ភ្នំពេញៈ រយៈពេលពេល ១ ខែដើមឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគសរុបចំនួន ១០ ដែលមានទុនវិនិយោគជិត ១០០ លានដុល្លារ និងបង្កើតការងារបាន ២១ ១៧៣ កន្លែង ដោយក្នុងនោះ ៨០ ភាគរយ ជាប្រភេទរោងចក្រវាយនភណ្ឌ។
ការគណនារបស់ ភ្នំពេញ ប៉ុស្តិ៍ ដោយផ្អែកលើសេចក្តីប្រកាសព័ត៌មានរបស់ CDC បង្ហាញថា ក្នុងខែមករា ឆ្នាំ ២០២៣ មានគម្រោងវិនិយោគឯកជនចំនួន ១០ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័តឱ្យវិនិយោគ ក្នុងនោះ ៨ ស្ថិតក្នុងវិស័យវាយនភណ្ឌ និង ២ ជាប្រភេទផលិតកម្មអំពូលអគ្គិសនី។
គម្រោងទាំង ៨ ដែលស្ថិតក្នុងវិស័យវាយនភណ្ឌ រួមមាន គម្រោងបង្កើតរោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន New Target Footwear(Cambodia) Co., Ltd មានទីតាំងនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមក្នុងទុន វិនិយោគ ៧,៥ លានដុល្លារ អាចបង្កើតការងារ ១ ៩៣៨ កន្លែង, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ Golden Island Garments (Cambodia) Co., Ltd ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ៥,៤ លានដុល្លារ បង្កើតការងារបាន ២ ១៣៥ កន្លែង, គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង កាបូប និងមួក របស់ក្រុមហ៊ុន Jin Long Quan (Cambodia) Co., Ltd នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគ ៥,១ លានដុល្លារ បង្កើតការងារ ៨៨៣ កន្លែង និងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន Aroma Success Garment Co., Ltd នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៣៦,៦ លានដុល្លារ បង្កើតការងារបាន ៣ ១៥៨ កន្លែង។
CDC ឱ្យដឹងទៀតថា ចំណែកគម្រោងចំនួន ៤ ទៀតក្នុងវិស័យវាយនភណ្ឌ រួមមាន គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូបរបស់ក្រុមហ៊ុន Qi HengXin Factory Co., Ltd នៅផ្លូវជាតិលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល ទុនវិនិយោគ ៨,៨ លានដុល្លារ អាចបង្កើតការងារបាន ២ ៩៣០ កន្លែង, គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក របស់ក្រុមហ៊ុន Windara International Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ ៥,៤ លានដុល្លារ អាចបង្កើតការងារបាន ២ ៧១៤ កន្លែង, គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ Yue Wing Cheong Manufactory Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ ៥,៤ លានដុល្លារ បង្កើតការងារបាន ៧៣៨ កន្លែង និងគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន Xin Shun Jie (Cambodia) Leather Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,២ លានដុល្លារ និងអាចបង្កើតការងារបាន ១ ១៣៣ កន្លែង។
ដោយឡែកគម្រោងដែលស្ថិតក្នុងផលិតកម្មអំពូលភ្លើងអគ្គិសនី រួមមាន គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារប្លាស្ទិក និងសម្ភារបរិក្ខារជួសជុល (ដែកស្វាន វីស...) របស់ក្រុមហ៊ុន Technomate (Cambodia) Technology Co., Ltd. នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ១០ លានដុល្លារអាចបង្កើតការងារបាន ៧៥០ កន្លែង និងគម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា និងបរិក្ខារអគ្គិសនី របស់ក្រុមហ៊ុន Technomate (Cambodia) Precision Metal Co., Ltd. នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង មានទុនវិនិយោគ ១០ លានដុល្លារ អាចបង្កើតការងារបាន ៧៥០ កន្លែង។ នេះបើតាម CDC។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១ ខែកុម្ភៈថា ទោះបីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ជម្លោះភូមិសាស្ត្រនយោបាយ និងវិបត្តិសង្គ្រាមរវាងប្រទេសអ៊ុយក្រែន-រុស្ស៊ី នៅបន្តការគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក ក៏កម្ពុជានៅតែទទួលបានការចូលមកបណ្តាក់ទុនថ្មីៗជាបន្តបន្ទាប់។
លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានជាមួយប្រទេសដៃគូ គឺកំពុងចូលរួមចំណែកយ៉ាងច្រើនក្នុងការទាក់ទាញអ្នកវិនិយោគឱ្យបណ្តាក់ទុន។ ដោយសារកម្ពុជាមានទីផ្សារនាំចេញទំនិញកាន់តែច្រើន ដូច្នេះការផលិត និងនាំចេញនឹងកាន់តែមានលក្ខណៈចម្រុះនៅពេលខាងមុខ។
លោកលើកឡើងថា៖«ខ្ញុំគិតថា ចំនួនក្រុមហ៊ុនដែលចូលមកបណ្តាក់ទុននៅកម្ពុជានឹងកើនកាន់តែច្រើន ព្រោះក្រៅពីមានទីផ្សារនាំចេញច្រើន កម្ពុជាក៏ទទួលបានផលចំណេញមួយចំនួនពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ ដែលធ្វើឱ្យរោងចក្រមួយចំនួនផ្លាស់ប្តូរទីតាំងមកកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ទាប់ពីកិច្ចពិភាក្សាធុរកិច្ចកម្ពុជា-តួកគី កាលពីថ្ងៃទី ១២ ខែមករា ថា កត្តាស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចរឹងមាំ ភាពទាក់ទាញនៃច្បាប់វិនិយោគថ្មី ព្រមទាំងការកែសម្រួលនីតិវិធីរដ្ឋបាលឱ្យកាន់ភាពងាយស្រួល បានជួយឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងបរទេសកាន់តែច្រើនមកបណ្តាក់ទុន។
លោកបន្តថា ក្រៅពីកត្តាខាងក្នុង កម្ពុជាក៏កំពុងបើកការចរចា និងសម្រេចបាននូវផលវិជ្ជមានមួយចំនួនពីការបើកទីផ្សារនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ជាដើម។
លោកបញ្ជាក់ថា៖«ចំនួនក្រុមហ៊ុនដែលចូលមកវិនិយោគនៅកម្ពុជានឹងមានចំនួនកាន់តែច្រើនថែមទៀត នៅពេលកំណើនសេដ្ឋកិច្ចពិភពលោករឹងមាំឡើងវិញ»។ លោកប្រាប់ទៀតថា ការបណ្តាក់ទុននៅកម្ពុជានាពេលនេះ ក៏មានលក្ខណៈកាន់តែចម្រុះវិស័យផងដែរ។
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់សរុប ៤១ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយបើធៀបនឹងឆ្នាំ២០២០។
ក្នុងនោះវិស័យហិរញ្ញវត្ថុ មានចំនួន ៩,៤ ពាន់លានដុល្លារ ស្មើនឹង ២២,៩ភាគរយ, កម្មន្តសាល ៨,៥ ពាន់លានដុល្លារ ស្មើ ២០,៨ ភាគរយ, អចលនទ្រព្យ ៤,៩ ពាន់លានដុល្លារ ស្មើ ១២ ភាគរយ, សណ្ឋាគារ និងភោជនីយដ្ឋាន ៤,៤ ពាន់លានដុល្លារ ស្មើនឹង ១០,៧ភាគរយ, កសិកម្ម ៤,២ លានដុល្លារ ស្មើ ១០,៣ ភាគរយ, អគ្គិសនី ២,៦ ពាន់លានដុល្លារ ស្មើនឹង ៦,២ ភាគរយ, សំណង់ ១,៦ ពាន់លានដុល្លារ ស្មើនឹង ៤,១ ភាគរយ និងផ្នែកផ្សេងៗ មានចំនួន ៥,៣ពាន់លានដុល្លារ ស្មើនឹង ១៣ ភាគរយ៕