
លោក សរ សារិន (ស្តាំ) និងលោក ហោ សេរីវឌ្ឍន៍ ប្តូរ MoU ជាមួយគ្នា។ សហការី
ភ្នំពេញៈ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) និងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីទាក់ទាញអ្នកវិនិយោគ និងជំរុញការនាំចេញរបស់កម្ពុជាទៅទីផ្សារតំបន់ និងពិភពលោកឱ្យបានកាន់តែច្រើន។
MoU ត្រូវបានចុះហត្ថលេខារវាងលោក សរ សារិន អនុប្រធាន CBC និងលោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI នាថ្ងៃទី ១ ខែកុម្ភៈ នៅការិយាល័យ IDI។
លោក សរ សារិន បានឱ្យដឹងថា CBC បានបង្កើតឡើងជាង ២ ឆ្នាំមកហើយ ដើម្បីលើកកម្ពស់ការទូតសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់បរទេស ជាពិសេសជំរុញផលិតផលក្នុងស្រុកទៅកាន់ពិភពលោក។ ជាមួយគ្នានេះស្ថាប័នមួយនេះ ក៏មានតួនាទីធ្វើជាស្ពានតភ្ជាប់រវាងវិនិយោគិន និងវិនិយោគិន ក្នុងការបង្កើតទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីស្វែងរកភាពជាដៃគូ ឬការវិនិយោគរួមសម្រាប់ជំរុញ និងលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម។
លោកលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយ IDI គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ CBC ដែលមានវិនិយោគិនជាច្រើននៅបរទេសហើយមានបំណងចង់ធ្វើអាជីវកម្ម និងវិនិយោគនៅកម្ពុជា គឺពួកគេអាចស្វែងរកឱកាសអាជីវកម្ម និងវិនិយោគណាមួយតាមរយៈ IDI ដែលមានក្រុមចម្រុះនៃវិនិយោគិន និងម្ចាស់អាជីវកម្មក្នុងស្រុកជាច្រើន។
លោកថ្លែងថា៖ «យើងជាដៃគូដ៏ត្រឹមត្រូវដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ យើងចែករំលែកចក្ខុវិស័យ និងបេសកកម្មដូចគ្នាដើម្បីពង្រីកផលិតផលក្នុងស្រុករបស់យើងទៅបរទេស និងនាំយកវិនិយោគិនបរទេសបន្ថែមទៀត ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ»។
លោក ហោ សេរីវឌ្ឍន៍ បានឱ្យដឹងថា សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital PLC (IDC) បានបង្កើតនៅឆ្នាំ ២០២១ ក្នុងគោលបំណងក្លាយទៅជាមជ្ឈមណ្ឌលវិនិយោគរបស់កម្ពុជាក្នុងន័យកសាងបណ្តាញវិនិយោគិន ដើម្បីទាញយកជំនាញ និងធនធានក្នុងស្រុក ស្វែងរកគម្រោងវិនិយោគ និងសម្រេចបាន ប្រាក់ចំណេញខ្ពស់លើការវិនិយោគ។
លោកបានបន្តថា បច្ចុប្បន្នគ្រឹះស្ថានរបស់លោក មានសមាជិកចំនួន ១០១ នាក់ ជាមួយនឹង ១៩ គម្រោងក្នុងផលបត្រវិនិយោគ ដែលផ្តោតសំខាន់លើវិស័យអចលនទ្រព្យ កសិកម្ម និងវិស័យសេវាកម្ម។
លោកបញ្ជាក់ថា MoU ជាមួយ CBC នឹងក្លាយជាកាតាលីករថ្មីមួយទៀតក្នុងការពង្រីកបណ្តាញធុរកិច្ចនៅក្នុងចំណោមវិនិយោគិន និងធុរជនចម្រុះ ដែលអាចផ្តល់ការគាំទ្រកាន់តែច្រើន ហើយស្ថាប័នទាំង ២ នឹងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកក្នុងការទាក់ទាញផ្នែកធុរកិច្ច និងការវិនិយោគកាន់តែច្រើនមកកម្ពុជា ទន្ទឹមនឹងការបង្កើនការនាំចេញរបស់កម្ពុជាទៅប្រទេសក្នុងតំបន់ និងពិភពលោក។
លោកបញ្ជាក់ថា៖ «យើងជឿថាការសហការនេះនឹងក្លាយជាសម្ទុះថ្មីមួយ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលជាមួយនឹងក្រុមជំនាញ និងអ្នកជំនាញរបស់យើង ខណៈយើងក៏មានគម្រោងជាច្រើននៅក្នុងផែនការផងដែរ»៕