ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសាទរចំពោះប្រធានអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលប្រមូលចំណូលបានដល់ ១២២,៥៤ ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ខណៈស្ថាប័ននេះនឹងធ្វើជាគំរូសម្រាប់ស្ថាប័នរដ្ឋាភិបាលផ្សេងទៀត។ ចំណូលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិនាអំឡុងពេលវិបត្តិសុខាភិបាល និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយសកល។
នៅឆ្នាំ ២០២២ GDT ប្រមូលចំណូលបានប្រហែល ៣,៤៥៥ ពាន់លានដុល្លារ ដែលស្មើនឹង ១២២,៥៤ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ ឬលើស ៦៦៧,៣៤ លានដុល្លារ ដែលស្មើនឹង ២៣,៩៦ ភាគរយ។ សម្រាប់ផែនការការប្រមូលចំណូលក្នុងឆ្នាំ ២០២៣ គឺចំនួន ៣,៥៧១ ពាន់លានដុល្លារ។
យោងតាមលិខិតដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ១ ខែកុម្ភៈ បានបញ្ជាក់ថា នេះជាសមិទ្ធផលដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាកដែលកម្ពុជាបានជួបប្រទះកន្លងមកជាអាទិ៍ដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ ១៩ ភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយសកល ការកើនឡើងសម្ពាធអតិផរណា និងផលប៉ះពាល់ពីសង្គ្រាម និងគោលនយោបាយបរទេសនានា។
លោកថ្លែងថា៖ «ខ្ញុំពិតជាមានសេចក្ដីត្រេកអរ និងសាទរជាខ្លាំងចំពោះលទ្ធផលនៃការប្រមូលចំណូលពន្ធដារផ្ទៃក្នុងនេះ ដែលបាននាំឱ្យកម្ពុជាបញ្ចប់ឆ្នាំ ២០២២ ដោយជោគជ័យ និងប្រកបដោយមោទនភាពខ្ពស់សម្រាប់ប្រទេសជាតិយើង។ ពិតណាស់ នេះគឺជាលទ្ធផលគួរឱ្យស្ញប់ស្ញែង ដែលអគ្គនាយកដា្ឋនពន្ធដារ បានប្រមូលចំណូលលើសផែនការរហូតដល់ ២២,៥៤ ភាគរយ ស្មើនឹង ២ ៥៧៤,០៧ ពាន់លានរៀល ប្រមាណជា ៦៣៥,៥៧ លានដុល្លារ»។
លោកបន្តថា៖ «សមិទ្ធផលគួរជាទីមោទនៈនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជនក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាកំពុងជួបវិបត្តិ និងភាពមិនប្រាកដប្រជាជាច្រើន»។
លោក គង់ វិបុល អគ្គនាយក GDT បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីខែមុនថា ជាមួយនឹងកំណែទម្រង់លើការប្រើប្រាស់ទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ក្នុងប្រព័ន្ធពន្ធដារ បាននិងកំពុងបម្រើជាកម្លាំងជំរុញដល់ប្រសិទ្ធភាពនៃការប្រមូលពន្ធ និងកាន់តែងាយស្រួលសម្រាប់អ្នកជាប់ពន្ធ ទោះបីមានការរីករាលដាលកូវីដ ១៩។
លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើកំណែទម្រង់បន្ថែមទៀត និងធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងដំណើរការពន្ធ ដើម្បីបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធ និងធានាការសម្រេចបាននូវផែនការប្រមូលចំណូលឆ្នាំ ២០២៣ ឱ្យបាន ៣ ៥៧១ ពាន់លានដុល្លារ ឬ ១៤ ៤៦៥ ៣៩ ពាន់ពាន់លានរៀល។
លោកបានសម្តែងការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវគោលដៅនៅឆ្នាំក្រោយ ដោយយល់ស្របថា វឌ្ឍនភាព អាចត្រូវបានរារាំងដោយបញ្ហាសេដ្ឋកិច្ចក្នុងស្រុក តំបន់ និងពិភពលោក ដែលទាក់ទងនឹងការរំខានដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ និងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក វិបុល បានប្តេជ្ញាថា នឹងខិតខំធ្វើការកែទម្រង់ការគ្រប់គ្រងធនធានមនុស្ស ធ្វើទំនើបកម្មបច្ចេកវិទ្យាដែលអាចអនុវត្តបាន និងលើកកម្ពស់វប្បធម៌ពន្ធដារ តម្លាភាព និងជាពិសេសអភិបាលកិច្ចល្អ។
លោកថ្លែងថា៖ «យើងនឹងប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវផែនការដែលបានកំណត់ដោយរដ្ឋាភិបាល»៕