ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយក្នុងការចាត់វិធានការដល់សកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទានតាមរយៈទូរស័ព្ទ និងបណ្តាញសង្គមនានាដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋដែលពុំសូវមានការយល់ដឹងអំពីលក្ខខណ្ឌបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។
បើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នទាំង ២ នាថ្ងៃទី ២ ខែកុម្ភៈ គឺគេសង្កេតឃើញមានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទានតាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញយ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនទៅលើសេដ្ឋកិច្ច និងសង្គមតាមរយៈការកំណត់អត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិតដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាប័ន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាទាំងមូល។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិសូមសំណូមពរដល់ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធសកម្មភាពផ្តល់ឥណទានខុសច្បាប់រាយការណ៍»។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា បានសាទរចំពោះចំណាត់ការរបស់ស្ថាប័នទាំង២ ដោយលោកលើកឡើងថា មានស្ថាប័នមិនស្របច្បាប់ជាច្រើនបានផ្តល់កម្ចីតាមអនឡាញ ឬបណ្តាញសង្គម ឬតាមទូរស័ព្ទដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ និងមុខមាត់របស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណស្របច្បាប់។
លោកថ្លែងថា៖ «យើងតែងទទួលបានការណែនាំពីធនាគារជាតិនៃកម្ពុជាអំពីការផ្តល់កម្ចីជូនអតិថិជន គឺយើងត្រូវតែធ្វើការណែនាំដល់អតិថិជន ដោយត្រូវប្រាប់ច្បាស់អំពីអត្រាការប្រាក់ គោលបំណងនៃការប្រើប្រាស់កម្ចី រយៈពេលសងត្រឡប់ និងការសងទាំងដើម ទាំងការ ជាដើម»។
លោកបន្ថែមថា សម្រាប់ក្រុមអ្នកផ្តល់កម្ចីក្រៅផ្លូវការ ឬតាមអនឡាញគឺភាគច្រើនជាកម្ចីរហ័សដែលមានអត្រាការប្រាក់ខ្ពស់ និងមានការចំណាយនូវសេវាផ្សេងៗ ដែលជាហេតុធ្វើឱ្យអ្នកខ្ចីងាយនឹងធ្លាក់ទៅបំណុលវណ្ឌក និងប៉ះពាល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់។
ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងអស់នេះបានត្រូវការពារដោយច្បាប់៕