ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ៦២០ លានដុល្លារ កើនឡើងជាង ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ ក្នុងនោះទឹកប្រាក់នៃការនាំចូលទំនិញពីម៉ាឡេស៊ីមកកម្ពុជា បានគ្របដណ្តប់ជាង ៨០ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញប្រចាំឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងម៉ាឡេស៊ី មានចំនួនសរុប ៦២០,៣៧៣ លានដុល្លារ កើន ២៣,៣ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមានទឹកប្រាក់ ៥០៣,០០៤ លានដុល្លារ។ ម៉ាឡេស៊ី គឺជាទីផ្សារធំទី ១៦ ដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។
យោងតាមតារាងខាងលើ គឺការនាំទំនិញពីកម្ពុជាទៅម៉ាឡេស៊ី មានទឹកប្រាក់ ១១១,៨៥៣ លានដុល្លារ កើន ១០,៤ ភាគរយពីចំនួន ១០១,៣១៨ លានដុល្លារ និងទំនិញនាំពីម៉ាឡេស៊ីនាំមកកម្ពុជាមាន ៥០៨,៥២០ លានដុល្លារ កើន ២៦,៦ ភាគរយពីចំនួន ៤០១,៦៨៦ លានដុល្លារ។ ផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ ៣៩៦,៦៦៧ លានដុល្លារ។
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុនលីលី ហ្វ៊ូដអ៊ីនដាសទ្រី ខូ អិលធីឌី លោកស្រី កែវ មុំ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែកុម្ភៈ ថា ម៉ាឡេស៊ីជាទីផ្សារធំមួយក្នុងតំបន់ ដែលកម្ពុជាត្រូវខំពង្រីកបន្ថែមទៀត ព្រោះកម្ពុជានៅមានផលិតផលសក្តានុពលជាច្រើនសម្រាប់នាំចេញទៅទីនោះ ពិសេសផលិតផលក្នុងវិស័យកសិកម្ម។
លោកស្រីថ្លែងថា៖ «ខ្ញុំគិតថា ការដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងភាពរីកចម្រើននៃវិស័យកសិកម្មនឹងជួយឱ្យសម្ទុះនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅប្រទេសម៉ាឡេស៊ីកើនឡើងខ្ពស់នៅពេលអនាគត»។
យោងតាមលោកស្រី កែវ មុំ ផលិតផលនំស្រួយ លីលី ត្រូវបាននាំយកទៅលក់នៅប្រទេសម៉ាឡេស៊ី ៤៥ ឆ្នាំហើយ ប៉ុន្តែនៅមានបរិមាណតិចតួច។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ថា សម្ទុះនៃភាពរីកចម្រើនបានធ្វើឱ្យប្រទេសកម្ពុជាមានតម្រូវការនាំចូលទំនិញជាច្រើនពីម៉ាឡេស៊ី ខណៈបច្ចុប្បន្នម៉ាឡេស៊ី គឺជាមូលដ្ឋានផលិតកម្មគ្រឿងអេឡិចត្រូនិក បរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសំណង់ យ៉ាងសម្បូរបែបប្រចាំតំបន់។ លោកបន្ថែមទៀតថា ភាពរឹងមាំ និងអាយុកាលចំណាស់នៃខឿនឧស្សាហកម្ម និងកសិកម្មនៅម៉ាឡេស៊ី បានធ្វើឱ្យបរិមាណទំនិញផលិតនៅទីនោះមានចំនួនច្រើន ព្រមទាំងមានថ្លៃដើមផលិតទាបជាងកម្ពុជា។
លោកប្រាប់ថា៖ «ដោយសារម៉ាឡេស៊ីមានឧស្សាហកម្ម និងកសិកម្មរីកចម្រើន ដូច្នេះកម្ពុជាអាចកាត់បន្ថយគម្លាតនៃការធ្វើពាណិជ្ជកម្មរបស់ខ្លួនតាមរយៈការនាំចេញផលិតផលសក្តានុពលមួយចំនួនសម្រាប់បម្រើឱ្យការកែច្នៃនៅម៉ាឡេស៊ី»។
យោងតាម លោក សេរីវឌ្ឍន៍ ទំនិញសក្តានុពលដែលកម្ពុជាមានសម្រាប់ម៉ាឡេស៊ី គឺអង្ករ ជ័រកៅស៊ូ និងដូងប្រេង។
នៅក្នុងវេទិកាធុរកិច្ចកម្ពុជាម៉ាឡេស៊ីឆ្នាំ ២០២២ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា នេះជាការចាំបាច់ដែលកម្ពុជាត្រូវតែកែលម្អបរិស្ថានវិនិយោគរបស់ខ្លួនសំដៅទាក់ទាញការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិកូវីដ ១៩ ដែលទាមទារឱ្យកម្ពុជាប្រកាន់យកនូវអភិក្រមបុរេសកម្មជាងមុនក្នុងការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងចីរភាព។
តាមរយៈវេទិកានោះ លោកចិន្តាសោភា មានសុទិដ្ឋិនិយមថា នឹងមានវិនិយោគិនម៉ាឡេស៊ីកាន់តែច្រើនចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ទិន្នន័យធនាគារជាតិនៃកម្ពុជា (NBC) ឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ ក្នុងនោះការវិនិយោគរបស់វិនិយោគិនម៉ាឡេស៊ី ស្ថិតនៅទី៦ ដោយមានទឹកប្រាក់ ១,៩ ពាន់លានដុល្លារស្មើ ៤,៦ ភាគរយនៃចំណែកទីផ្សារសរុបតាមពីក្រោយប្រទេសចិន កូរ៉េ, សិង្ហបុរី, វៀតណាម, និងជប៉ុន៕