ភ្នំពេញ: នៅមុនវិបត្ដិកូវីដ ១៩ កម្ពុជាទទួលភ្ញៀវទេសចរបរទេសក្នុងរង្វង់ជិត ៧ លាននាក់ ជាពិសេសអំឡុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ដែលទេសចរចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងទីផ្សារទេសចរណ៍នៅកម្ពុជា។
អំឡុងពេលរោគរាតត្បាតសកលកូវីដ ១៩ ជាពិសេសការបិទព្រំដែន និងការបិទខ្ទប់ចុងក្រោយបំផុតរបស់ប្រទេសចិន ឆ្នាំ ២០២០ កម្ពុជាមានភ្ញៀវទេសចរបរទេសជាង ១ លាន ៣ សែននាក់ រីឯនៅឆ្នាំ ២០២១ ទេសចរបរទេសធ្លាក់អស់ ៨៥ ភាគរយ មកនៅត្រឹមក្រោម ២០ ម៉ឺននាក់ប៉ុណ្ណោះ។
មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា វិស័យទេសចរណ៍នៅកម្ពុជាបានស្ទុះងើបឡើងវិញបន្ដិចម្ដងៗ ដែលអាចចំណាយពេលប្រមាណ ៣ ទៅ ៤ ឆ្នាំ ទើបអាចវិលទៅរកសភាពមុនវិបត្ដិកូវីដ ១៩ ស្របពេលនៅឆ្នាំ ២០២២ កន្លងទៅនេះ មានភ្ញៀវទេសចរចំនួនជិត ២,២៨ លាននាក់។
លោក អាំង សុវណ្ណារ័ត្ន អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងប្រតិបត្ដិការអន្ដរជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «សម្រាប់ឆ្នាំ ២០២៣ នេះ ស្ថានភាពនឹងបន្ដកាន់តែប្រសើរជាមួយការមកដល់ភ្ញៀវទេសចរអន្ដរជាតិបន្ថែមទៀតពីគោលដៅនានា រួមទាំងទេសចរចិនផងដែរ។ យើងនៅមិនទាន់អាចធ្វើការវាយតម្លៃបានច្បាស់នៅឡើយទេ ដោយសារទើបខែមករាដើមឆ្នាំនៅឡើយ»។
លោកបានឱ្យដឹងថា ចំពោះទេសចរផ្ទៃក្នុង វាបានមកដល់កម្រិត ១ ដែលប្រហាក់ប្រហែលនឹងមុនវិបត្ដិកូវីដ ១៩ ដោយនៅក្នុងឆ្នាំ ២០២២ កន្លងទៅ មានទេសចរជាតិដើរលេងកម្សាន្ដនៅទូទាំងប្រទេសជិត ១៤ លាននាក់ ហើយបរទេសផ្ទៃក្នុងដែលរស់នៅ និងធ្វើការនៅកម្ពុជា មានចំនួន ១,៨ លាននាក់។
លោក សុវណ្ណារ័ត្ន បានបន្ដថា៖ «យើងរំពឹងថា ភ្ញៀវទេសចរអន្ដរជាតិក្នុងឆ្នាំ ២០២៥ ឬ ២០២៦ យើងនឹងបានឈានទៅដល់កម្រិត ១ នៃការមកដល់ភ្ញៀវទេសចរអន្ដរជាតិប្រហែលជាង ៧ លាននាក់ឡើងវិញ»។
កាលពីឆ្នាំ ២០២០ និងឆ្នាំ ២០២១ លោក សុខ ទ្រី មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិន បានចាប់របរបកប្រែភាសាចិននៅភ្នំពេញជាបណ្ដោះអាសន្ន។ ពេលទទួលដំណឹងថា ចិនបានបើកជើងមេឃឱ្យប្រជាជនរបស់ខ្លួន និងអ្នកដំណើរបរទេសចេញចូលដោយសេរីជាមួយការលុបបំបាត់គោលនយោបាយកូវីដសូន្យ លោក ទ្រី អាយុ ៣៥ ឆ្នាំ បានវិលទៅកាន់ស្រុកកំណើតក្នុងខេត្ដសៀមរាប ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ទេសចរចិនឡើងវិញ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន China Daily នៅថ្ងៃទី ២១ ខែមករា បានឱ្យដឹងថា កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសទាំង ២០ ដែលរដ្ឋាភិបាលចិនបានកំណត់បើកឱ្យប្រជាពលរដ្ឋខ្លួនអាចទៅទស្សនាបាន ចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ ខាងមុខនេះតទៅ។
របាយការណ៍ភ្ញៀវទេសចរឆ្នាំ ២០២២ បានបង្ហាញថា ភ្ញៀវទេសចរចិន ទើបនឹងបានជាង ១០ ម៉ឺននាក់នៅឡើយទេ ក្នុងឆ្នាំ ២០២២ ដែលឈរនៅលំដាប់ទី ៣ បន្ទាប់ពីថៃ និងវៀតណាម។ ចំពោះភ្ញៀវបស្ចិមប្រទេស អាមេរិកឈរលេខ ១ ដែលមានចំនួនជិត ១០ ម៉ឺននាក់ បារាំងជាង ៥ ម៉ឺននាក់ និងអង់គ្លេសមានចំនួនជាង ៤ ម៉ឺននាក់។
លោក ទ្រី ដែលអាជីពជាមគ្គុទ្ទេសក៍ភាសាចិនតាំងពីឆ្នាំ ២០១១ បានថ្លែងថា៖ «យ៉ាងណាមិញ ដោយក្ដីរំពឹងទទួលបានភ្ញៀវខ្លះនៅអំឡុងរដូវបុណ្យចូលឆ្នាំចិន ខ្ញុំបែរមិនទទួលបានការហៅដើរភ្ញៀវសូម្បីម្នាក់នៅឡើយទេ រហូតដល់ថ្ងៃនេះ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានឱ្យដឹងថា សម្រាប់ចុងខែមករានេះ ក៏ដូចជាខែក្រោយ យើងចាប់ផ្ដើមទទួលការកក់ និងសាកសួរព័ត៌មាននានាបណ្ដើរៗហើយ។
លោកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ការដឹកជញ្ជូនផ្លូវការអាកាសមិនទាន់ធ្វើការហោះហើរឱ្យបានច្រើននៅឡើយទេ ដោយសារក្រុមហ៊ុនត្រូវការទាមទារពេលវេលាខ្លះក្នុងការរត់ច្បាប់ហោះហើរ។ ចាប់ពីខែកុម្ភៈ វានឹងមានការហោះហើរបន្ថែមហើយក្រុម tour ធំៗ ក៏ចាប់ផ្ដើមបញ្ជូនមក»។
ទាំងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA និងសមាគមសណ្ឋាគារប្រចាំខេត្ដសៀមរាប បានត្រៀមខ្លួនជាស្រេចក្នុងការទទួលភ្ញៀវទេសចរអន្ដរជាតិ បើទោះបីជាការវិលទៅប្រក្រតីភាពមានសភាពយឺតៗយ៉ាងណាក៏ដោយ។
ក្នុងនាមជាប្រធានសមាគមសណ្ឋាគារប្រចាំខេត្ដសៀមរាប លោក David Jaya Piot បានស្វាគមន៍ចំពោះការថ្លែងរបស់លោកនាយករដ្ឋមន្ដ្រីចំពោះការស្វាគមន៍ភ្ញៀវបរទេស ជាពិសេសទេសចរចិនមកលេងកម្ពុជា។
លោកបានថ្លែងថា សមាគមបានត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវចិន និងភ្ញៀវទាំងអស់ដែលមកកម្សាន្ដក្នុងខេត្ដសៀមរាប។ នៅថ្ងៃអនាគត ភ្ញៀវទេសចរមកលេងខេត្ដសៀមរាបកាន់តែច្រើន សមាគមសណ្ឋាគារកាន់តែមានលទ្ធភាពកសាងសមត្ថភាព។ លទ្ធភាពទទួលភ្ញៀវនឹងកាន់តែប្រសើរឡើង ពេលចំនួនភ្ញៀវទេសចរកើនឡើង។ នេះជាធាតុសត្យានុម័ត។
យ៉ាងណាមិញ លោក David Jaya Piot សហស្ថាបនិក Kulen Elephant Forest បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ២៥ ខែមករាថា៖ «ខ្ញុំជឿថា វិស័យទេសចរណ៍នៅកម្ពុជានឹងមានសម្ទុះកំណើនយឺតៗដោយសារតែបញ្ហាវិបត្ដិសកលជាច្រើន ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ទូទាំងពិភពលោក»។
លោកបានបន្ដថា៖ «លើសពីនេះ យើងក៏អាចមើលឃើញថា ថ្មីៗនេះ កម្ពុជាក៏បានជួបបញ្ហាទីផ្សារផងដែរ បើធៀបនឹងប្រទេសខ្លាំងខាងវិស័យទេសចរណ៍ ដូចជា ថៃ និងវៀតណាមជាដើម»។
លោកមាស សុផា មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេសបានត្រៀមខ្លួនវិលមកកាន់សង្វៀនប្រាង្គប្រាសាទនានា ជាមួយលំហូរភ្ញៀវបរទេសនិយាយភាសាអង់គ្លេសចាប់ផ្ដើមធ្វើដំណើរមកកម្ពុជាជាហូរហែ។
លោកសុផា ដែលបច្ចុប្បន្នកំពុងបម្រើការនៅក្រុមហ៊ុនអចលនទ្រព្យមួយនៅសៀមរាបបានឱ្យដឹងថា៖ «ខ្ញុំមិនបោះបង់ចោលអាជីពមគ្គុទ្ទេសក៍នេះទេ ទោះបីជាខកខានជាង ២ ឆ្នាំទៅហើយក្ដី។សព្វថ្ងៃនេះខ្ញុំមិនទាន់បានដើរភ្ញៀវនៅឡើយ គ្រាន់តែចាប់ផ្ដើមរំឭកចំណេះដឹងនេះវិញបណ្ដើរៗសិន»។
ទាំងលោក សុផា និងលោកទ្រី នៅមានក្ដីរំពឹងតិចតួចក្នុងការវិលត្រឡប់វិញភ្លាមៗរបស់ភ្ញៀវទេសចរដូចមុនសម័យកូវីដ ១៩ ដោយពួកគេមើលឃើញវិបត្ដិកូវីដ វិបត្ដិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នៅតែជះឥទ្ធិពលយូរអង្វែងទៀត។
ដោយសារទេសចរចិនជាទីផ្សារចម្បងមួយរបស់កម្ពុជា ជុំវិញការប្រកាសបើកប្រទេសឡើងវិញរបស់ចិននេះ កម្ពុជាបានរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរចិន និងបានមើលឃើញវត្ដមានទេសចរចិនបណ្ដើរៗពី ១ ថ្ងៃទៅ១ថ្ងៃ។
លោក សុវណ្ណារ័ត្ន ក៏បានទទួលស្គាល់ថា ការផ្លាស់ប្ដូរគោលនយោបាយនៃការបើកចំហឱ្យជនជាតិចិនចេញក្រៅប្រទេសរបស់រដ្ឋាភិបាលចិននេះ កម្ពុជាអាចនឹងឃើញផលនៅក្នុងប៉ុន្មានខែខាងមុខនេះ។
លោកបានបន្ដថា៖ «ជាទិសដៅ យើងបានត្រៀមភ្ញៀវទេសចរចិន ដោយសារនៅមុនវិបត្ដិកូវីដ ១៩ ជាប្រភពទីផ្សារសំខាន់បំផុតមួយរបស់កម្ពុជាយើងសម្រាប់វិស័យទេសចរណ៍។ ក្រសួងបានចេញផ្សាយសេចក្ដីប្រកាសកន្លងទៅនេះដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន»។
លោកបានលើកឡើងថា៖ «យើងសង្ឃឹមថា ចិន ក្នុងនាមមិត្ដល្អរបស់កម្ពុជា គាត់នឹងធ្វើការជ្រើសរើសកម្ពុជាជាគោលដៅសម្រាប់ដំណើរកម្សាន្ដ និងជាទេសចរណ៍ធុរកិច្ចផងដែរ»។
យ៉ាងណាមិញ ក្រសួងទេសចរណ៍ រំពឹងថា ក្នុងឆ្នាំ ២០២៣ នេះ យ៉ាងហោចណាស់ កម្ពុជាទទួលភ្ញៀវចិនជាង ១ លាននាក់ចូលមកកម្ពុជា។
លោកសុខ ទ្រី ដែលអះអាងថា សម័យរុងរឿងរបស់មគ្គុទ្ទេសក៍ភាសាចិនគឺចន្លោះឆ្នាំ ២០១៦ ដល់ ២០១៨ បានឱ្យដឹងថា លោកសង្ឃឹមថា លោកនឹងចាប់ផ្ដើមទទួលភ្ញៀវពីខែកុម្ភៈ ឬខែឧសភាខាងមុខនេះ តែវាស្ថិតនៅក្នុងចំនួនតិចតួចមួយនៅឡើយ ដោយសារភ្ញៀវបរទេស ជាពិសេសចិនកំពុងប្រឈមវិបត្ដិកូវីដ និងសេដ្ឋកិច្ច។
លោក David បានទទួលស្គាល់ថា វិបត្ដិកូវីដ ក៏ដូចជា សង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងថ្លៃប្រេងឥន្ធនៈបានជំរុញឱ្យការធ្វើដំណើរចំណាយខ្ពស់ តែវាផ្ដល់ឱកាសឱ្យទេសចរណ៍ទ្រព្យស្ដុកទៅវិញ។
លោកបានឱ្យដឹងថា៖ «នេះមានន័យថា វិស័យទេសចរណ៍សម្រាប់រយៈពេលសមរម្យទៅមុខទៀត មានការប្រកួតប្រជែងផ្នែកទីផ្សារ និងផ្ដល់បទពិសោធន៍ប្រកបដោយគុណភាពខ្ពស់។ វិស័យទេសចរណ៍សម្រាប់ភ្ញៀវមិនសូវសម្បូរធនធានក្នុងបរិមាណដ៏ច្រើនសន្ធឹក កំពុងតែនៅជួបវិបត្ដិ។ ដូច្នេះ វាត្រូវការពេលវេលាបន្ថែមទៀតក្នុងការងើបឡើងវិញ»។
ចំពោះវត្ដមានអាកាសយានដ្ឋានអន្ដរជាតិក្រុងសៀមរាបដែលសម្រេចការសាងសង់បានប្រមាណជាង ៦០ ភាគរយ ប្រធានសមាគមទាំង ២ បានលើកឡើងស្រដៀងគ្នាថា ពួកគេមានក្ដីរំពឹងខ្ពស់ចំពោះការបង្កើតជើងហោះហើរត្រង់ពីប្រទេសនានាមកកាន់ក្រុងសៀមរាប និងអនុញ្ញាតឱ្យយន្ដហោះធំៗចុះចតបាន។
ពួកគេនិយាយថា៖ «ពិតប្រាកដណាស់ ព្រលានយន្ដហោះថ្មីនៅខេត្ដសៀមរាបនេះ ជួយជំរុញកំណើនភ្ញៀវទេសចរឱ្យកាន់តែច្រើន ដោយសារវាមានវិសាលភាពធំជាង ដែលអាចផ្ទុកអ្នកដំណើរបានច្រើន និងជំរុញឱ្យមានការហោះហើរត្រង់ពីតំបន់ឆ្ងាយៗបាន»៕