ភ្នំពេញៈ ការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញ ការបង្កលក្ខណៈងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងវិនិយោគ បានធ្វើឱ្យទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២២ មានប្រមាណ ៥២,៤២ ពាន់លានដុល្លារ កើន ៩,១ ភាគរយ បើធៀបទិន្នន័យឆ្នាំ ២០២១។ នេះបើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ ២០០៣ ដែលរៀបចំនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ៣០ ខែមករា លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ទោះបីមានការរំខានពីការរីករាលដាលកូវីដ១៩ ក៏កម្ពុជានៅតែអាចសម្រេចបានទំហំពាណិជ្ជកម្មល្អប្រសើរ ដោយក្នុងនោះទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ២០២២ មានប្រមាណ ៥២,៤២ ពាន់លានដុល្លារ ស្មើនឹងកំណើន ៩,១ ភាគរយធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះការនាំចេញរបស់កម្ពុជា ២២,៤៨ ពាន់លានដុល្លារ កើន ១៦ ភាគរយ និងការនាំចូល ២៩,៩៤ ពាន់លានដុល្លារ កើន ៤ ភាគរយ។
លោកបន្តថា ទោះបីក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោកកំពុងជួបនឹងវិបត្តិបណ្តាលមកជំងឺកូវីដ ១៩ ការទទួលរងឥទ្ធិពលពីសង្គ្រាមនៅអ៊ុយក្រែន កំណើនអត្រាអតិផរណា វិបត្តិថាមពល ប្រេងឥន្ធនៈ និងម្ហូបអាហារ ក៏សេដ្ឋកិច្ចកម្ពុជា ពិសេសការនាំចេញទំនិញកម្ពុជានៅតែរក្សាបាននូវកំណើនគួរឱ្យកត់សម្គាល់។ កំណើនពាណិជ្ជកម្មកម្ពុជាអាចមកពីមូលហេតុមួយចំនួនដូចជា ការជំរុញឱ្យមានកំណើននាំចេញតាមរយៈការប្រើប្រាស់ទីផ្សារអនុគ្រោះដែលមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារ ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានា។
លោកថ្លែងថា៖ «តាមរយៈទិសដៅការងារពាណិជ្ជកម្មដែលបានដាក់ចេញកាលពីដើមឆ្នាំ ២០២២ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តខ្ពស់នៅក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះក្រសួងក៏បង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កំណើនពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ជាពិសេសការនាំចេញទៅទីផ្សារអន្តរជាតិនៅក្នុងដំណាក់កាលដ៏លំបាកនេះ គឺកើតឡើងពីការខិតខំ និងការដាក់ចេញនូវយុទ្ធសាស្ត្រល្អៗរបស់រាជរដ្ឋាភិបាលដែលមានភាពបត់បែនស្របតាមដំណើរវិវឌ្ឍន៍នៃសភាពការណ៍សកល។ ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ និងការបើកប្រទេសឡើងវិញឆាប់រហ័សបានជួយឱ្យកម្ពុជាអាចបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ព្រមទាំងអាចទាក់ទាញបានការវិនិយោគថ្មីៗ។
លោកប្រាប់ថា៖ «ជាមួយនឹងភាពរីកចម្រើននេះខ្ញុំគិតថា ក្នុងឆ្នាំ ២០២៣ នេះទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានឹងកើនថែមទៀតធៀបឆ្នាំ ២០២២»។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣» កាលពីថ្ងៃទី ២៥ ខែមករាថា កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ គឺកំពុងខិតខំយ៉ាងខ្លាំងក្នុងការចាប់យកឱកាសពីវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងកើតមាននៅពេលនេះ ដោយតាមការព្យាករក្នុងឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ ៥,២ ភាគរយ និងឆ្នាំ ២០២៣ នឹងសម្រេចបានក្នុងអត្រា ៥,៦ ភាគរយ។
លោកបញ្ជាក់ថា៖ «នៅចំពោះមុខដ៏លំបាកនេះយើងត្រូវតែកាត់បន្ថយឱ្យបានជាអតិបរមាពីផលប៉ះពាល់ជាអវិជ្ជមាន ហើយចាប់យកឱកាសដើម្បីភាពរីកចម្រើន ព្រោះរាល់វិបត្តិគឺសុទ្ធតែជាឱកាស»៕