ភ្នំពេញៈ ថ្លែងក្នុងកម្មវិធី AMCHAM BUSINESS LAW CONCLAVE ២០២៣ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត រីជិនស៊ី រាជធានីភ្នំពេញថ្ងៃទី ២ ខែកុម្ភៈ មន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា តុលាការពាណិជ្ជកម្មអាចនឹងត្រូវបានបង្កើតឡើងនិងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៤ ខាងមុខនេះ។
លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានឱ្យដឹងថា ជាមួយគ្នានេះ ក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម តាមរយៈលិខិតលេខ ០៣ ចុះថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២១។ គណៈកម្មការនេះមានតួនាទី រៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម នៅតាមសាលាជម្រះក្តីជាន់ទាបនិងសាលាជម្រះក្ដីជាន់ខ្ពស់ សិក្សានិងរៀបចំទីតាំងសម្រាប់តុលាការពាណិជ្ជកម្ម រៀបចំបទប្បញ្ញត្តិ ស្តីពីនីតិវិធីពាណិជ្ជកម្ម និងកំណត់ប្រភេទវិវាទពាណិជ្ជកម្ម។
គណៈកម្មការនេះបានប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ ដើម្បីកំណត់ទិសដៅផែនការ សកម្មភាព និងគោលគំនិតសំខាន់ៗ ក្នុងការតាក់តែង បទប្បញ្ញត្តិស្តីពី នីតិវិធីពាណិជ្ជកម្ម និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនានា ដែលចាំបាច់សម្រាប់ដាក់ឱ្យដំណើរការ តុលាការពាណិជ្ជកម្ម ១ ដែលមានលក្ខណៈ ឯករាជ តម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព និងគ្មានអំពើពុករលួយ មានភាពងាយស្រួលប្រើប្រាស់ ដល់ភាគីវិវាទ និងដោះស្រាយវិវាទ បានឆាប់រហ័ស។
លោកថ្លែងថា រហូតមកដល់ពេលនេះ គណៈកម្មការបានតាក់តែង សេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីពាណិជ្ជកម្ម ក៏ដូចជា លើកឡើងនូវសំណើគម្រោងទាក់ទងនឹងការរៀបរចនាសម្ព័ន្ធ តុលាការពាណិជ្ជកម្ម ១ នៅរាជធានីភ្នំពេញ ដែលមានលក្ខណៈឯករាជ ពីសាលាដំបូងរាជធានីខេត្ត ទាំងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ ការកំណត់នូវដែនសមត្ថកិច្ចតុលាការពាណិជ្ជកម្ម ដែលសង្ឃឹមទូទាំងប្រទេស លើវិវាទកិច្ចសន្យា ពាណិជ្ជកម្ម រឿងក្តីក្ស័យធនកម្មសិទ្ធិបញ្ញា រឿងក្តីពន្ធដារ ពាណិជ្ជកម្មអន្តរជាតិ ជាដើម។
លោកបន្តថា ក្រោយពីបង្កើតគណៈកម្មការនេះហើយ គណៈកម្មការបានប្រជុំគ្នាច្រើនដង ដែលកិច្ចប្រជុំនេះបានរកឃើញចំណុចមួយចំនួន ដែលច្បាប់ចែងថា តុលាការពាណិជ្ជកម្ម និងតុលាការការងារ និងតុលាការឯកទេសមួយចំនួនទៀត ត្រូវនៅក្រោមសាលាដំបូងរាជធានី ខេត្ត។ ប៉ុន្តែគណៈកម្មការបានរកឃើញថា បើនៅក្រោមសាលាដំបូងរាជធានីខេត្តដែលដាក់ឱ្យដំណើរការទូទាំងប្រទេស គឺតុលាការថ្មីនេះនៅមានចំណុចខ្វះខាតច្រើន។
លោកបញ្ជាក់ថា៖«ទី១ យើង អត់មានធនធានមនុស្សគ្រប់គ្រាន់ ទី២ យើងអត់មានលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាមួយតុលាការពាណិជ្ជកម្ម ទី៣ អត់ទាន់មាននីតិវិធី ពាក់ព័ន្ធតុលាការពាណិជ្ជកម្ម ទី៤ មិនទាន់បានកំណត់ ថាតើមានវិវាទអ្វីខ្លះ ដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការពាណិជ្ជកម្ម»។
លោកបន្ថែមទៀតថា យ៉ាងណាលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានសម្រេចបង្កើតតុលាការពាណិជ្ជកម្ម ដំបូងតែ ១ សិន គឺនៅរាជធានីភ្នំពេញ ដែលមាន ២ ថ្នាក់ គឺមានសាលាពាណិជ្ជកម្មដំបូង និង តុលាការពាណិជ្ជកម្មឧទ្ធរណ៍ នៅកន្លែងជាមួយគ្នា ប៉ុន្តែការសម្រេចក្តីទៅតាមសមត្ថកិច្ចរបស់ខ្លួនរៀងៗខ្លួន។ ចំពោះតុលាការកំពូលដែលមានបណ្តឹងសារទុកទៅតុលាការកំពូល គឺត្រូវទៅតុលាការកំពូលកម្ពុជាដែលមានតែ១។
ជាមួយគ្នានេះដែរ លោក លី តៃសេង ទីប្រឹក្សាអមក្រសួងយុត្តិធម៌បានបញ្ជាក់ថា តុលាការពាណិជ្ជកម្មអាចនឹងត្រូវបានបង្កើតឡើងនិងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៤ ខាងមុខនេះ។
លោកថ្លែងថា៖«ការរៀបចំជាតុលាការថ្មី ១ នេះ មិនមែនគ្រាន់តែសរសេរច្បាប់ទេ យើងត្រូវការទីតាំងពីអគារ យើងត្រូវរកដី ត្រូវសាងសង់ បើសង់ថ្ងៃនេះអាចចំណាយពេល ១ ឆ្នាំបានអាចសាងសង់ហើយ ជាមួយនឹងអគារតុលាការ ហ្នឹងគ្រាន់តែហេដ្ឋារចនាសម្ព័ន្ធរឹងផង»។
លោកទីប្រឹក្សាអមក្រសួងយុត្តិធម៌លើកឡើងថា ការបង្កើតតុលាការពាណិជ្ជកម្មនេះ មិនមែនជារឿងសាមញ្ញទេ ពោលគឺអាចនឹងចំណាយពេលច្រើនជាងនេះក្នុងការរៀបចំច្បាប់បទដ្ឋានគតិយុត្តផ្សេងៗ និងធនធានមនុស្សផងដែរ។
គួរជ្រាបថា កាលពីខែតុលាឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមានការកំណត់ការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិន ជាក់លាក់និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញវិនិយោគសម្រាប់កម្ពុជា។ លើសពីនេះរដ្ឋាភិបាលក៏បានដាក់ចេញ និងបានជំរុញការអភិវឌ្ឍឯកសារគោលនយោបាយនិងយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពនៃថាមពលផងដែរ៕