ភ្នំពេញៈ កម្ពុជារំពឹងថា ព្រឹត្តិការណ៍ធំៗចំនួន៣ ដែលគ្រោងសហការរៀបចំជាមួយសមាគមមួយមកពីប្រទេសចិន នឹងក្លាយជាចំណែក១ក្នុងការទាក់ទាញអ្នកទេសចរចិនឱ្យធ្វើដំណើរមកកម្សាន្តកម្ពុជាប្រមាណ ១លាននាក់ក្នុងឆ្នាំ២០២៣នេះ ខណៈវិបត្តិកូវីដ១៩បានធ្វើឱ្យចំនួនភ្ញៀវទេសចរចិនធ្វើដំណើរមកកម្ពុជាធ្លាក់ចុះយ៉ាងគំហុកនារយៈពេលជិត៣ឆ្នាំកន្លងមក។
បណ្តាញសង្គមផ្លូវការ«ហ្វេសប៊ុក»របស់ក្រសួងទេសចរណ៍ ឱ្យដឹងថារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីថ្ងៃទី១ ខែកុម្ភៈ បានជួបសន្ទនាជាមួយ លោក Du TianQiaoនាយកប្រតិបត្តិសមាគមសហប្រតិបត្តិការធុរកិច្ច និងសេដ្ឋកិច្ចតំបន់ និងពាណិជ្ជកម្មអន្តរជាតិចិននិងក្រុមប្រតិភូ ដើម្បីពិភាក្សា និងផ្លាស់់ប្តូរយោបល់សំដៅជំរុញលំហូរទេសចរចិនឱ្យធ្វើដំណើរមកកម្ពុជាប្រមាណ ១លាននាក់ក្នុងឆ្នាំ២០២៣។ ឆ្នាំ២០២៣ ក៏ជាខួបលើកទី៦៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-ចិនផងដែរ។
ក្រសួងឱ្យដឹងទៀតថា ដើម្បីជំរុញ និងទាក់ទាញភ្ញៀវទេសចរចិនឱ្យមកកម្សាន្តនៅកម្ពុជា១លាននាក់ក្នុងឆ្នាំ២០២៣ ក្រសួងគ្រោងនឹងសហការគ្នាជាមួយភាគីចិន និងផ្នែកពាក់ព័ន្ធសម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៣ គឺទី១ ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងកីឡា (ព្រឹត្តិការណ៍ម៉ារ៉ាតុង, វាយកូនគោល ជាពិសេសការសម្តែងក្បាច់គុនសៅលិញរបស់សាកលវិទ្យាល័យសៅលិញ រួមជាមួយ ក្បាច់គុនល្បុក្កតោរបស់កម្ពុជា នៅមុនព្រឹត្តិ ការណ៍ SEA Games លើកទី៣២ នៅរាជធានីភ្នំពេញ, ទី២ វេទិកាធុរកិច្ចនិងវិនិយោគទេសចរណ៍កម្ពុជា-ចិន, និងទី៣ រៀបចំព្រឹត្តិការណ៍តន្ត្រីកម្ពុជា-ចិន ដែលមានតារាល្បីៗរបស់ចិន និងកម្ពុជាចូលរួម។
លោក ថោង ខុន បាននិយាយថា៖«ដើម្បីឱ្យផែនការនេះអាចដំណើរការទៅមុខដោយរលូន ខ្ញុំស្នើឱ្យសមាគមរៀបចំគម្រោងច្បាស់លាស់ និងផែនការលម្អិត ដើម្បីអាចឱ្យក្រសួងទេសចរណ៍កម្ពុជាពិនិត្យ និងផ្តល់យោបល់ ព្រមទាំងបង្កើតក្រុមការងារក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនេះ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២ ខែកុម្ភៈថា មុនពេលមានវត្តមានជំងឺកូវីដ១៩ ទេសចរចិនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយមានចំនួនរហូតដល់ជាង ២លាននាក់ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុបជាង ៦,៦លាននាក់(ឆ្នាំ២០១៩) ដែលធ្វើដំណើរមកកម្ពុជា។
ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា និងការប្រកាសដកចេញនូវវិធានការកូវីដ១៩ សូន្យរបស់រដ្ឋាភិបាលចិន នឹងជួយឱ្យកម្ពុជាទាក់ទាញភ្ញៀវទេសចរចិនជាច្រើនឱ្យធ្វើដំណើរមកកម្ពុជា។
លោកស្រីប្រាប់ទៀតថា ព្រឹត្តិការណ៍ទេសចរណ៍នានា ពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនារយៈពេលជាង ៩០ថ្ងៃខាងមុខ ក៏ជាផ្នែកដ៏សំខាន់ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ពិសេសមកពីប្រទេសចិនឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាផងដែរ។
លោកស្រីថ្លែងថា៖«តាមការព្យាករក្នុងឆ្នាំ២០២៣ នេះកម្ពុជារំពឹងអាចទទួលបានភ្ញៀវទេសចរបរទេស ៤លាននាក់ ដោយក្នុងនោះភ្ញៀវជនជាតិចិនអាចមានយ៉ាងហោច ១លាននាក់។ ភ្ញៀវទេសចរចិន នឹងជួយបំពេញឱ្យចំនួនភ្ញៀវដទៃទៀតដែលចូលមកទស្សនានៅកម្ពុជានៅមានកម្រិត»។
លោកខៀវធីប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ បាននិយាយថា ចំនួនភ្ញៀវទេសចរបរទេស រួមទាំងជនជាតិចិន ដែលធ្វើដំណើរមកកម្សាន្តនៅខេត្តសៀមរាបបានកើនឡើងវិញជាបណ្តើរៗហើយ ខណៈចន្លោះពីឆ្នាំ២០២០-២០២២ គឺស្ទើរតែគ្មានសោះ។ ការមកដល់របស់ភ្ញៀវទេសចរបរទេស គឺជាពន្លឺនៃក្តីសង្ឃឹមសម្រាប់អ្នកនៅក្នុងវិស័យទេសចរណ៍។
លោកបន្តថា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកមានអ្នកបម្រើការក្នុងវិស័យទេសចរណ៍ជាច្រើនរូប បានចាកចេញទៅធ្វើការក្នុងវិស័យផ្សេងៗ។
លោកអះអាងថា៖«ខ្ញុំរំពឹងថា អ្នកដែលប្រកបរបរក្នុងវិស័យទេសចរណ៍នឹងទទួលបានការងារធ្វើច្រើនឡើងវិញ ព្រោះបច្ចុប្បន្នសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២ ខែមករាបានប្រកាសថា កម្ពុជានឹងបើកទទួលភ្ញៀវបរទេសពីគ្រប់តំបន់ដោយមិនមានការរើសអើង។ លោកបន្ថែមថា នេះជាឱកាសដ៏ល្អរបស់កម្ពុជា និងប្រទេសក្នុងតំបន់ក្នុងការស្រូបទាញភ្ញៀវទេសចរដ៏ច្រើនពីប្រទេសចិន។
បន្ទាប់ពីត្រូវអាក់ខានយ៉ាងយូរដោយសារការរីករាលដាលជំងឺកូវីដ១៩ អាកាសយានដ្ឋានអន្តរជាតិកងកេង ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា បានទទួលជើងហោះហើរជាលើកដំបូងមកពីប្រទេសចិន ជាមួយនឹងវត្តមានភ្ញៀវទេសចរ និងក្រុមអ្នកបម្រើការលើយន្តហោះសរុប១២០នាក់។អ្នកដំណើរនិងភ្ញៀវទេសចរចិនទាំងនោះ គឺធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេសចិន តាមរយៈជើងហោះហើររបស់ក្រុមហ៊ុន Ruili Airline។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជិត ២,២៨លាននាក់ កើនឡើង ១ ០៥៩ភាគរយធៀបឆ្នាំ២០២១ ក្នុងនោះភ្ញៀវមពីប្រទេសថៃ មានចំនួនច្រើនជាងគេ គឺ ៨៥៣ ៣៧៦នាក់ កើនឡើង ៩៤២,៧ភាគរយ, វៀតណាម ចំនួន ៤៦៣ ៩៩៥នាក់ កើនឡើង ១៩៩៧,៦ភាគរយ និងមកពីប្រទេសចិន ១០៦ ៨៧៥នាក់ កើនឡើង ១៣៣,៥ភាគរយ។
ចំណែកឆ្នាំ២០១៩ ដែលជាពេលកម្ពុជាទទួលបានភ្ញៀវបរទេសច្រើនបំផុត គឺមានចំនួនសរុប ៦,៦១លាននាក់ ក្នុងនោះភ្ញៀវជនជាតិចិន មានចំនួន ២,៣៦លាននាក់៕