ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុក HTTH Island Investment Co.Ltd កំពុងធ្វើការសិក្សាលើគម្រោងវិនិយោគកោះថ្មី ដែលមានផ្ទៃដី ១ ៦៦៨ ហិកតាក្នុងខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍទៅជាតំបន់អេកូទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកបានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន HTTH Island Investment Co.Ltd សម្រាប់ការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនៃគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិនៅលើកោះថ្មី ដែលគម្រោងនេះមានផ្ទៃដី ១ ៦៦៨ ហិកតា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «យើងបានប្រជុំពិភាក្សាពិគ្រោះយោបល់ដើម្បីផ្តល់ធាតុចូល ការយល់ឃើញ ចម្ងល់ និងសំណូមពរនានាដើម្បីក្រុមការងារធ្វើការលើរឿងនេះ។ ដូច្នេះកាលពីថ្ងៃទី ២៤ ខែមករា យើងបានប្រជុំគ្នា យើងដឹងហើយថា HTTH គឺជាក្រុមហ៊ុនទទួលសិទ្ធិពីរដ្ឋាភិបាលដើម្បីអភិវឌ្ឍ និងវិនិយោគលើកោះថ្មីដែលស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានផ្ទៃដីប្រមាណ ១ ៦៦៨ ហិកតានេះ វិនិយោគប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ៤ លានដុល្លារក្នុងរយៈពេល៣ឆ្នាំដំបូង»។
លោកបញ្ជាក់ថា៖ «នេះ គឺជាគម្រោងដែលធ្វើឡើងដោយការវិនិយោគរបស់ក្រុមហ៊ុនឯកជនដែលនឹងផ្តល់ផលប្រយោជន៍ជាច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះជាចំណែកមួយដែលខេត្តព្រះសីហនុមានសក្តានុពល។ ខ្ញុំជឿថា តាមរយៈការវិនិយោគនេះនឹងបង្កើតការងារ និងបង្កើនចំណូលដល់ខេត្តផងដែរ»។
បើយោងតាមលោក ឌីម៉ង់ ការសិក្សាដើម្បីចេញជារបាយការណ៍នៃផលប៉ះពាល់បរិស្ថានពេញលេញនេះ គឺជាការប្រជុំក្នុងកម្រិតអាជ្ញាធរខេត្ត បន្ទាប់មកក្រុមហ៊ុននឹងធ្វើការជាមួយក្រសួងបរិស្ថានបន្ថែមទៀត។
បើតាមលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ គឺខេត្តព្រះសីហនុមានកោះចំនួន ៣២ ក្នុងនោះកោះចំនួន ៥ នៅក្រុងព្រះសីហនុ, ១៩ នៅក្រុងកោះរ៉ុង, ៧ នៅស្រុកព្រៃនប់ និង ១ នៅស្រុកស្ទឹងហាវ។
លោកបន្តថា មានក្រុមហ៊ុនចំនួន ៤ កំពុងវិនិយោគនៅកោះក្នុងក្រុងព្រះសីហនុ, ៧ ក្រុមហ៊ុននៅ ៩ កោះនៃកោះរ៉ុង និង ១២ ក្រុមហ៊ុនវិនិយោគកោះ ៦ នៅព្រៃនប់។ ទោះយ៉ាងណាលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ធ្លាប់និយាយកាលពីខែសីហា ឆ្នាំ ២០២២ ថា ការអភិវឌ្ឍកោះទាំងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តកាន់តែច្រើន។ ជាពិសេសវានឹងផ្តល់ឱកាសការងារដល់ប្រជាជនក្នុងខេត្ត។
លោកឱ្យដឹងទៀតថា វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដោយប្រយោលមួយចំនួនដល់ប្រជាពលរដ្ឋផងដែរ រួមមានការសាងសង់ ការដឹកជញ្ជូន អាហារ និងកន្លែងស្នាក់នៅ។
លោកអះអាងថា៖ «ទាក់ទងនឹងវិស័យទេសចរណ៍គឺកោះទាំងនេះមានការអភិវឌ្ឍច្រើន។ ពួកគេអភិវឌ្ឍទៅជារមណីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្ត ក៏ដូចជាការបន្ថែមហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីគាំទ្រវិស័យនេះឱ្យកាន់តែមានភាពទាក់ទាញ»៕