ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (CPP) បានដាក់ចេញនូវគោលនយោបាយរយៈពេល ៥ ឆ្នាំទៅមុខទៀតដោយប្តេជ្ញាថា នឹងកសាងប្រទេសកម្ពុជាពីប្រទេសកសិកម្ម ទៅជាប្រទេសកសិពាណិជ្ជកម្ម ដោយផលិតកសិកម្មដើម្បីនាំចេញ និងផ្គត់ផ្គង់ទីផ្សារដែលមានតម្រូវការពិតប្រាកដ។
ការដាក់ចេញនូវគោលនយោបាយដូច្នេះធ្វើឡើងក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ CPP ដែលមានរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ២៨-២៩ ខែមករាក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ដែលជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
លោក សួស យ៉ារ៉ា តំណាងរាស្ត្រ ដែលជាអ្នកនាំពាក្យ CPP ថ្លែងថា រាជរដ្ឋាភិបាលមានគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមច្បាស់លាស់ ហើយលោកបានថ្លែងពញ្ញាក់ស្មារតីដល់យុវជនដែលទទួលបានការបណ្តុះបណ្តាលក្នុងវិស័យធនធានមនុស្សផ្នែកកសិកម្មនេះឱ្យបានរីករាយ និងទទួលផលប្រយោជន៍ពីការសិក្សាជំនាញកសិកម្មរបស់ខ្លួន។ ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ហើយដើម្បីធានាសន្តិសុខស្បៀង និងការផ្គត់ផ្គង់គ្រប់គ្រាន់គឺត្រូវមានសន្តិសុខទីផ្សារ។ លោកថ្លែងក្នុងសន្និសីទកាសែតក្រោយពីបិទបញ្ចប់មហាសន្និបាតនេះថា ទាំងទីផ្សារកសិកម្ម និងទាំងការផលិតកសិកម្ម ត្រូវតែធ្វើទៅតាមភូមិសាស្ត្រនិងតាមទីតាំងរបស់ប្រជាជន ហើយរាជរដ្ឋាភិបាលត្រូវការធនធានមនុស្សផ្នែកកសិកម្មយ៉ាងច្រើនទាំងផ្នែកប្រពលវប្បកម្ម ផ្នែកវារីវប្បកម្ម ផ្នែកកសិកម្ម និងទាំងផ្នែកវិស្វករ។
លោក សួស យ៉ារ៉ា បញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា បានដាក់គោលនយោបាយថា យើងនឹងកសាងប្រទេសយើងពីប្រទេសដែលកសិកម្មនេះដាក់និយមន័យខ្លួនឯងតាមរយៈគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ គឺប្រទេសកសិពាណិជ្ជកម្ម។ អ៊ីចឹងលើកមុនយើងផលិតគ្រាន់តែហូបខ្លួនឯងទេ តែឥឡូវនេះយើងនឹងផលិតដើម្បីនាំចេញ។ ពាក្យថា កសិពាណិជ្ជកម្មនេះ គឺជាមហិច្ឆតារបស់យើង គឺធនធានមនុស្សទាំងអស់នឹងត្រូវប្រើទៅតាមជំនាញរបស់ខ្លួនតាមភូមិសាស្ត្ររបស់ខ្លួនហើយនឹងបម្រើឱ្យប្រជាជនតាមតំបន់នីមួយៗ ផ្គត់ផ្គង់ទីផ្សារដែលមានតម្រូវការពិតប្រាកដ»។
លោកលើកឡើងថា ថវិកាជាតិភាគច្រើននៅក្នុងអាណត្តិទី៧ ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ នឹងត្រូវប្រើប្រាស់ទៅលើការដំឡើងប្រាក់បៀវត្សរ៍ ការគាំពារសង្គម និងការធានាថ្លៃរបស់កសិករក្នុងពេលប្រមូលផល។
លោកបន្ថែមថា៖ «អ៊ីចឹងចំណុចទាំងអស់នេះ មិនមែនថា វាបំភ្លេចកម្មករទេ។ កម្មករក៏យើងនឹងមានជាការជំរុញជម្រើសផ្សេងៗទៀត។ ទៅលើប្រជាជនទូទៅក៏នឹងមានផលប្រយោជន៍ រួមទាំងការសិក្សាអំពីវិធីសាស្ត្របញ្ចុះថ្លៃភ្លើង បញ្ចុះថ្លៃទឹក ហើយនិងរក្សាលំនឹងថ្លៃម្ហូបអាហារ»។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យ CPP ម្នាក់ទៀត ក៏បានថ្លែងក្នុងសន្និសីទកាសែតនេះដែរថា កាលដើមឡើយ វិស័យកសិកម្ម គឺសម្រាប់តែផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ហើយនិងផ្គត់ផ្គង់អាហារនៅក្នុងប្រទេសទេ។ ឥឡូវនេះ CPP មើលឃើញសក្ដានុពលដែលសេដ្ឋកិច្ចកម្ពុជាផ្អែកលើវិស័យកសិកម្ម ដោយលោកប្រើពាក្យថា «យើងអាចក្លាយទៅជាកសិពាណិជ្ជកម្ម» ដែលមានន័យថា ប្រជាពលរដ្ឋជាកសិករ ដែលជាអ្នកផលិត ប៉ុន្តែផលិតផលនេះមិនមែនត្រឹមតែផ្គត់ផ្គង់អាហារទេ តែក្លាយទៅជាទំនិញ។
លោកបន្តថា៖ «ហើយទំនិញនេះដែលយើងសម្លឹងឃើញផ្សារភ្ជាប់គ្នាជាមួយនឹងទេសចរណ៍យើងអាចផលិតផលិតផលកសិកម្មហ្នឹងក្លាយទៅជាកសិពាណិជ្ជកម្មដែលទៅផ្គត់ផ្គង់វិស័យទេសចរណ៍នៅក្នុងស្រុកហើយក៏អាចទៅផ្គត់ផ្គង់នៅក្រៅប្រទេសទៀត។ ដូច្នេះហើយ នេះជាការបោះជំហានដែលគណបក្សប្រជាជនមានសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវតាមជំនាញនីមួយៗព្រោះគណបក្សប្រជាជនកម្ពុជាប្រមូលផ្ដុំទៅដោយបញ្ញវន្តដែលមានជំនាញតាមវិស័យនីមួយៗ។ ដូច្នេះគណបក្សប្រជាជនទទួលខុសត្រូវផ្អែកទៅលើការពិត មិនមែនទៅលើការឃោសនាប្រជាភិថុតិទេ»។
សេចក្តីសម្រេចមហាសន្និបាតនេះបញ្ជាក់នាថ្ងៃទី ២៩ ខែមករាថា មហាសន្និបាតនេះផ្តោតការយកចិត្តទុកដាក់ខិតខំដោះស្រាយតម្រូវការផ្សេងៗរបស់ប្រជាជនជាអាទិ៍ ការងារធ្វើទីផ្សារកសិផល ស្ថិរភាពថ្លៃទំនិញចាំបាច់ការថែរក្សាសុខភាព ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការកសាងផ្លូវជនបទ និងប្រឡាយទឹកជាដើម។ បន្ថែមពីនេះ CPP សន្យាថា បើជាប់ឆ្នោតបានដឹកនាំប្រទេសជាបន្តទៀតនឹងដាក់អ្នកជំនាញកសិកម្មធ្វើការដោយផ្ទាល់នៅគ្រប់ឃុំទូទាំងប្រទេស។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម ដែលចូលរួមក្នុងមហាសន្និបាតនេះបានប្រាប់ឱ្យដឹងថា នៅក្នុងមហាសន្និបាតនេះ លោក ហ៊ុន សែន បានសម្រេចនូវគោលនយោបាយរៀបចំឱ្យមានអ្នកជំនាញកសិកម្មធ្វើការបម្រើកសិករផ្ទាល់នៅគ្រប់ឃុំទូទាំងប្រទេស ចាប់ពីអាណត្តិទី៧ ទៅ។
លោកបញ្ជាក់ថា៖ «កន្លងមក រឿងការងារកសិកម្មមានត្រឹមតែថ្នាក់ខេត្ត ថ្នាក់ស្រុកតែប៉ុណ្ណោះ មិនផ្ទាល់នៅតាមឃុំនោះទេ ដូចនេះការសម្រេចចិត្តរបស់សម្តេច ដែលជាប្រធានគណបក្សប្រជាជន សម្រាប់អាណត្តិថ្មីខាងមុខហ្នឹង នឹងរៀបចំឱ្យមានមន្ត្រីជំនាញកសិកម្មនៅគ្រប់ឃុំ ជាមន្ត្រីដែលរើសថ្មីជាពិសេសរើសចេញពីនិស្សិតដែលទើបបញ្ចប់ការសិក្សាផ្នែកកសិកម្ម ឱ្យចុះទៅធ្វើការងារផ្ទាល់ជាមួយកសិករដើម្បីអាចផ្លាស់ប្តូរជីវភាពកសិករ»។
លោកបន្តថា ការខ្វះខាតអ្នកជំនាញកសិកម្ម នៅតាមថ្នាក់មូលដ្ឋាននេះគឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមជាច្រើនសម្រាប់វិស័យកសិកម្ម ដោយសារប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ដែលតម្រូវឱ្យមានអ្នកជំនាញយ៉ាងហោចណាស់ម្នាក់នៅតាមឃុំនីមួយៗ ដើម្បីជួយដល់កសិករដោយផ្ទាល់។
លោក សុង សារ៉ន អគ្គនាយក និងស្ថាបនិក ក្រុមហ៊ុន អេមរុ រ៉ាយ បានប្រាប់ថា វិស័យឯកជន គាំទ្រយ៉ាងខ្លាំងចំពោះគោលនយោបាយនេះ ព្រោះជាគោលនយោបាយមួយដ៏ល្អប្រើសម្រាប់វិស័យកសិកម្មសព្វថ្ងៃនេះ ដែលតម្រូវឱ្យអ្នកមានជំនាញកសិកម្មគាំទ្រដល់សហគមន៍កសិករ ដើម្បីឱ្យក្លាយទៅជាកសិកម្មមួយទំនើប ដែលមានសមត្ថភាព ក្នុងការផលិត និងរកទីផ្សារ។
លោកថ្លែងថា សម្រាប់ក្រុមហ៊ុនលោកផ្ទាល់ គឺបានធ្វើហើយ ដោយលោកបានបញ្ជូនអ្នកជំនាញរបស់ក្រុមហ៊ុនលោក ប្រមាណជាង ៤០០ នាក់ ដើម្បីចុះទៅធ្វើការជាមួយសហគមន៍កសិកម្ម និងកសិករដោយផ្ទាល់ ដែលបានទទួលជោគជ័យគួរឱ្យកត់សម្គាល់។
នៅពេលរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវគោលនយោបាយនេះទៀត កាន់តែជំរុញឱ្យវិស័យឯកជនមានភាពងាយស្រួល និងកាត់បន្ថយចំណាយលើផ្នែកធនធានមនុស្សមួយកម្រិតដែរ។
លោកបញ្ជាក់ថា៖ «ជាការពិតណាស់ កង្វះខាតអ្នកជំនាញកសិកម្ម គឺជាបញ្ហាដែលប្រឈមក្នុងពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែនៅពេលរាជរដ្ឋាភិបាលចាប់ផ្តើមដោះស្រាយពេលនេះ គឺចំពេលល្អ និងចំណុចដែលយើងត្រូវដោះ។ ដូចនេះយើងសាទរចំពោះការដាក់ចេញគោលនយោបាយនេះ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពុជាគឺជាប្រទេសកសិកម្មដែលមានសក្ដានុពលក្នុងការផលិតនូវផលិតផលកសិកម្មបានច្រើន។ ប្រសិនបើកម្ពុជាធ្វើទំនើបកម្ម ដោយពង្រឹងបច្ចេកវិទ្យា និងបច្ចេកទេសសម្រាប់បម្រើដល់វិស័យកសិកម្ម កម្ពុជាអាចធានាសម្រាប់ការនាំចេញ ហើយក៏ជាការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ពីព្រោះកន្លងមកកម្ពុជាហាក់ពឹងផ្អែកខ្លាំងទៅលើការនាំចេញសម្លៀកបំពាក់និងផលិតផលមិនមែនសម្លៀកបំពាក់។
លោកថ្លែងថា៖ «អ៊ីចឹងទេ ប្រសិនជាយើងអាចពង្រីកពីការនាំចេញកសិផលឱ្យបានច្រើនតាមរយៈគោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជាដែលយើងធ្វើទៅជាកសិពាណិជ្ជកម្មនេះ ខ្ញុំគិតថា ជាចំណុចឈានឡើង ជាវឌ្ឍនភាពដ៏សំខាន់មួយ ហើយយើងសង្ឃឹមថា តាមរយៈគោលនយោបាយនេះ បើសិនជាអនុវត្តជោគជ័យ វានឹងក្លាយទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចសំខាន់មួយទៀតរបស់ប្រទេសកម្ពុជាយើង ហើយក៏វាធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមានជីវភាពប្រសើរជាងមុនដែរ»៕