ភ្នំពេញៈ អ្នកនៅក្នុងវិស័យដឹកជញ្ជូន បានអះអាងថា គម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដែលរាជរដ្ឋាភិបាលទើបបញ្ចប់ការសិក្សាលម្អិត និងអាចចាប់ផ្តើមអភិវឌ្ឍនាពេលខាងមុខ នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ក្នុងជំនួបជាមួយលោក Rajeev Kannan នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ Sumitomo Mitsui Banking Corporation (SMBC)កាលពីថ្ងៃទី ៣០ ខែមករា រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានប្រាប់ដៃគូសន្ទនាថា ពេលនេះគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ទៅកំពង់ផែសមុទ្រខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺបានសិក្សាលម្អិតរួចហើយ ដោយការជីកព្រែកនោះនឹងមិនមានផលប៉ះពាល់ច្រើនឡើយ។
លោក ចាន់ថុល បាននិយាយថា៖ «គម្រោងការជីកព្រែកភ្ជាប់ទន្លេបាសាក់ទៅកំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ បានសិក្សាលម្អិតរួចហើយទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់។ បើយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យចេញជារូបរាងនោះ វានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូលក្នុងវិស័យនាវាចរណ៍»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែកុម្ភៈថា គម្រោងជីកព្រែកបើកផ្លូវនាវាចរណ៍តភ្ជាប់ពីទន្លេបាសាក់ (ខេត្តកណ្តាល) ទៅកំពង់ផែសមុទ្រក្នុងខេត្តកំពត នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពនៃវិស័យឡូជីស្ទិកកម្ពុជា។ វានឹងក្លាយជាចំណែកសំខាន់ក្នុងការបង្កើនសក្តានុពលពាណិជ្ជកម្មអន្តរជាតិ ពិសេសការនាំចេញទំនិញរបស់កម្ពុជា។
លោកបន្តថា គ្រប់វិនិយោគិនទាំងអស់ គឺមុននឹងសម្រេចចិត្តបណ្តាក់ទុននៅកន្លែងណាគេតែងតែសិក្សាយ៉ាងលម្អិតទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រោះការដឹកជញ្ជូនគឺជាចំណែកមួយដែលធ្វើឱ្យមានបម្រែបម្រួលទៅលើថ្លៃដើមផលិត។
លោកបញ្ជាក់ថា៖ «នៅពេលគម្រោងនេះដាក់ឱ្យប្រើប្រាស់ វានឹងក្លាយជាចំណែកដ៏សំខាន់ដែលចូលរួមលើកកម្ពស់សមត្ថភាពនាំចេញទំនិញកម្ពុជាទៅក្រៅប្រទេស។ ជាធម្មតាការដឹកជញ្ជូនតាមផ្លូវទឹក តែងមានតម្លៃទាបជាងការដឹកជញ្ជូនតាមផ្លូវគោកអាកាស ហើយបរិមាណទំនិញដឹកតាមផ្លូវទឹកក៏បានច្រើន និងមិនបង្កការខូចខាតដល់ផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ផងដែរ»។
លោកបន្ថែមថា មធ្យោបាយដឹកជញ្ជូនសម្បូរបែប និងចម្រុះ គឺជាមេដែកមួយក្នុងការស្រូបទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលក៏កំពុងធ្វើកិច្ចការជាច្រើនដូចជា ការធ្វើបច្ចុប្បន្នភាពច្បាប់វិនិយោគ ការកាត់បន្ថយនីតិវិធីស្មុគស្មាញផ្នែកពាណិជ្ជកម្ម និងការបើកទីផ្សារនាំចេញឱ្យបានកាន់តែធំ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា គម្រោងនេះនឹងផ្តល់ផលវិជ្ជមានច្រើនដល់កម្ពុជា ពិសេសគេអាចប្រើប្រាស់ផ្លូវទឹកខាងលើសម្រាប់ដឹកជញ្ជូនទំនិញដោយផ្ទាល់ទៅកំពង់ផែសមុទ្រ។ នៅពេលប្រព័ន្ធដឹកជញ្ជូនកាន់តែសម្បូរ មានភាពងាយស្រួល និងឆាប់រហ័ស វានឹងធ្វើឱ្យតម្លៃកាន់តែទាប និងសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។
លោកអះអាងថា៖ «នៅពេលមានផ្លូវទឹកនេះ ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសផលិតផលកសិកម្ម នឹងកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស»។
បច្ចុប្បន្នបើគេចង់ដឹកទំនិញតាមផ្លូវទឹកចេញពីកំពង់ផែភ្នំពេញ ទៅកំពង់ផែសមុទ្រក្នុងខេត្តកំពត ឬខេត្តព្រះសីហនុ គឺត្រូវឆ្លងកាត់តាមប្រទេសវៀតណាម។ នេះបើយោងតាមលោក ស៊ិន ចន្ធី៕