្ចុប្បន្ននេះ។ ខ្ញុំសង្ឃឹមថា នាវាទេសចរណ៍ខ្នាតធំទាំងនោះនឹងអភិវឌ្ឍកម្មវិធីកម្សាន្តរបស់គេបន្ថែមទៀតនៅកម្ពុជា ដើម្បីឱ្យយើងអាចទាញផលប្រយោជន៍បានកាន់តែច្រើនថែមទៀតពីការចូលចតរបស់នាវាទាំងនោះ»។
បើតាមលោកស្រី ឆាយ ស៊ីវលីន កន្លងទៅធ្លាប់មានភ្ញៀវទេសចរមួយចំនួនតូច ដែលមកតាមនាវាទេសចរណ៍បែបនេះ បានទៅកម្សាន្តនៅខេត្តផ្សេងៗក្រៅពីខេត្តព្រះសីហនុដែរ តាមរយៈភ្នាក់ងារទេសចរណ៍កម្ពុជា ដែលមានដូចជាខេត្តកែប កំពត និងកោះកុងជាដើម។ ប៉ុន្តែក្រោយមានវិបត្តិកូវីដ ១៩ មក សេវាកម្មទេសចរណ៍ប្រភេទនេះ បានផ្អាក រហូតដល់ថ្មីៗនេះមាននាវាទេសចរណ៍មកជាបន្តបន្ទាប់ ប៉ុន្តែបានត្រឹមកម្សាន្តក្នុងខេត្តព្រះសីហនុ មិនបានទៅខេត្តដទៃទៀតដោយសារមកក្នុងរយៈពេលខ្លីពេក។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកតាមរយៈនាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE បានធ្វើដំណើរទៅដល់កន្លែងកម្សាន្តមួយចំនួន ដូចជា នៅតាមតំបន់ឆ្នេរ នៅក្នុងទីក្រុងព្រះសីហនុ នៅតាមផ្សារ វត្តអារាម សាលារៀន និងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនទៀត។
លោកថា៖ «ដោយសារតែភ្ញៀវទេសចរចូលមកកម្សាន្តមានរយៈពេលខ្លីពេក ដូចនេះប្រយោជន៍ដែលពលរដ្ឋ និងអាជីវករទទួលបានពីដំណើរកម្សាន្តគឺមិនបានច្រើនទេ។ តែយ៉ាងណាក៏ដោយ នេះ ក៏ជាសញ្ញាល្អមួយ សម្រាប់វិស័យទេសចរណ៍យើងដែរ។»
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា ការចូលចតជាបន្តបន្ទាប់របស់នាវាទេសចរណ៍ខ្នាតធំ ១ គ្រឿងទៀត មានឈ្មោះ SEABOURN ENCORE នេះ គឺបង្ហាញពីទំនុកចិត្តរបស់ទេសចរបរទេស ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ធំៗទាំងនោះ មកលើប្រទេសកម្ពុជា ជាពិសេសជឿជាក់លើការទប់ស្កាត់ជំងឺកូវីដនៅទូទាំងប្រទេស។
លោកថា៖ «នេះជារូបភាពមួយដែលបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមានសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចបង្កលក្ខណៈងាយស្រួលដល់ការចូលចត និងធ្វើដំណើរពីសំណាក់នាវាខ្នាតយក្សបែបនេះ។ អាជ្ញាធរ នឹងបន្តខិតខំប្រឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើនការទាក់ទាញទេសចរ តាមនាវាខ្នាតធំៗបែបនេះ មកកាន់ខេត្តព្រះសីហនុបន្ថែមទៀត»។
បើតាមក្រសួងទេសចរណ៍ នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មាននាវិក ៤៤២ នាក់ មាន ៤៨ សញ្ជាតិ មានភ្ញៀវទេសចរ ៣៣៨ នាក់ មាន ២២ សញ្ជាតិ។ នាវានេះចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅថ្ងៃទី ២៩ មករា នឹងបន្តចាកចេញទៅប្រទេសវៀតណាម។ អ្នកទេសចរនៅលើនាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មានសញ្ជាតិអាមេរិកច្រើនជាងគេ គឺចំនួន ១២៧ នាក់ អង់គ្លេសចំនួន ៧៨ នាក់ និងអូស្ត្រាលីចំនួន ៣៣ នាក់។ នេះគឺជាការចូលចតលើកទី ៣ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដអស់រយៈពេលជាង ២ ឆ្នាំ៕