ភ្នំពេញៈ កម្ពុជារកចំណូលបានជិត ១ ពាន់លានដុល្លារពីការនាំចេញកង់ទៅទីផ្សារអន្តរ ជាតិកាលពីឆ្នាំ ២០២២ ខណៈអ្នកជំនាញអះអាងថា ឧស្សាហកម្មមិនមែនកាត់ដេរមួយនេះ ក្លាយទៅជាវិស័យប្រកបដោយសក្តានុពលដើម្បីទាក់ទាញលំហូរវិនិយោគកាន់តែច្រើនក្នុងរយៈពេលច្រើនឆ្នាំខាងមុខ។
បើតាមទិន្នន័យចុងក្រោយរបស់ក្រសួងដែលទទួលបានដោយ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២ ខែកុម្ភៈ ការនាំចេញកង់ពីប្រទេសកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ មានតម្លៃជាង ៩៦៦,៧៥ លានដុល្លារ កើនឡើងជាង ៤៨ ភាគរយបើធៀបនឹងឆ្នាំ ២០២១។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការនាំចេញកង់បានកើនឡើងជាលំដាប់ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ដោយសារវាមានតម្រូវការខ្ពស់នៅទីផ្សារអឺរ៉ុប អាមេរិក អង់គ្លេស កាណាដា ជប៉ុន និងចិន។ លោកបន្តថា បច្ចុប្បន្នកម្ពុជាបាននាំចេញកង់ទៅជាង ៥០ ប្រទេសជុំវិញពិភពលោក។
លោកបានថ្លែងថា៖ «ខ្ញុំកត់សម្គាល់ឃើញថា ការនាំចេញកង់បានកើនជាលំដាប់ ព្រោះមានតម្រូវការខ្ពស់។ ឥឡូវកង់ក្លាយជាផលិតផលនាំចេញសំខាន់មួយក្រៅពីសម្លៀកបំពាក់ ស្បែកជើង និងកាបូប»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ថា ការនាំចេញកង់កើនឡើង គឺឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទម្លាប់របស់ប្រជាជនភាគច្រើននៅអឺរ៉ុប និងប្រទេសរីកចម្រើនដែលផ្លាស់ប្តូរទម្លាប់របស់ពួកគេពីការប្រើប្រាស់រថយន្ត ឬមធ្យោបាយដឹកជញ្ជូនសាធារណៈទៅជាការជិះកង់ ព្រោះវាមិនត្រឹមតែជួយដល់សុខភាពឬសម្រួលចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់យុទ្ធនាការរបស់រដ្ឋាភិបាលលើគោលនយោបាយការបំភាយឧស្ម័នកាបូនសូន្យទៀតផង។
លោកបន្តថា៖ «ខ្ញុំមើលឃើញថា ផលិតផលមិនមែនកាត់ដេរបានក្លាយជាផលិតផលកាន់តែសំខាន់សម្រាប់ប្រទេសយើង បន្ទាប់ពីវិស័យវាយនភណ្ឌ។ ដូចដែលយើងមើលឃើញ គឺការនាំចេញមានប្រាក់ជិត ១ ពាន់លានដុល្លារ កាលពីឆ្នាំមុន ហើយយើងជាប្រទេសនាំចេញដ៏សំខាន់ទៅទីផ្សារអឺរ៉ុប និងតំបន់។ ដូច្នេះយើងមើលឃើញថា វាជាវិស័យដ៏មានសក្ដានុពលខ្លាំងក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត»។
បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នមានរោងចក្រកង់ចំនួន ៥ កំពុងដំណើរការនៅកម្ពុជា ដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត នៃខេត្តស្វាយរៀង៕