ភ្នំពេញៈ កម្ពុជារកចំណូលបានជាង ១៥ លានដុល្លារពីធនធានរ៉ែមាស ដែលក្រុមហ៊ុនចម្រាញ់បានប្រមាណជាង ៥,៣ ពាន់តោនគិតត្រឹមដំណាច់ ឆ្នាំ ២០២២ បន្ទាប់ពីអាជីវកម្មរុករកនេះត្រូវបានចាប់ផ្តើមលើកដំបូងកាលពីខែមិថុនា ឆ្នាំ ២០២១។
តួលេខចំណូលនេះត្រូវបានបង្ហាញនៅក្នុងវេទិកាសាធារណៈមួយកាលពីសប្តាហ៍មុនពីសំណាក់មន្ត្រីនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថា បច្ចុប្បន្ន នេះមានក្រុមហ៊ុន ៧ ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសពីរាជរដ្ឋាភិបាល ដោយបានរុករករ៉ែមាសនៅខេត្តចំនួន ៤ រួមមាន នៅខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និងព្រះវិហារ។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុនដែលដំណើរការអាជីវកម្មរុករករ៉ែមាសបានល្អជាងគេ គឺក្រុមហ៊ុន Renaissance របស់អូស្ត្រាលី ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី ដោយឡែកក្រុមហ៊ុនផ្សេងទៀតដែលកំពុងធ្វើអាជីវកម្មបានទទួលផលតិចតួចប៉ុណ្ណោះដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២២ យើងទទួលបានរ៉ែ ៥,៣ តោន ដោយយើងទទួលបានប្រាក់ជាសួយសារចំនួនជាង ៨ លានដុល្លារ»។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវេទិកានោះថា ដោយសារតែធនធានរ៉ែមាស គឺជាឧស្សាហកម្មថ្មីមួយដែលកម្ពុជាទើបទទួលបានអត្ថប្រយោជន៍ពីធនធាននេះ គឺបន្ទាប់ពីក្រុមហ៊ុនឯកជនបានធ្វើការវិនិយោគយ៉ាងច្រើនក្នុងការររុករកដែលធ្វើឱ្យចំណូលពន្ធ និងសួយសារពីធនធាននេះនៅមានកម្រិតតិចតួច។
លោកថ្លែងថា៖ «ចំណូលពីធនធានរ៉ែនេះ គឺយើងទទួលបានមិនទាន់ច្រើនប៉ុន្មាននោះទេ ដោយសារថ្លៃវិនិយោគវាច្រើន ដូច្នេះការទទួលបានចំណូលនេះទាមទាររយៈពេលវែង ហើយអ្នកវិនិយោគក៏គាត់ចំណាយច្រើនលើការវិនិយោគ។ សរុបបានជាង ១៥លានដុល្លារ អ៊ីចឹងដំបូងគឺយើងទទួលបានចំណូលតិចដោយសារថ្លៃវិនិយោគខ្ពស់ ដូច្នេះថ្ងៃក្រោយយើងនឹងទទួលបានចំណូលកាន់តែច្រើនបន្ថែមទៀត»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាបានលើកឡើងថា ចាប់តាំងពីប្រទេសកម្ពុជាចាប់ផ្តើមបើកដំណើរការអាជីវកម្មរ៉ែមាស នាខែមិថុនា ឆ្នាំ ២០២១ មកដល់ខែវិច្ឆិកា ឆ្នាំ ២០២២ គឺមានក្រុមហ៊ុនចំនួន ៤ ដែលបានទទួលអាជ្ញាប័ណ្ណក្នុង ៤ ទីតាំងផ្សេងគ្នា គឺនៅខេត្តចំនួន ៣ គឺព្រះវិហារ, ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីខែវិច្ឆិកាថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មរ៉ែមាសដល់ក្រុមហ៊ុន ៤ ខាងលើ ចំណែកក្រុមហ៊ុនមួយចំនួនទៀតគឺស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។
លោកបន្ថែមថា ទាក់ទងក្រុមហ៊ុនទាំង ៤ នោះ គឺមានតែក្រុមហ៊ុន Renaissance មួយទេដែលគាត់ចម្រាញ់៩០ ភាគរយ ដើម្បីដឹកចេញទៅក្រៅប្រទេសដើម្បីបន្សុទ្ធទៅជាមាស ៩៩,៩៩ ភាគរយ ឬខ្មែរយើងហៅថា មាសទឹក ១០។ ក្រៅពីនោះសុទ្ធសឹងតែជាក្រុមហ៊ុនដែលគាត់ចម្រាញ់មាសសុទ្ធ គឺ ៩៩,៩៩ នៅក្នុងស្រុក។
ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនមកពីប្រទេសអូស្ដ្រាលី និងជាក្រុមហ៊ុនទី ១ អាចចាប់ផ្ដើមផលិតមាសជាលើកដំបូង នៅប្រទេសកម្ពុជា ផ្លូវការកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ នឹងផ្តល់ផលប្រយោជន៍ចំណូលដុលមធ្យម ១៨៥ លានដុល្លារ ក្នុង ១ ឆ្នាំក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យម ៤០ លានដុល្លារក្នុង ១ ឆ្នាំ៕