បាត់ដំបងៈ ក្រវាញជារុក្ខជាតិម្យ៉ាងដែលដុះតាមបែបធម្មជាតិនៅក្នុងតំបន់ជើងភ្នំ និងមានរូបរាងស្រដៀងនឹងរំដេងដែរ ដែលរុក្ខជាតិក្រវាញនេះ មានអត្ថប្រយោជន៍ជាច្រើន ដែលក្រៅតែជាគ្រឿងទេសសម្រាប់ម្ហូបអាហារ វាក៏ជាឱសថដ៏ពេញនិយមសម្រាប់ប្រជាជនផងដែរ។
រុក្ខជាតិប្រភេទនេះច្រើនតែមានដុះនៅក្នុងតំបន់ជួរភ្នំក្រវាញ ជាពិសេសក្នុងទីតាំងភូមិសាស្ត្រខេត្តពោធិ៍សាត់ ហើយក្រវាញមានតម្រូវការពីទីផ្សារច្រើនណាស់ ប៉ុន្តែដោយឡែកការផ្គត់ផ្គង់នៅតែមានមិនគ្រប់គ្រាន់ ដោយសារតែប្រជាជនត្រូវចូលព្រៃកាន់តែជ្រៅទៅៗ ដើម្បីបានរុក្ខជាតិ ១ ប្រភេទនេះ។
ផ្អែកលើតម្រូវការទាំងនេះ ក្រវាញនៅតាមតំបន់ការពារធម្មជាតិក៏កាន់តែតិចទៅៗ និងបង្កជាការព្រួយបារម្ភថាអាចនឹងផុតពូជតែម្ដង។ កន្លងមក ក្រសួងបរិស្ថានធ្លាប់បានចុះទៅតាមសហគមន៍ ដើម្បីបង្រៀនប្រជាជនឱ្យយល់ពីរបៀបជ្រើសរើសក្រវាញពេញវ័យ ចៀសវាងការដកទាំងកូនៗ រហូតអាចអស់ពីតំបន់នោះតែម្ដង។
សហគមន៍ក៏ធ្លាប់បានសាកល្បងដាំផងដែរ ប៉ុន្តែមិនបានជោគជ័យ ពោលគឺក្រវាញដែលយកមកដាំ នឹងត្រូវស្រពោនងាប់ទៅវិញតែម្ដង។ ដោយឡែក កាលពីពេលថ្មីៗនេះ សហគមន៍ចំនួន២បានសាកល្បងក្នុងការផ្សាំកូន និងដាំក្រវាញក្នុងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីប្រែក្លាយវាឱ្យទៅជាមុខរបររបស់សហគមន៍តែម្ដង។
សហគមន៍តំបន់ការពារធម្មជាតិអូរជាំ នៅក្នុងខេត្តបាត់ដំបង ជាសហគមន៍មួយដែលបានដាំ រុក្ខជាតិក្រវាញ នៅលើដីទំហំ៥ហិកតា។ បើតាមការឱ្យដឹងរបស់ប្រធានសហគមន៍ ដីចំនួន៥ហិកតា នេះជាកម្មសិទ្ធិរួមរបស់សហគមន៍ និងត្រូវបានគ្រប់គ្រងដោយគណៈកម្មការប្រចាំសហគមន៍។
សហគមន៍មួយនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨មកម៉្លេះ និងមានប្រជាជនប្រមាណជា៣០០ គ្រួសាររស់នៅ។ សហគមន៍នេះក៏មានសក្កានុពលផ្នែកទេសចរណ៍ដែរ ដោយអ្នកទេសចរអាច ទៅកម្សាន្ដលេងជាមួយទឹកធ្លាក់ និងធ្វើដំណើរថ្មើរជើងឡើងភ្នំជាដើម។
លោក គីម សុង ដែលជាប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានប្រាប់ឱ្យដឹងថា ប្រជាជនទាំង ៣០០គ្រួសារនេះ ភាគច្រើនជាអ្នកប្រកបរបរស្រែចម្ការ និង១ផ្នែកតូចអាស្រ័យផលលើធនធានធម្មជាតិ ប៉ុន្តែការដាំក្រវាញនេះ លោកបានដាក់ក្ដីរំពឹងថា វាអាចជាមុខរបរថ្មីសម្រាប់ប្រជាសហគមន៍។
លោក គីម សុង បានបញ្ជាក់ថា៖ «យើងដាំដោយរៀនមើលពីថៃ ព្រោះនៅថៃគេដាំបាន ហើយយើងយកវាមកផ្សាំ និងដាំលើដី៥ហិកតារបស់សហគមន៍...ក្រៅពីនេះទៅ យើងក៏ចែកកូនចំនួន៤០ភាគរយទៅឱ្យប្រជាជន២០គ្រួសារសាកល្បងដាំផងដែរ»។
ប្រធានសហគមន៍រូបនេះបន្តថា៖«យើងមិនទាន់ហ៊ានសាកល្បងលើដីទាំង៥ហិកតាទេ ខ្លាចថាវាខុសបច្ចេកទេសត្រង់ណាមួយទៅ វាធ្វើឱ្យយើងខាត ដូច្នេះហើយពេលនេះយើងសាកល្បងលើដី ២ហិកតាទៅមុនសិន»។
បើតាមលោក គីម សុង ប្រហែលជាក្នុងអំឡុងខែមីនា កូនក្រវាញដែលបានផ្សាំ នឹងចាប់ផ្ដើមដុះលូតលាស់ ហើយប្រសិនបើការផ្សាំនេះជោគជ័យច្រើន សហគមន៍នឹងបន្តផ្សាំក៏ដូចជាបន្តដាំដុះទៀតដើម្បីបង្កើនទិន្នផលកាន់តែច្រើន។
ម្យ៉ាងទៀត ប្រសិនបើជោគជ័យ សហគមន៍នឹងបន្តចែកចាយទៅដល់ប្រជាសហគមន៍បន្ថែមទៀត ហើយទិន្នផលដែលពួកគេប្រមូលបាន សហគមន៍នឹងប្រមូលទិញវិញឬប្រជាជនអាចរកទីផ្សារលក់ដោយខ្លួនឯងក៏បាន។
ប្រធានសហគមន៍រូបនេះ បង្ហាញពីមហិច្ឆតារបស់ខ្លួនថា ៖ «ប្រសិនបើធ្វើទៅជោគជ័យ គាប់ប្រសើរ យើងចង់វាយលុកទីផ្សារស្រុកខ្មែរឱ្យគ្រប់តំបន់តែម្ដង តាមរយៈការផ្ដល់កូន និងបង្រៀន ពីបច្ចេកទេសផ្សាំកូន»។
សម្រាប់ការលក់រុក្ខជាតិក្រវាញវិញ សហគមន៍អាចបែងចែកចំណូលបានជាច្រើនផ្នែក ដោយដើមក្រវាញគេទិញយកទៅធ្វើជាបន្លែសម្រាប់ឆា ឯផ្កាក៏អាចលក់ទៅឱ្យប្រទេសជិតខាង ដែលគេយកទៅផលិតជាឱសថផងដែរ ហើយបើមើលពីតម្លៃវិញ ក្រវាញអាចលក់បានក្នុងតម្លៃចន្លោះពី១ម៉ឺន ទៅ៤ម៉ឺនរៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះសមស្របសម្រាប់លើកស្ទួយជីវភាពប្រជាជនបាន៕