ភ្នំពេញៈ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនចំនួន ៣,៤៥ភាគរយធៀបនឹងត្រីមាសមុនដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១៥៤ លានគណនី។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ការិយាល័យឥណទានកម្ពុជា (CBC)។
យោងតាមរបាយការណ៍ដដែលនេះ ក្នុងចំណោមចំនួននេះ មានប្រមាណ៧៩,៤៣ ភាគរយ ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងគេគឺកម្ចីបណ្ណឥណទាន ៨,២៤ភាគរយ និងកម្ចីអចលនទ្រព្យ ១២,៣៣ភាគរយ។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (កើន៥,៩ ភាគរយ នៅតំបន់ទន្លេសាប ៣,២ភាគរយ តំបន់ឆ្នេរ ៣,១ភាគរយ នៅតំបន់ខ្ពង់រាប, ហើយ២,៦ភាគរយ នៅតំបន់ទំនាប)។
CBC ចង្អុលបង្ហាញថា សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត ៣,៨២ភាគរយ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១៤,៣២ ពាន់លានដុល្លារ។
ទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានត្រឹមតែ ១២,៣៣ ភាគរយ នៃចំនួនគណនីសរុបក៏ដោយក៏កម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៥៥,៨១ភាគរយ ចំណែកឯ សមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៣,៣៥ភាគរយ។
សមតុល្យបណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ ០,៨៤ភាគរយតែប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានការកើនឡើងជាវិជ្ជមាននៅគ្រប់តំបន់ដូចជា តំបន់ទន្លេសាប ១៨,៨ ភាគរយតំបន់ឆ្នេរ ២,៥ ភាគរយទំនាប១,១ភាគរយ តំបន់ខ្ពង់រាប 0,៩ភាគរយ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានឱ្យដឹងថា ការធ្លាក់ចុះនៃតម្រូវការកម្ចីគឺដោយសារការធ្លាក់ចុះនៃចំនួនកម្មវិធី ប៉ុន្តែការអនុវត្តឥណទាននៅតែល្អ។
លោកថ្លែងថា៖ «តម្រូវការពាក្យស្នើសុំឥណទានបុគ្គលមានការថមថយបន្តិច។ យ៉ាងណាក៏ដោយ សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅតែរក្សាបាននូវលំនឹង ជាមួយនឹងចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសចុងក្រោយ បើប្រៀបធៀបនឹងត្រីមាសមុន»។
លោកបន្តថា គុណភាពកម្ចីមានភាពប្រសើរបន្តិច ជាមួយនឹងការថយចុះនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ពី ២,៦០ភាគរយក្នុងត្រីមាសទីបី មកនៅត្រឹម២,៥១ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០២២ នេះ។
យោងតាមរបាយការណ៍ នៅត្រឹមត្រីមាសទី៤ នៃឆ្នាំ២០២២នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន ក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance)បណ្ណឥណទាន (Credit Cards)និងកម្ចីអចលនទ្រព្យ (Mortgage)។ ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល បានធ្លាក់ចុះជារួម៤ភាគរយ។
ការធ្លាក់ចុះពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ៦ ភាគរយ ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅតំបន់ទំនាបមានចំនួន ១៤ភាគរយ។ ការស្នើសុំបណ្ណឥណទាន មានការធ្លាក់ចុះចំនួន ៣ភាគរយដោយសារមានការថយចុះនៅតំបន់ទន្លេសាបចំនួន ១៣ភាគរយនិងតំបន់ឆ្នេរ ១១ភាគរយ។ ប៉ុន្តែ ការស្នើសុំកម្ចីអចលនទ្រព្យ មានការកើនឡើងចំនួន ១៥ ភាគរយ។
ការប្រែប្រួលជាភាគរយជាទំហំទឹកប្រាក់នៃការស្នើសុំឥណទាន ក៏មានការធ្លាក់ចុះគឺចំនួន ១១ ភាគរយ ដែលចំនួននេះធ្លាក់ចុះកាលពីត្រីមាសមុន (ឆ្នាំ២០២២ ត្រីមាសទី៣: ៣ ភាគរយ) ។ ការប្រែប្រួលនេះបណ្តាលមកពីការថយចុះនៃទំហំទឹកប្រាក់នៃការស្នើសុំកម្ចីផ្ទាល់ខ្លួន ១១ភាគរយ បណ្ណឥណទានធ្លាក់ចុះចំនួន ៥ភាគរយនិងកម្ចីអចលនទ្រព្យ ថយចុះចំនួន ១១ភាគរយ៕