ភ្នំពេញៈ សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំនាចុងខែកុម្ភៈនេះ ក្នុងគោលបំណងជួយដល់ម្ចាស់ផ្ទះអភិរក្សសត្វ ត្រចៀកកាំក្នុងការលក់សម្បុកត្រចៀកកាំ ស្វែងរកដៃគូ ឬអ្នកប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ។
យោងតាមសេចក្តីជូនដំណឹង របស់សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា បានឱ្យដឹងថា ការដេញថ្លៃសម្បុកត្រចៀកកាំ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ដែលកម្មវិធីនេះ នឹងប្រមូលផ្តុំអ្នកប្រកបរបរអភិរក្សសត្វត្រចៀកកាំ ម្ចាស់អាជីវកម្មកែច្នៃ និងអ្នកប្រមូលទិញសម្បុកត្រចៀកកាំទាំងអស់នៅកម្ពុជាដែលនឹងត្រូវរៀបចំឡើងនៅអគារសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ ការរៀបចំនេះគឺដើម្បីជួយស្វែងរកដៃគូឬអ្នកប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ ក៏ដូចជា អ្នកប្រមូលទិញសម្បុកត្រចៀកកាំ។
លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជាបានប្រាប់ថា សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំនេះ ក្នុងគោលបំណងជួយដល់ម្ចាស់ផ្ទះអភិរក្សសត្វត្រចៀកកាំមានឱកាសស្វែងរកដៃគូប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ និងអ្នកប្រមូលទិញសម្បុកត្រចៀកកាំ ដើម្បីទទួលបានការផ្គត់ផ្គង់សម្បុកត្រចៀកកាំប្រកបដោយគុណភាពបរិមាណសមស្របការផ្គត់ផ្គង់មានភាពទៀងទាត់ និងការកំណត់ទីផ្សារទិញលក់ច្បាស់លាស់ជាដើម។
លោកស្រី វ៉ា សូជិន បានថ្លែងឱ្យដឹងបន្ថែមថា គោលបំណងសម្រាប់ការដេញថ្លៃសម្បុកត្រចៀកកាំនេះ គឺដើម្បីបង្កើតភាពងាយស្រួលដល់អ្នកអភិរក្សសម្បុកត្រចៀកកាំ និងម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ មានឱកាសបង្កើតទំនាក់ទំនងជាមួយគ្នា ក្នុងការស្វែករកទីផ្សារទិញលក់ កាន់តែមានភាពងាយស្រួលក៏ដូចជាផ្តល់ឱកាសអាជីវកម្មផ្សេងៗទៀតដល់អ្នកចូលរួមផងដែរ។
លោកស្រីបានបញ្ជាក់ដូច្នេះថា៖ «ការៀបចំដាក់ឱ្យដេញថ្លៃនេះទៀតសោត ក៏ជាការចាប់ផ្តើមមួយរបស់កម្ពុជាក្នុងការបង្កើតឱកាសក្នុងការបង្កើនផលិតផលត្រចៀកកាំកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ។ ខ្ញុំសង្ឃឹមថា ការដាក់ដេញថ្លៃសម្បុកត្រចៀកកាំនេះ នឹងមានការចូលរួមច្រើន ពីអ្នកប្រកបរបរអភិរក្សសត្វត្រចៀកកាំ ម្ចាស់អាជីវកម្មកែច្នៃ និងអ្នកប្រមូលទិញសម្បុកត្រចៀកកាំ ក៏ដូចជាអ្នកចង់ស្វែងយល់បន្ថែមពីអាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ ទៅតាមការរំពឹងទុកផងដែរ»។
បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្ននេះកម្ពុជាមានអ្នកចិញ្ចឹមត្រចៀកកាំប្រមាណ ៣ ពាន់ផ្ទះនៅទូទាំងប្រទេសដោយបាននាំចេញផលិតផលសម្បុកត្រចៀកកាំប្រមាណជាង ១០០ តោនក្នុង ១ ឆ្នាំៗ។
លោក ទ្រី និមល អ្នកឯកទេសផ្ទះត្រចៀកកាំមកពីម៉ាឡេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Swiftlet Cultivation.,Co Ltd បានប្រាប់ឱ្យដឹងថា ដោយសារតែកំណើនអ្នកចិញ្ចឹម និងកែច្នៃសម្បុកត្រចៀកកាំ កើនឡើងច្រើនផង ជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវចាប់ផ្តើមគិតគូរដល់ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅក្រៅប្រទេស ជាពិសេសទៅកាន់ប្រទេសចិន។
លោកបញ្ជាក់ថា៖ «ពិធីដេញថ្លៃនេះ គឺជាដំណឹងដ៏បំផុតសម្រាប់អ្នកចិញ្ចឹមសត្វត្រចៀកកាំនៅកម្ពុជា។ យើងរំពឹងថា ការដាក់ឱ្យដេញថ្លៃនាពេលខាងមុខនេះនឹងអាចជួយដល់ម្ចាស់ផ្ទះអភិរក្សសត្វត្រចៀកកាំ មានឱកាសស្វែងរកដៃគូប្រមូលទិញ និងពង្រីកទីផ្សាររបស់ខ្លួនថែមទៀតបាន»។
ក្រសួងកសិកម្ម កាលពីខែកក្កដា ឆ្នាំ ២០២២ បានរៀបចំក្រុមការងារបច្ចេកទេសសម្រាប់ចរចាបើកទីផ្សារនាំចេញផលិតផលសម្បុកត្រចៀកកាំ ទៅកាន់ប្រទេសចិន ក្រោយពីក្រសួងពិនិត្យឃើញថា កំណើនអ្នកចិញ្ចឹមសត្វត្រចៀកកាំកើនឡើង និងផលិតផលនេះមានតម្លៃល្អនៅលើទីផ្សារ។ ក្រុមការងារនេះ មានភារកិច្ច រៀបចំឯកសារបច្ចេកទេសសម្រាប់ចរចាបើកទីផ្សារនាំចេញផលិតផលសម្បុកត្រចៀកកាំពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដោយសហការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅប្រទេសដែលមានបទពិសោធន៍។
ក្រុមការងារនេះ ត្រូវធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចុះពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលសម្បុកត្រចៀកកាំពីកម្ពុជាទៅចិន និងត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធី បែបបទការចុះបញ្ជី ព្រមទាំងលក្ខខណ្ឌតម្រូវនានាដល់ក្រុមហ៊ុន និងសាធារណជនដែលមានបំណងចង់នាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិន។
ជាមួយគ្នានេះដែរក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែតុលាឆ្នាំ ២០២២ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាប្រចាំទីក្រុងសៀមិន ប្រទេសចិនសម្រាប់ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិន ដែលជាជំហានបើកផ្លូវមួយ ក្នុងការនាំចេញផលិតផលត្រចៀកកាំពីកម្ពុជា ទៅទីផ្សារប្រទេសចិនដែលនឹងជួយឱ្យអ្នកចិញ្ចឹមត្រចៀកកាំក្នុងស្រុកកាន់តែមានលទ្ធភាពក្នុងការពង្រីកខ្លួនកាន់តែច្រើនថែមទៀត៕