ភ្នំពេញៈ កម្ពុជាហុងគ្រី បានគ្រោងរៀបចំវេទិកាធុរកិច្ច និងវិនិយោគលើកទី២ នៅឆមាសទី២ ឆ្នាំនេះក្នុងគោលបំណងជំរុញការដោះដូរទំនិញ និងទាក់ទាញវិនិយោគ ខណៈកម្ពុជាក៏បានស្នើសុំឱ្យហុងគ្រីពិចារណាពីការផ្តល់ភាពអនុគ្រោះពន្ធ (GSP) នៅពេលប្រទេសកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។
គម្រោងនេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសហុងគ្រីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី និងមាននិវេសនដ្ឋាននៅក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោកស្រី តឹករ៉េត កំរង បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ពិសេសការរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះ ព្រមទាំងវេទិកាជំនួបធុរកិច្ចរវាងកម្ពុជាហុងគ្រីដែលសម្រេចបានយ៉ាងរលូន ជាមួយនឹងលទ្ធផលជាផ្លែផ្កា ក៏ដូចជាភាពរីកចម្រើនក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលមានឆ្លុះបញ្ចាំងតាមរយៈកំណើនទំហំពាណិជ្ជកម្មទ្វេភាគី។
លោកស្រីថ្លែងថា៖ «វិនិយោគិនហុងគ្រី គួរសិក្សា និងស្វែងយល់បន្ថែមពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងជំរុញឱ្យនាំចូលផលិតផលកសិកម្ម និងឧស្សាហកម្មពីកម្ពុជាបន្ថែមទៀត»។
លោកស្រីបន្ថែមថា សម្រាប់ផែនការនៃការរៀបចំកិច្ចប្រជុំ និងជំនួបធុរកិច្ចលើកទី២ នៅអំឡុងឆមាសទី២ ឆ្នាំ ២០២៣ គឺពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ និងផ្តល់ឱកាសដល់វិស័យឯកជនមានទំនាក់ទំនងជាមួយគ្នា និងអាចឈានដល់ការសហការគ្នា។
ក្នុងឱកាសនោះលោកស្រីក៏បានស្នើសុំភាគីហុងគ្រីឱ្យផ្តល់អាហារូបករណ៍បន្ថែម និងវគ្គបណ្តុះបណ្តាលនានាពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញ ដែលគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការចូលរួមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
លោកស្រីក៏បានជំរុញឱ្យភាគីទាំង ២ ដែលជាសមាជិកគណៈកម្មការនេះរួមមានក្រសួង និងស្ថាប័នពាក់ព័ន្ធជំរុញការអនុវត្តអនុស្សរណៈការយោគយល់ ឬកិច្ចព្រមព្រៀងដែលចុះហត្ថលេខារួចហើយឱ្យមានប្រសិទ្ធភាព។ ការលើកទឹកចិត្ត និងសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន គឺជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។
លោក Tibor BALOGHDI ក៏បានបង្ហាញការស្វាគមន៍ក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ ពិសេសក្នុងវិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ។
លោកបានថ្លែងថា៖ «ហុងគ្រីប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ ជាពិសេសកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ»។
លោកបន្តថា នឹងពិចារណាចំពោះការស្នើរបស់កម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP នៅពេលដែលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វេទិកាធុរកិច្ចនេះនឹងដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ឱកាសដល់ធុរជន និងវិនិយោគិននៃប្រទេសទាំង ២ អាចជួបគ្នាដោយផ្ទាល់ដើម្បីផ្លាស់ប្តូរព័ត៌មាន និងទំនាក់ទំនងដើម្បីអាចចាប់ដៃគូវិនិយោគជាមួយគ្នា។
លោកថ្លែងថា៖ «យើងឃើញថាការដោះដូរពាណិជ្ជកម្មរវាងប្រទេសយើងទាំង ២ នៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះយើងមានឱកាសច្រើនក្នុងការ លើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគបាន»។
បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មទ្វេភាគីកម្ពុជាហុងគ្រី ក្នុងឆ្នាំ ២០២២ សម្រេចបាន ៧,៤៤ លានដុល្លារ កើន ៨៤ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលមានប្រមាណ ៤ លានដុល្លារ។
ទំនិញកម្ពុជានាំទៅហុងគ្រី រួមមាន សម្លៀកបំពាក់ ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ បន្លែ ថ្នាំជក់ ផលិតផលឱសថ និងវត្ថុធ្វើពីស្បែក ជាដើម។ ចំណែកទំនិញនាំចូលមកពីហុងគ្រី មានដូចជា វត្ថុធ្វើពីលោហធាតុ គីមីសរីរាង្គ ផលិតផលធ្វើពីទឹកដោះ សរសៃអំបោះសិប្បនិម្មិត ផលិតផលកែច្នៃចេញពីសាច់ សាច់ត្រី ឬគ្រាប់ធញ្ញជាតិ៕