សៀមរាបៈ មន្ត្រីជំនាញក្នុងវិស័យទេសចរណ៍បានព្យាករថា តាមរយៈការវាយតម្លៃរបស់ TripAdvisor កំណើនទេសចរ បរទេសចូលមកទស្សនា តំបន់អង្គរខេត្តសៀមរាប នៅក្នុងឆ្នាំ ២០២៣ នេះនឹងមានការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗ។
TripAdvisor គឺជាប្រតិបត្តិករភ្នាក់ងារទេសចរណ៍អនឡាញ គេហទំព័រទិញទំនិញប្រៀបធៀប និងកម្មវិធីទូរស័ព្ទដែលមានមាតិការបង្កើតដោយអ្នកប្រើប្រាស់ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង Needham រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
កាលពីពេលថ្មីៗនេះ TripAdvisor បានផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ខ្លួនថា ខេត្តសៀមរាបដែលមានប្រាសាទអង្គរ របស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមគោលដៅទេសចរណ៍នៅលើពិភពលោកចំនួន ២៥ ប្រទេសដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ពិភពលោក Trending Destinations World ។
យោងតាមតារាងចំណាត់ថ្នាក់ តំបន់ដែលជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ពេញនិយមបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៣ នេះលេខ១ គឺប្រទេសគុយបា លេខ២ គឺទីក្រុងហាណូយ ប្រទេសវៀតណាម លេខ៣ គឺប្រទេសម៉ូរីស នៅទ្វីបអាហ្រ្វិក ខណៈចំណាត់ថ្នាក់លេខ៤ គឺ ខេត្តសៀមរាប នៃព្រះរាជាណា ចក្រកម្ពុជា និងតាមពីក្រោយដោយខេត្តឈៀងម៉ៃ របស់ប្រទេសថៃ ដែលជាប់ក្នុងចំណាត់ថ្នាក់លេខ៥ រួមនឹងបណ្តាខេត្ត នៃប្រទេស និងតំបន់ទេសចរណ៍ល្បីៗចំនួន ២០ ផ្សេងទៀត។
ជាមួយការប្រកាសអបអរសាទរប្រកបដោយមោទនភាព ចំពោះដំណឹងដ៏រីករាយនេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរ ណ៍ខេត្តសៀមរាប បានព្យាករប្រកបដោយសុទិដ្ឋិនិយមថា ភ្ញៀវទេសចរបរទេសចូលមកទស្សនាខេត្តសៀមរាបអង្គរ នៅក្នុងឆ្នាំ ២០២៣ នេះ នឹងមានចំនួនកាន់តែច្រើនឡើងថែមទៀត ខណៈរាជរដ្ឋាភិបាលបានតម្រូវឱ្យអនុវត្តផែនការមេ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបសម្រាប់ឆ្នាំ ២០២១-២០៣៥ ប្រកបដោយប្រសិទ្ធភាពគឺធ្វើយ៉ាងណាជំរុញការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបឱ្យទៅជា «គោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងបរិស្ថានស្អាត»។
លោកបានបញ្ជាក់ថា៖ «តាមរយៈការវាយតម្លៃរបស់ TripAdvisor និងកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការអនុវត្តតាមផែនការមេនេះ ខ្ញុំជឿជាក់ថា នៅក្នុងឆ្នាំ ២០២៣ នេះ ចំនួនភ្ញៀវទេសចរបរទេស នឹងចូលមកទស្សនាតំបន់ប្រាសាទអង្គរវត្តរបស់យើងកាន់តែច្រើនឡើងថែមទៀត»។
ក្ដីរំពឹងនេះ ត្រូវបានគេមើលឃើញជាទូទៅថា ដោយសារតែក្នុងចំណោមភាពទាក់ទាញសំខាន់ៗនៃខេត្តសៀមរាប គឺប្រាសាទអង្គរវត្ត ដែលជាប្រាសាទ ថ្មដ៏ធំបំផុតរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដី ១៥២,៦ ហិកតា សំណល់បុរាណផ្សេងទៀតនៃប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។ ប្រាសាទបន្ទាយស្រី ដែលមានរូបចម្លាក់ថ្មយ៉ាងលម្អិតនៅក្នុងទីសក្ការៈ បង្ហាញពីអតីតកាលនៃសម័យហិណ្ឌូរបស់កម្ពុជា ប្រាសាទអង្គរធំ ឧទ្យានបុរាណវិទ្យាអង្គរ ដែលល្បីល្បាញជាងគេលើពិភពលោក ទីតាំងសាសនាដែលមានទីតាំងនៅលើផ្ទៃដី ១៦០ ហិកតា សារមន្ទីរមីនកម្ពុជា និងសារមន្ទីរជាតិអង្គរក្នុងបណ្តាកន្លែងផ្សេងៗ ទៀត។
លោកធួន ស៊ីណាន នាយកប្រតិបត្តិនៃក្រុមហ៊ុន B2B Cambodia Travel និងជាប្រធានក្រុមហ៊ុន PATA Cambodia បានស្វាគមន៍ចំពោះខេត្តសៀមរាបដែលមានសក្តានុពលដ៏មាន «អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា»។
ទោះជាយ៉ាងណា លោកបាននិយាយថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ មិនត្រូវសម្រាកដោយសារតែភាពឡូយឆាយរបស់ខ្លួនឡើយ។ លោកថ្លែងថា៖ «ឧស្សាហកម្មទេសចរណ៍ត្រូវធ្វើកិច្ចការជាច្រើន ជាពិសេសផ្នែកទីផ្សារឌីជីថល និងទីផ្សារគោលដៅ»។
បើតាមលោក ធួន ស៊ីណាន ខេត្តសៀមរាប ជាប់ឈ្មោះក្នុងលំដាប់លេខរៀងទី៤ ជាគោលដៅទេសចរណ៍ពេញនិយមបំផុតរបស់ពិភពលោក ក្នុងចំណោម ២៥ ប្រទេសនេះ មិនគ្រប់គ្រាន់ទេ ព្រោះកម្ពុជាមិនមែនមានត្រឹមតែខេត្តសៀមរាបទេ វាមានច្រើនទៀត។ ដូច្នេះត្រូវខិតខំធ្វើការឱ្យខ្លាំងក្លាថែមទៀតនៅលើរឿងនេះ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (ឆ្នាំសកល) ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១០៥ ៤០០នាក់។
លោកស្រី Sarah Firshein នាយកផ្នែកវិចារណកថានៅ Tripadvisor បាននិយាយថា «យើងបានឃើញការកើនឡើងនៃតម្រូវការធ្វើដំណើរនៅឆ្នាំ ២០២២ ហើយទស្សនវិស័យសម្រាប់ឆ្នាំ ២០២៣ នេះ មានភាពភ្លឺស្វាង»។
លោកស្រីបានបន្ថែមថា៖ «ការធ្វើដំណើរតាមផ្លូវឆ្ងាយបានត្រឡប់មកវិញ ហើយយើងកំពុងឃើញជនជាតិអាមេរិកជាច្រើនរំភើបក្នុងការរៀបចំគម្រោងធ្វើដំណើរទៅកាន់តំបន់អាស៊ី និងប៉ាស៊ីហ្វិកជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ»។
បើតាមការកត់សម្គាល់របស់លោកស្រី Sarah Firshein ដោយសារនៅមានក្ដីបារម្ភពីជំងឺរាត្បាតកូវីដ ១៩ ទីក្រុងមួយចំនួន ដូចជា ទីក្រុងប៉ារីស និងទីក្រុងឡុងដ៍នៅអឺរ៉ុប កំពុងស្ថិតក្នុងគំនិតរបស់អ្នកធ្វើដំណើរ ខណៈដែលតំបន់ទេសចរណ៍ដូចជាអាឡាស្កា និងគុយបា កំពុង ទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរជាច្រើន៕