យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២២កន្លងទៅ ស្ថាប័ននេះ រកចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ២ ៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
នៅក្នុងកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ដើម្បីបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា លទ្ធផលនេះ គឺសម្រេចបាន ១០៤,៩ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ហើយរាជរដ្ឋាភិបាលបានកោតសរសើរ ចំពោះលទ្ធផលដែល អគរ សម្រេចបាននេះ។
លោកបានបញ្ជាក់ថា៖«សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមនានាមួយចំនួន ដូចជា ការបន្តនៅមានវត្តមាននៃជំងឺកូវីដ១៩ សង្គ្រាមរុស្សី-អ៊ុយក្រែន ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាដើម ក៏ដោយ»។
បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៤ ១៦៩,៨ ប៊ីលានរៀល (ត្រូវជា ៣៧,៩ភាគរយនៃចំណូលសរុប), អាករពិសេសមានចំនួន ៤ ១៥១,៦ ប៊ីលានរៀល (ត្រូវជា ៣៧,៧ភាគរយ នៃចំណូលសរុប) ពន្ធគយមានចំនួន ២ ០៨៧ ប៊ីលានរៀល (ត្រូវជា ១៩ភាគរយ នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមានចំនួន ៣៦៧,២ ប៊ីលានរៀល (ត្រូវជា ៣,៣ភាគរយ នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ២២៣,៤ ប៊ីលានរៀល (ត្រូវជា ២,១ភាគរយ នៃចំណូលសរុប)។
ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៥ ០៧៨,៧ ប៊ីលានរៀល (ត្រូវជា ៤៦,២ភាគរយ នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣ ០៣២,៦ ប៊ីលានរៀល (ត្រូវជា ២៧,៦ភាគរយ នៃចំណូលសរុប),ផលិតផលតេលសិលាមានចំនួន ២ ២៣៨ ប៊ីលានរៀល (ត្រូវជា ២០,៣ភាគរយ នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៦៤៩,៥ ប៊ីលានរៀល (ត្រូវជា ៥,៩ភាគរយ នៃចំណូលសរុប)។
ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៥ ៤៦០,៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១,៩ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ យានយន្តនិងគ្រឿងចក្រ ផលិតផលតេលសិលា វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ គ្រឿងសំណង់ គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។
ដោយឡែក ចំពោះទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៤៤៧,២ លានដុល្លារអាមេរិក កើនឡើង ១៦,៧ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤,១ភាគរយ, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិក គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២៦,២ភាគរយ, និងកសិផលមានកំណើន ៦,៦ភាគរយ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងពេលខាងមុខ អគ្គនាយករដ្ឋដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងប្រមូលចំណូលឱ្យបានអស់សក្ដានុពល និងពិនិត្យឡើងវិញនូវគោលនយោបាយនិងធ្វើវិចារណកម្មពន្ធនិងអាករដើម្បីជួយគាំទ្រដល់វិស័យផលិតកម្មក្នុងស្រុក និងទំនិញចាំបាច់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកបានបន្ថែមថា អគរ ត្រូវពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, ពង្រឹងអនុលោមភាពនៃការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋ, អនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការដាក់ទោសទណ្ឌចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើស, ពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ តាមរយៈការពង្រឹងការគ្រប់គ្រងដើមទី កណ្ដាលទី និងចុងទី ទន្ទឹមនឹងការពង្រឹងការអនុវត្តការងារសវនកម្ម ពង្រឹងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ពិសេសទំនិញដែលមានលក្ខណៈជាបញ្ញើប្រៃសណីយ៍។
លោកបានបញ្ជាក់ទៀតថា៖ «ត្រូវពិនិត្យឡើងវិញការធ្វើវិមជ្ឈការដល់អង្គភាពក្រោមឱវាទ ធ្វើទំនើបកម្មនិងពង្រីកវិសាលភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បន្តលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងផ្នែកឯកជន ពិនិត្យលទ្ធភាពធ្វើវិសោធនកម្ម ច្បាប់ស្ដីពីគយ ចូលរួមអនុវត្តគោលនយោបាយនិងវិធានការនានារបស់រាជរដ្ឋាភិបាល និងបន្តរៀបចំអភិវឌ្ឍស្ថាប័ននិងហេដ្ឋារចនាសម្ព័ន្ធដោយឈរលើទស្សនៈវិស័យវែងឆ្ងាយ»៕