ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស កាលពីពេលថ្មីៗនេះ បានលើកឡើងថា រាជរដ្ឋាភិបាលមានគោលការណ៍បោះទុនរាប់រយលានដុល្លារ ដើម្បីប្រមូលទិញកសិផល របស់ប្រជាកសិករ ចៀសវាងការបន្ទាបថ្លៃឈ្មួញកណ្តាល ឬក៏ឈ្មួញដែលប្រមូលទិញកសិផលពីកសិករ។
នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងប្រាប់ឱ្យដឹងដែរថា នៅក្នុងសន្និបាតនេះ មានការណែនាំដល់ក្រសួងជំនាញ ដើម្បីត្រៀមលក្ខណៈពីឥឡូវទៅ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគោលការណ៍សំខាន់ៗទាក់ទងនឹងវិស័យកសិកម្មនេះ នៅក្នុងអាណត្តិទី៧ ខាងមុខនេះ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងមានបញ្ហាចោទទាក់ទងនឹងវិស័យកសិកម្មនេះ ទី១ បច្ចេកទេសក្នុងផលិតកម្ម, ទី២ បញ្ហាទីផ្សារ, ទី៣ ត្រូវគិតគូរពីការបង្កើតសមាគមកសិករ។
លោក សុខ ឥសាន បានថ្លែងបញ្ជាក់ដូច្នេះថា៖« ឥឡូវនេះសន្និបាតដាក់ចេញនូវគោលការណ៍ជួយគាំពារ ដោយមហាសន្និបាតបានលើកឡើងនោះគឺលើកទិសដៅ ដើម្បីដាក់ប្រភពទុនរាប់រយលានដុល្លារ ដើម្បីទទួលនូវកសិផលមួយចំនួន ដើម្បីគាំពារកុំឱ្យតម្លៃកសិផលនេះ ត្រូវបានឈ្មួញកណ្តាលបន្ទាបថ្លៃទៅតាមចិត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កសិករយើង។ ដូចនេះយើងត្រៀមបម្រុងហិរញ្ញប្បទាន សម្រាប់ធានាទិញកសិផលរបស់បងប្អូន និងបង្កើតសមាគមកសិកម្ម ដើម្បីឱ្យមានកម្លាំងធៀបជាមួយឈ្មួញ»។
តាមរយៈបណ្តាញសង្គម លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានចំណាប់អារម្មណ៍ថា កម្មវិធីនយោបាយសំខាន់ចំនួន ៥+១ ដែលលើកឡើងដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស ជាកម្មវិធីនយោបាយល្អដែលផ្តោតលើវិស័យសង្គមកិច្ចដោយបញ្ចូលបន្ថែមការគាំទ្រដល់ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការបណ្តុះបណ្តាលវិជ្ជាជីវ:ដល់យុវជន និងលើកស្ទួយវិស័យកសិកម្មជាពិសេសការរៀបចំឱ្យមានអ្នកជំនាញកសិកម្មនៅគ្រប់ឃុំ និងទុនសម្រាប់ជួយដោះស្រាយបញ្ហាតម្លៃនិងទីផ្សារកសិផល។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា មហាសន្និបាតដំណើរការទៅប្រកបដោយបរិយាកាសល្អប្រសើរនិងទទួលបានលទ្ធផល លើសការរំពឹងទុក ជាពិសេសការសម្រេចលើគោលនយោបាយកសិកម្ម។ការរៀបចំឱ្យមានអ្នកជំនាញកសិកម្មគ្រប់ឃុំ ការគាំទ្រដល់សមាគមកសិករដើម្បីចូលរួមទីផ្សារ និងមានអំណាចចរចាតម្លៃ និងការរៀបចំឲ្យមានទុនសម្រាប់ទិញកសិផលនឹងចូលរួមចំណែកលើកស្ទួយផលិតកម្មកសិកម្ម ប្រាក់ចំណូលកសិករ សន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគាំទ្រយ៉ាងខ្លាំង ចំពោះគោលនយោបាយ និងគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានគោលជួយដល់កសិករលើបញ្ហាទីផ្សារ និងតម្លៃនេះ ព្រោះកន្លងមក ឱ្យតែដល់ពេលរដូវប្រមូលផលម្តងៗ ឈ្មួញតែងបញ្ចុះ ឬដំឡើងថ្លៃតាមអំពើចិត្ត ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាកសិករ។
លោកបានបន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលគ្រោងនឹងចំណាយរាប់រយលានដុល្លារ ដើម្បីប្រមូលទិញកសិផលពីកសិករ ជាគោលនយោបាយដ៏ល្អបំផុតក្នុងការជួយដល់កសិករ ដោយរំពឹងគោលនយោបាយនេះ នឹងអាចដាក់ចេញក្នុងពេលឆាប់ៗនេះ សំដៅធ្វើយ៉ាងណាជួយដល់កសិករដែលកំពុងត្រូវការជំនួយនេះ។
លោក អួន ស៊ីឡុត បានបញ្ជាក់ទៀតថា៖ «បើក្រឡេកទៅមើលប្រទេសជិតខាងយើង ដូចជាវៀតណាមជាដើម ឱ្យតែដល់ពេលរដូវទិញស្វាយចន្ទី ឬស្រូវជាដើម គឺរាជរដ្ឋាភិបាលគេ នឹងបញ្ចេញកញ្ចប់ថវិកា ឱ្យទៅក្រុមហ៊ុនឯកជន ក្នុងអត្រាការប្រាក់ទាប ដើម្បីធ្វើយ៉ាងប្រមូលទិញកសិផលពីកសិករឱ្យអស់ រហូតដល់ទិញកសិផលពីកសិករយើងថែមទៀត។ដូចនេះបើសិនជាកម្ពុជាយើងអនុវត្តដូចគ្នានេះដែរ ពិតជាល្អមែនទែន»។
លោកបានបន្ថែមថា នៅប្រទេសវៀតណាម អត្រាការប្រាក់សម្រាប់វិស័យកសិកម្មគឺទាបខ្លាំងណាស់ ត្រឹម ១,៥ ភាគរយប៉ុណ្ណោះ ដែលការធ្វើបែបនេះ មិនអាចឱ្យក្រុមហ៊ុនឯកជន ឬឈ្មួញទម្លាក់ថ្លៃទៅតាមចិត្តបានទេ ដោយខុសពីកម្ពុជា ឈ្មួញអាចទម្លាក់តម្លៃទៅតាមចិត្ត។
ចំណែក លោក វណ្ណ ឫទ្ធី ប្រធាននាយកដ្ឋាននាំចេញ នៃក្រុមហ៊ុនអង្គរហ្គ្រីន ដែលជាក្រុមហ៊ុនដាំដុះ និងប្រមូលទិញស្វាយកែវល្មៀត ពីកសិករ បានឱ្យដឹងដែរថា បើសិនជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការបញ្ចេញទុន ដើម្បីប្រមូលទិញកសិផលពីកសិករអាចអនុវត្តបានមែននោះ គឺជាដំណឹងល្អបំផុតសម្រាប់ប្រជាកសិករ។
លោក ឫទ្ធី បានឱ្យដឹងទៀតថា កន្លងទៅបញ្ហាធ្លាក់ថ្លៃកសិផលនៅពេលប្រមូលផលនេះដោយសារតែ អ្នកទិញខ្វះទុន ស្របពេលដែលកសិករប្រមូលផលតំណាលគ្នា ។ជាក់ស្តែងដូចករណីស្វាយកែវរមៀត ធ្លាក់ថ្លៃនាពេលកន្លងទៅ បានធ្វើឱ្យកសិករមួយចំនួនសម្រេចបោះបង់ការដាំដុះស្វាយ ហើយទៅដាំដំណាំផ្សេងវិញ។
លោកបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលធ្វើបែបនេះ នឹងជួយជំរុញការផលិតរបស់កសិករឱ្យមានភាពយូរអង្វែង។ យើងឃើញថា ស្ទើតែគ្រប់ផលិតផលកសិកម្មទាំងអស់ ឱ្យដល់ពេលប្រមូល តែងតែមានការចុះថ្លៃ ដោយសារតែកសិករប្រមូលផលដំណាលគ្នា ហើយអ្នកទិញក៏ខ្វះដើមទុន ទើបមានបញ្ហានេះ។យើងសង្ឃឹមថា ហិរញ្ញប្បទានរបស់រដ្ឋាភិបាលនេះ នឹងជួយបានច្រើនដល់កសិករយើង»៕
វីដេអូ៖