ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មមានផែនការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ ទីតាំងនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែច្រើនថែមទៀត ដើម្បីទាញយកនូវឧត្តមប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំង ២ កំពុងអនុវត្ត។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មប្រចាំឆ្នាំ ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០០៣ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៣១ ខែមករា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងយុទ្ធសាស្ត្រសមាហរណកម្ម និងពិពិធកម្មទីផ្សារ ក្រសួងពាណិជ្ជកម្មបានរៀបចំ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្នុងក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន រួចហើយដើម្បីដាក់តាំងបង្ហាញ និងលក់ផលិតផលកម្ពុជាជាអចិន្រ្ដៃយ៍ ខណៈជំហានបន្ទាប់នឹងទៅធ្វើនៅក្នុងប្រទេសចិន។
លោកអះអាងថា៖ «បច្ចុប្បន្នក្រសួងកំពុងរៀបចំរាយការណ៍ស្តីពីការចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ ទីតាំងគឺនៅទីក្រុងឆាងឈុន, ហាបីន, ណានជីង, ថាយយាន, និងចឹងចូវដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជាទៅទីផ្សារចិនថែមទៀត»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៥២ ៤២៤,៥៣៩ លានដុល្លារ កើន ៩,២ ភាគរយធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅកាន់ទីផ្សារអន្តរជាតិ ២២ ៤៨២,៩៣៧ លានដុល្លារ កើន ១៦,៤ ភាគរយ និងទំនិញកម្ពុជានាំចូល ២៩ ៩៤១,៦០២ លានដុល្លារ កើន ៤,៣ ភាគរយ។
ផ្អែកតាមទិន្នន័យខាងលើ គឺពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន មានទឹកប្រាក់សរុប ១១ ៦៨៦,១៦៤ លានដុល្លារ កើន ៤,៤ភាគរយបើធៀបឆ្នាំ ២០២១ ដោយក្នុងនោះការនាំទំនិញពីប្រទេសចិនមកកម្ពុជា មាន ១០ ៤៤៥,៥៣៣ លានដុល្លារ កើន ៧,៩ភាគរយ ចំណែកទំនិញនាំទៅប្រទេសចិន ១ ២៤០,៦៣ លានដុល្លារ ធ្លាក់ចុះ ១៧,៩ ភាគរយ។ ជញ្ជីងពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសចិន ក្នុងឆ្នាំ ២០២២ គឺកម្ពុជាមានឱនភាព ចំនួន ៩ ២០៤,៩០៣ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រៅប្រទេសទោះក្នុងរូបភាពរដ្ឋាភិបាល ឬផ្នែកឯកជន គឺសុទ្ធតែផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះទីតាំងទាំងនោះនឹងអាចត្រូវប្រើប្រាស់ជាកន្លែងជួបពិភាក្សា និងផ្តល់ព័ត៌មានពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ហើយក៏ជាកន្លែងតាំងលក់ ឬផ្សព្វផ្សាយផលិតផលកម្ពុជាផងដែរ។
លោកបន្ថែមថា ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនក្នុងប្រទេសចិន គឺពិតជាចាំបាច់ ព្រោះចិន គឺជាប្រទេសធំ មានប្រជាជនច្រើន ជាពិសេសកម្ពុជាចិនក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលចូលជាធរមានកាលពីដើមឆ្នាំ ២០២២ មក។ តាមរយៈកិច្ចព្រមព្រៀងនេះនឹងជួយទាក់ទាញអ្នកវិនិយោគចិនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
លោកថ្លែងថា៖ «ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅតំបន់សំខាន់ៗក្នុងប្រទេសចិននឹងជួយឱ្យទំនិញកម្ពុជាមានទីផ្សារកាន់តែច្រើន»។
លោកប្រាប់ទៀតថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជាក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសជប៉ុន និងកាណាដា ផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា ទោះបច្ចុប្បន្នការធ្វើទំនាក់ទំនងឆ្ងាយៗភាគច្រើនត្រូវបានធ្វើតាមប្រព័ន្ធអនឡាញ ប៉ុន្តែការបើកមជ្ឈមណ្ឌលដោយផ្ទាល់ គឺពិតជាចាំបាច់ និងអាចផ្តល់ផលចំណេញច្រើនសម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសចិន។
លោកបញ្ជាក់ថា៖ «ប្រទេសចិនមានប្រជាជនច្រើន និងទីផ្សារធំ ដូច្នេះបើទំនិញកម្ពុជាអាចឆ្លើយតបនឹងការចង់បាននៅចិននោះ ការនាំចេញនឹងហក់ឡើងខ្ពស់ ខណៈតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ក៏នឹងជួយសម្រួលលក្ខខណ្ឌការនាំចេញនាំចូលទំនិញរវាងប្រទេសទាំង ២ ផងដែរ»។
ទិន្នន័យធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៤១ពាន់លានដុល្លារ ក្នុងនោះការវិនិយោគរបស់វិនិយោគិនចិន ស្ថិតនៅលើគេ ដោយមានចំនួន ១៨ ពាន់លានដុល្លារ ស្មើ ៤៣,៩ភាគរយ តាមពីក្រោយដោយប្រទេសកូរ៉េ, សិង្ហបុរី, វៀតណាម, ជប៉ុន, និងម៉ាឡេស៊ី ជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីចុងខែមករា បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ នឹងសម្រេចបានក្នុងរង្វង់ ៥,២ ភាគរយ និងឆ្នាំ ២០២៣ ក្នុងរង្វង់ ៥,៦ ភាគរយ។
ចំណែកធនាគារពិភពលោក (WB) កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៤,៨ ភាគរយក្នុងឆ្នាំ ២០២២ ហើយនៅឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចនឹងកើនដល់ ៥,២ ភាគរយ៕