វិនិយោគិន​ភាគច្រើន​ប្រហែលជា​បាន​ស្គាល់​រួចទៅហើយ​អំពី ​«​មូល​ប​ត្រ​បំណុល​សាជីវកម្ម​» ​ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ យ៉ាងណាមិញ​មូល​ប​ត្រ​បំណុល ១ ​ប្រភេទ​ទៀត​ដែលមាន​ឈ្មោះថា «​មូល​ប​ត្រ​រដ្ឋ​» ទើបតែ​ត្រូវបាន​ដាក់ឱ្យ​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នា​ចុងឆ្នាំ​ ២០២២ កន្លងទៅនេះ​។ តើ​អ្វី​ទៅជា​មូល​ប​ត្រ​រដ្ឋ​? តើ​វា​មាន​ភាពខុសគ្នា​ដូចម្តេចខ្លះ បើ​ប្រៀបធៀប​ទៅនឹង​មូល​ប​ត្រ​បំណុល​សាជីវកម្ម​? តើ​មូល​ហេតុអ្វី​បានជា​វិនិយោគិន​គ្រប់រូប​គួរ​យកចិត្តទុកដាក់​សិក្សា​អំពី​ឧបករណ៍​វិនិយោគ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​?

តើ​អ្វី​ទៅជា​មូល​ប​ត្រ​រដ្ឋ​?

​មូល​ប​ត្រ​រដ្ឋ គឺជា​ប្រភេទ​មូល​ប​ត្រ​បំណុល​ដែល​វិនិយោគិន​ផ្តល់ប្រាក់​កម្ចី​ទៅកាន់​រាជរដ្ឋាភិបាល​ជា​ថ្នូរ​ដើម្បី​ទទួលបាន​នូវ​អត្រា​ការប្រាក់​ដ៏​ទៀងទាត់​មួយ ផ្អែក​តាម​អត្រា​គូ​ប៉ុង​ដែល​ត្រូវ​បានកំណត់​រួចជាស្រេច​ចំពោះ​មូល​ប​ត្រ​រដ្ឋ​នីមួយៗ​។ មិនតែប៉ុណ្ណោះ​វិនិយោគិន​ទាំងអស់​នឹង​ទទួលបាន​ប្រាក់​ដើម​របស់ខ្លួន​នៅ​ចុង​គ្រា ស្របតាម​កាលកំណត់​ដែល​ហៅថា កាល​ឥណប្រតិទាន​។ ចំពោះ​មូលនិធិ​ដែល​ត្រូវបាន​កៀរគរ​តាមរយៈ​ឧបករណ៍​វិនិយោគ​មួយ​នេះ នឹងត្រូវ​បាន​ចំណាយ​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។​

​មូល​ប​ត្រ​រដ្ឋ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​នេះ មូល​ប​ត្រ​រដ្ឋ​

​ត្រូវបាន​បោះផ្សាយ​លក់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលជា​តំណាង​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ធ្វើ​ពិពិធ​កម្ម​ប្រភព​ហិរញ្ញប្បទាន​ដើម្បី​ទ្រទ្រង់​តម្រូវការ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ នា​ឆ្នាំ​ ២០២២​កន្លងមកនេះ រាជរដ្ឋាភិបាល​បានអនុម័ត​ផែនការ​បោះផ្សាយ​សម្រាប់​ឆ្នាំ​ដំបូង​នូវ​ទឹកប្រាក់​អតិបរមា ១,២​ ទ្រី​លាន​រៀល ពោលគឺ​ប្រមាណ​ជា ៣០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ការបោះ​ផ្សាយ​លើក​ទី​ ១ ​ជា​ប្រវត្តិសាស្ត្រ​បានចាប់ផ្តើម​នៅ​ថ្ងៃទី​ ៩ ខែសីហា ឆ្នាំ​ ២០២២​។

ដោយ​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​ក្នុង​ឆ្នាំ​ ២០២២​ ត្រូវបាន​ធ្វើឡើង​នៅ​ដំណាច់ឆ្នាំ​ទៅហើយ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បានការ​បោះផ្សាយ​ចំនួន​ ៣ ​លើក​តែប៉ុណ្ណោះ ដោយ​ប្រមូល​មូលធន​ប្រមាណ​ជា ៧២ ​ប៊ី​លាន​រៀល ឬ ១៨ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ទោះជា​យ៉ាងណាក្តី​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​ផែនការ​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​សម្រាប់​ឆ្នាំ ២០២៣​ ក្នុង​ទំហំ​សរុប​ចំនួន ៨១៣ ​ប៊ី​លាន​រៀល ឬ ២០០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ដោយ​ផ្អែកលើ​បទពិសោធន៍​នៃ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​នា​ឆ្នាំ​ ២០២២ ​កន្លងទៅនេះ​ជាមួយ នឹង​ការដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មីៗ​ក្នុង​ឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា នឹង​អាច​សម្រេចបាន​នូវ​ផែនការ​បោះផ្សាយ​លក់​មូល ប​ត្រ​រដ្ឋ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​។​

​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ក្នុង​ទីផ្សារ​ដំបូង​

​មូល​ប​ត្រ​រដ្ឋ​ដែល​បាន​បោះផ្សាយ​លក់​ក្នុង​ទីផ្សារ​ដំបូង​កន្លងមក គឺធ្វើឡើង​តាមរយៈ​ការដេញថ្លៃ​នៅលើ​ «​វេទិកា​ដេញថ្លៃ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​» ​ដែល​ហៅ​កាត់​ថា​«NBCP»​។​យ៉ាងណាមិញ​នៅក្នុង​ឆ្នាំ​ ២០២៣​ នេះ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បន្ថែម​ជម្រើស​ការបោះ​ផ្សាយ​លក់​មូ​លប​ត្រ​រដ្ឋ​ក្នុង​ទីផ្សារ​ដំបូង​ជា​លក្ខណៈ​ឯកជន ​(Private Placement) និង​ការដេញថ្លៃ​ដោយ​ប្រើប្រាស់ ​«​វេទិកា​ដេញថ្លៃ​មូល​ប​ត្រ​រដ្ឋ ​(GSAP)»​ របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​មក​) ដែល​នឹង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នាពេល​ឆាប់ៗ​ខាងមុខនេះ​បន្ថែម​ទៅលើ​ការដេញថ្លៃ​មូល​ប​ត្រ​រដ្ឋ​តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា ដោយ​វេទិកា​ដេញថ្លៃ​មូល​ប​ត្រ​រដ្ឋ​ទាំង​២ នេះ​ផ្តោតលើ​មូល​ប​ត្រ​ដែលមាន​រយៈពេល​ឥណ​ប្រតិ​ទាន​ខុសគ្នា​។

វេទិកា​ដេញថ្លៃ​មូល​ប​ត្រ​រដ្ឋ​ទាំង ​២​ នឹង​អនុញ្ញាតឱ្យ​វិនិយោគិន​សក្តានុពល​ផ្សេងៗ​ចូលរួម​ក្នុង​ទីផ្សារ​ដោយផ្ទាល់​ដែល​រួមមាន ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ក្រុមហ៊ុន​មូល​ប​ត្រ ក្រុមហ៊ុន​ធានារ៉ាប់រង បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ ព្រមទាំង​វិនិយោគិន និង​ស្ថាប័ន​ផ្សេងទៀត ស្របតាម​ផែនការ​បោះផ្សាយ​របស់​រា​ជ​រដ្ឋាភិបាល​។​

ទីផ្សារ​បន្ទាប់​

​នៅក្នុង​ឆ្នាំ​ដំបូង ទីផ្សារ​បន្ទាប់​សម្រាប់​ការជួញដូរ​មូល​ប​ត្រ​រដ្ឋ​ស្ថិតក្នុង​ដំណាក់កាល​អភិ​វឌ្ឍន៍​នៅឡើយ ដូច្នេះ​មូល​ប​ត្រ​រដ្ឋ​ត្រូវបាន​ចុះបញ្ជី​ព័ត៌មាន​នៅ ផ​មក តែ​មិនទាន់​ត្រូវបាន​ដាក់ឱ្យ​ជួញដូរ​ទៅវិញទៅមក​នៅឡើយ​។ យ៉ាងណាមិញ​ទីផ្សារ​បន្ទាប់​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​នា​អំឡុង​ឆ្នាំ​ ២០២៣ នេះ​។

គុណសម្បត្តិ​នៃ​ការវិនិយោគ​លើ​មូល​ប​ត្រ​រដ្ឋ​

​ហេតុផល​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ក្នុងការ​វិនិយោគ​ទៅលើ​មូល​ប​ត្រ​រដ្ឋ​៖​ ហានិភ័យ​ស្មើ​សូន្យ​៖ មូល​ប​ត្រ​រដ្ឋ​ត្រូវបានគេទទួលស្គាល់​ថា​ជាការ​វិនិយោគ​ដែលមាន​ហានិភ័យ​ទាប​បំផុត ឬ​ស្ទើរតែ​គ្មាន​ហានិភ័យ ព្រោះ​មូល​ប​ត្រ​បំណុល​ទាំងនេះ​ត្រូវបាន​បោះផ្សាយ​ឡើង​ដោយ​រដ្ឋាភិបាល​ដែល​នោះ​មានន័យថា ការខកខាន​ទូទាត់​ការប្រាក់ ឬ​សង​ថ្លៃដើម​វិញ​ជា​រឿង​មួយ​ដែល​មិនអាច​កើតឡើង​បានឡើយ​។ រដ្ឋាភិបាល​ដែល​កំពុងមាន​ដំណើរកា​រ​ជាធម្មតា​តែង​នឹងមាន​មូល និ​ធិ​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ជា​សំណង​ដល់​ម្ចាស់បំណុល​វិញ​នូវ​ការប្រាក់ និង​ថ្លៃដើម​ដូចដែល​បានកំណត់​។ យ៉ាងណាមិញ​វិនិយោគិន​គួរ​ចាំ​ទុក​ថា​ដោយសារតែ​ប្រភេទ​មូល​ប​ត្រ​បំណុល​នេះ​មាន​ហានិភ័យ​ទាប នោះ​ក៏​មានន័យថា អត្រា​ការប្រាក់​ដែល​វិនិយោគិន​នឹង​ទទួលបាន​មកវិញ​ក៏​តិចជាង​មូល​ប​ត្រ​សាជីវកម្ម​ផងដែរ​។​

មូលបត្ររដ្ឋត្រូវ​បាន​បោះផ្សាយ​លក់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ហុង មិនា

ទទួលបាន​ប្រាក់ចំណូល​ថេរ៖ ស្រដៀង​គ្នា​ទៅនឹង​ការវិនិយោគ​សាច់ប្រាក់​ទៅលើ​ធនាគារ​ដែរ​មូល​ប​ត្រ​រដ្ឋ​អនុញ្ញាតឱ្យ​វិនិយោគិន​ទទួលបាន​ប្រាក់ចំណូល​ពី​ការប្រាក់​មួយ​ដែលមាន​ភាព​ឋិតថេរ​។ មូល​ប​ត្រ​រដ្ឋ​ទាំងអស់​សុទ្ធ​តែមាន​អត្រា​គូ​ប៉ុង​មួយ​ជាក់លាក់ ដែល​នឹង​ត្រូវបាន​យកទៅ​គណនា​ជា​ចំនួន​ការប្រាក់​សម្រាប់​ទូទាត់​តាម​កាលកំណត់​ទៀងទាត់​ទៅដល់​ម្ចាស់បំណុល​។​

ធ្វើ​ពិពិធ​កម្មផល​ប​ត្រ​៖ វិនិយោគិន​តែងមាន​តម្រូវការ​បែងចែក​ទ្រព្យ​របស់ខ្លួន​ទៅ​វិនិយោគ​លើ​ផលិតផល​ហិរញ្ញវត្ថុ​ផ្សេងៗ​គ្នា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដែល​កើតឡើង​មកពី​ការពឹង​ផ្អែកទៅលើ​ប្រភេទ​ទ្រព្យ​វិនិយោគ​តែមួយ​។

មូល​ប​ត្រ​រដ្ឋ គឺជា​ការវិនិយោគ​មួយ​ដែលមាន​សុវត្ថិភាព​ខ្ពស់​ពោលគឺ​វិនិយោគិន​អាច​ចាត់ទុក​វា​ជាការ​វិនិយោគ​បម្រុង ហើយ​ធ្វើការ​បែងចែក​ប្រាក់​វិនិយោគ​របស់ខ្លួន​ដែល​នៅសល់​ទៅលើ​មូល​ប​ត្រ និង​ទ្រព្យសកម្ម​ផ្សេងៗ​ដែល​ហា​និ​ភ័យ​ខ្ពស់ជាង​នេះ ដើម្បី​ធ្វើឱ្យមាន​សមតុល្យ​ផលប​ត្រ​។ ការធ្វើ​ពិពិធ​កម្មផល​ប​ត្រ បែបនេះ​នឹង​ផ្តល់​សារៈប្រយោជន៍​ខ្ពស់​ជាពិសេស​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ដូចជា​ក្រុមហ៊ុន​ធានារ៉ាប់រង និង​ធនាគារ ដើម្បី​កាត់បន្ថយ​ឱកាស​ក្ស័យធន និង​ការខាតបង់​។​

ការអភិវឌ្ឍន៍​ជាតិ

​ពាក្យ​គន្លឹះ​ថា «​រដ្ឋ​» បានបង្ហាញ​យ៉ាងច្បាស់​ថា ឧបករណ៍​វិនិយោគ​មូល​ប​ត្រ​រដ្ឋ​នេះ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ការបង្កើតឱ្យមាន​ទីផ្សា​រមូល​ប​ត្រ​រដ្ឋ​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ជាតិ​ដូចខាងក្រោម​៖

​ការផ្តល់​ហិរញ្ញប្បទាន​ដល់​រាជរដ្ឋាភិបាល៖ មូលធន​ដែល​បាន​ប្រមូល​ពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​មូលនិធិ​ផ្ទាល់​សម្រាប់​ការអភិវឌ្ឍ​គម្រោង​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​សេវាសាធារណៈ និង​ជាការ​ជំរុញ​ដល់​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល​ផងដែរ​។ មូល​ប​ត្រ​រដ្ឋ​នីមួយៗ​ត្រូវបាន​បោះផ្សាយ​ឡើង​ជាមួយនឹង​គោលបំណង​ជាក់លាក់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឬ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ជាដើម ហេតុនេះ​ប្រជាពលរដ្ឋ​កម្ពុជា​អាច​បង្ហាញ​ការគាំទ្រ​របស់ខ្លួន​តាម​រយៈ​ការវិនិយោគ​ដោយផ្ទាល់ ទៅលើ​ប្រភេទ​គម្រោង​នៃ​ការអភិវឌ្ឍ​ណាមួយ​ដែល​ខ្លួន​ចង់បាន​។

គោលនយោបាយ​រូបិយវត្ថុ៖ មូល​ប​ត្រ​បំណុល​រដ្ឋ​នឹង​ដើរតួនាទី​ជា​ឧបករណ៍​ចម្បង​មួយ​សម្រាប់​ជំរុញ​ការអនុវត្ត គោលនយោបាយ​រូបិយវត្ថុ​របស់​ប្រទេស កម្ពុជា​យើង​។ ជា​ឧទាហរណ៍ ធនាគារជាតិ​អាច​ទិញ​មូល​ប​ត្រ​បំណុល​រដ្ឋ​ដើម្បី​បង្កើន​ការផ្គត់ផ្គង់​សាច់ប្រាក់​នៅក្នុង​សេដ្ឋកិច្ច និង​បន្ថយ​អត្រា​ការប្រាក់ ហើយ​ផ្ទុយទៅវិញ​ធនាគារជាតិ​ក៏​អាច​លក់​មូល​ប​ត្រ​រដ្ឋ​វិញ ដើម្បី​កាត់បន្ថយ​បរិមាណ​សាច់ប្រាក់​ដែល​ដាក់ឱ្យ​ចរាចរ​ក្នុង​ចរន្ត​សេដ្ឋ​កិ​ច្ខ និង​បង្កើន​អត្រា​ការប្រាក់​ជាដើម​។ ឧបករណ៍​សេដ្ឋកិច្ច​នេះ បូកផ្សំ​នឹង​គោលនយោបាយ​រូបិយវត្ថុ​ផ្សេងទៀត នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង និង​ផ្តល់​ឥទ្ធិពល​ផ្ទាល់​ទៅលើ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ការផ្គត់ផ្គង់​សាច់ប្រាក់ អត្រា​ការប្រាក់ អតិផរណា និង​ស្ថិរភាព​ថ្លៃ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​។​

​រង្វាស់​ថ្លៃ​គោល (Benchmark)៖ មូល​ប​ត្រ​រដ្ឋ គឺជា​រង្វាស់​ស្តង់ដារ​មួយ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​កំណត់​តម្លៃ​មូល​ប​ត្រ​បំណុល និង​មូល​ប​ត្រ​កម្ម​សិទ្ធ​គ្រប់​ប្រភេទ​ដោយ​ធ្វើការ​វាយតម្លៃ​ទៅលើ​ហានិភ័យ​និង​ផលចំណេញ​ត្រឡប់មកវិញ​របស់​មូ​លប​ត្រ​បំណុល​ទាំងនោះ​ធៀប​ទៅនឹង​មូល​ប​ត្រ​រដ្ឋ​។ ជារឿយៗ មូល​ប​ត្រ​បំណុល របស់​ប្រទេស​នីមួយៗ​ត្រូវបាន​ប្រើប្រាស់​ជា​រង្វាស់​ថ្លៃ​គោល ព្រោះ​មូល​ប​ត្រ​បំណុល​ប្រភេទ​នេះ​មាន​ប្រជាប្រិយភាព និង​សន្ទនីយ​ភាព​ខ្ពស់​។ ការអភិវឌ្ឍ ផលិតផល​ថ្មី​នេះ នឹង​ជួយ​បំពេញបន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​។​

សេចក្តីសន្និដ្ឋាន​

​មូល​ប​ត្រ​រដ្ឋ​ត្រូវបាន​ចាត់ទុកថា​ជា​ឧបករណ៍​ហិរញ្ញវត្ថុ​ដែលមាន​សុវត្ថិភាព​ខ្ពស់​ជាងគេ​នៅលើ​ទីផ្សារ ព្រោះ​មូល​ប​ត្រ បំណុល​ប្រភេទ​នេះ​អនុញ្ញាតឱ្យ​វិនិយោគិន​ទទួលបាន​នូវ​ការប្រាក់​មួយ​ដែល​ទៀងទាត់​បើ​ប្រៀបធៀប​ទៅនឹង​ទ្រព្យសកម្ម​ដទៃទៀត​។ ម្យ៉ាងវិញទៀត​ដោយ​មូល​ប​ត្រ​រដ្ឋ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល ឧបករណ៍​វិនិយោគ​ប្រភេទ​នេះ​អាច​ធានាបាន​នូវ​ការប្រាក់​និង​ការសង​ថ្លៃដើម ក៏ដូចជា​អាច​ប្រើប្រាស់​ជាការ​បំពេញបន្ថែម​ប្រកបដោយ​ប្រសិទ្ធភាព​ទៅលើ​ផលប​ត្រ​មូលដ្ឋាន​របស់​វិនិយោគិន​គ្រប់ៗ​រូប​។ មិន​តែ ប៉ុណ្ណោះ វិនិយោគិន​ក៏បាន​ចូលរួមចំណែក​ដោយផ្ទាល់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​យើង​ផងដែរ​៕