ភ្នំពេញៈ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកូរ៉េហៅកាត់ថា KOTRA បានអះអាងថា លោកកំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀតឱ្យមករកស៊ីនៅកម្ពុជា ជាពិសេសលើវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំង២ឱ្យបានជាអតិបរមា។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ លោក YU Jeoung Yeol បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងកូរ៉េ នឹងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ បន្ថែមទៀត។
លោកបានបញ្ជាក់ថា៖«បច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយភ្នាក់ងារជំរុញពាណិជ្ជកូរ៉េកំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀត ជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ»។
នៅក្នុងវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-កូរ៉េ នៅទីក្រុងសេអ៊ូលនោះដែរ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកទឹកចិត្ត ជាពិសេសដល់វិនិយោគិនកូរ៉េក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ឱ្យពិចារណាធ្វើការវិនិយោគនៅកម្ពុជា ជាផ្នែកមួយនៃខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ ដោយសារវិនិយោគិនកូរ៉េមានឧត្តមភាពក្នុងវិស័យនេះ។
លោកបានថ្លែងថា៖« ការវិនិយោគរបស់កូរ៉េនៅកម្ពុជានាពេលកន្លងមក ដែលមិនត្រឹមតែបាននាំមកនូវទុនវិនិយោគ និងបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវស្មារតីមោះមុតជម្នះគ្រប់ឧបសគ្គផងដែរ»។
លោកបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាមានបរិយាកាសអំណោយផលដែលអាចបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនកូរ៉េឱ្យ បណ្តាក់ទុននៅកម្ពុជា ដោយចាប់យកនូវឧត្តមភាពដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ និងការលើកទឹកចិត្តវិនិយោគ ក្រោមក្របខ័ណ្ឌនៃច្បាប់ស្តីពីវិនិយោគថ្មី ដែលបានចូលជាធរមាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ឱ្យដឹងដែរថា កូរ៉េជាប្រទេសដែលមានភាពជឿនលឿនលើបច្ចេកវិទ្យាយានយន្ត និងអេឡិចត្រូនិក តាំងពីដំបូងគេ ដែលមានទាំងផ្នែករថយន្ត ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកមួយចំនួនទៀត។
លោកបានបន្ថែមថា ការអូសសទាញវិនិយោគិនកូរ៉េឱ្យមកវិនិយោគលើផ្នែកគ្រឿងបន្លាស់យានយន្តឬរថយន្តនេះគឺចំពេលដែលរាជរដ្ឋាភិបាលកំពុងរៀបចំឱ្យមានផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកស្រាប់ដែលរំពឹងថានឹងអភិវឌ្ឍសមត្ថភាព១កម្រិតទៀតលើវិស័យនេះ។
លោកបានបញ្ជាក់ដូច្នេះថា៖« កូរ៉េ ជាប្រទេសខ្លាំងដែរ លើវិស័យយានយន្តនិងអេឡិចត្រូនិកនេះ ដោយយើងឃើញហើយថា កម្ពុជាបាននាំចូលរថយន្ត និងទូរស័ព្ទដៃទំនើបច្រើនពីកូរ៉េមក។កាលពីមុនកូរ៉េដើរលឿនណាស់លើផ្នែកបច្ចេកវិទ្យានេះ តែក្រោយមកចិនតាមទាន់ និងដើរមុនបន្តិចវិញ តែយ៉ាងណាកូរ៉េនៅតែខ្លាំងលើបច្ចេកវិទ្យាទាំងនេះ»។
រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានអនុម័តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដោយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់គោលដៅបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ៥០០លានដុល្លារអាមេរិកនៅឆ្នាំ២០២៧ និងបង្កើតការងារថ្មីក្នុងវិស័យនេះឱ្យបាន១ម៉ឺនកន្លែងបន្ថែមទៀត។បច្ចុប្បន្នជប៉ុន គឺជាប្រភពទុនវិនិយោគសំខាន់ក្នុងវិស័យយានយន្តនៅកម្ពុជាដោយមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ខណៈទីផ្សារនាំចេញសំខាន់ៗ រួមមាន ប្រទេសថៃ និងប្រទេសជប៉ុន។
តាមរយៈផែនទីបង្ហាញផ្លូវនេះ សម្រាប់វិស័យយានយន្តក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងផ្តោតសំខាន់លើកាលានុវត្តភាព ដែលមានស្រាប់ដើម្បីពង្រីកការផលិតគ្រឿងផ្គុំយានយន្តសាមញ្ញបែបអតិពលកម្ម សម្រាប់នាំចេញ ឧទាហរណ៍ដូចជា ខ្សែផ្គុំអគ្គិសនី កៅអីនិងគ្រឿងផ្គុំអេឡិចត្រូនិកនិងអគ្គិសនីសាមញ្ញព្រមជាមួយការបង្កើនការតភ្ជាប់បែបប្រតិគមន៍សម្រាប់ការដំឡើងទោចក្រយានយន្ត។ ៕