ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសនៅតំបន់អាស៊ាន ក្នុងឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ១៦ ពាន់លានដុល្លារ កើនឡើងតិចតួចបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយចំនួននេះ គឺស្មើនឹងជិត ១/៣ នៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
របាយការណ៍បូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម ឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ បានបង្ហាញថា ក្នុងឆ្នាំ ២០២២ ការនាំចេញនាំចូលទំនិញរវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានទឹកប្រាក់សរុប ១៦ ០៥៣ លានដុល្លារ កើនជាង ១,៣៥ ភាគរយបើធៀបនឹងចំនួន ១៥ ៨៣៨ លានដុល្លារក្នុងឆ្នាំ ២០២១។ ទំហំពាណិជ្ជកម្មកម្ពុជាអាស៊ាន គឺស្មើនឹង ៣០,៦២ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងឆ្នាំ ២០២២ ដែលមានប្រមាណ ៥២ ៤២៥ លានដុល្លារ។
ផ្អែកតាមតួលេខខាងលើ គឺទំនិញដែលកម្ពុជានាំទៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានចំនួន ៣ ២៩៧ លានដុល្លារ កើន ១៣,១៤ ភាគរយធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ២ ៩១៤ លានដុល្លារ។ ទឹកប្រាក់ការនាំទំនិញទៅប្រទេសក្នុងតំបន់អាស៊ាន គឺស្មើនឹង ១៤,៦៦ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាទៅទីផ្សារអន្តរជាតិដែលមាន ២២ ៤៨៣ លានដុល្លារ។ ចំណែកការនាំទំនិញពីបណ្តាប្រទេសក្នុងតំបន់អាស៊ានមកកម្ពុជា គឺមាន ១២ ៧៥៦ លានដុល្លារ ធ្លាក់ចុះ ១,២៩ ភាគរយពី ១២ ៩២៤ លានដុល្លារក្នុងឆ្នាំ ២០២១។ ចំនួនទឹកប្រាក់នៃការនាំទំនិញក្នុងតំបន់អាស៊ាន មកកម្ពុជា គឺស្មើនឹង ៤២,៦ ភាគរយនៃការនាំចូលទំនិញសរុបពីទីផ្សារអន្តរជាតិ ដែលមានចំនួន ២៩ ៩៤២ លានដុល្លារ។
បើតាមក្រសួងពាណិជ្ជកម្ម ប្រទេសវៀតណាម និងថៃ គឺជាទីផ្សារឈានមុខគេក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដោយពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាវៀតណាម ក្នុងឆ្នាំ ២០២២ មានចំនួន ៦ ១៣៦ លានដុល្លារ កើន ២០ ភាគរយ និងថៃ ចំនួន ៤ ៦៦៤ លានដុល្លារ កើន ១៤ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែកុម្ភៈថា ដោយសារមានទីតាំងភូមិសាស្ត្រនៅជិតគ្នា ដូច្នេះប្រទេសក្នុងតំបន់អាស៊ាន គឺជាទីផ្សារទទួលទិញទំនិញ (កសិផល) សំខាន់មួយរបស់កម្ពុជា ខណៈបច្ចុប្បន្នចំនួនប្រជាជនក្នុងតំបន់នេះមានលើសពី ៦៦០ លាននាក់។ លោកបន្តថា កត្តាចំនួនប្រជាជន បូកបន្ថែមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាសម្រេចបានជាមួយប្រទេសចិន និងកូរ៉េខាងត្បូង គឺកំពុងធ្វើឱ្យកម្ពុជាក្លាយជាមេដែកឆក់ទាញអ្នកវិនិយោគកាន់តែច្រើនឱ្យមកបណ្តាក់ទុនផ្ទាល់ ដើម្បីផលិត និងនាំចេញទំនិញទៅលក់ក្នុងប្រទេសជាសមាជិកអាស៊ាន។
លោកបន្ថែមថា ក្រៅពីនោះកម្ពុជាក៏កំពុងក្លាយជាមជ្ឈមណ្ឌលចែកចាយទំនិញពីប្រទេសចិន និងកូរ៉េ ទៅដល់ប្រទេសក្នុងតំបន់ផងដែរ។
លោកថ្លែងថា៖ «អាស៊ាន គឺជាទីផ្សារសំខាន់របស់កម្ពុជា ពិសេសចាប់ពីឆ្នាំ ២០១៥ នៅពេលប្រទេសជាសមាជិកបានចាប់ផ្តើមអនុវត្តការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន បើទោះបីជួបឧបសគ្គខ្លះក្នុងអំឡុងពេលនៃការរីករាលដាលខ្លាំងជំងឺកូវីដ ១៩»។ ការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសក្នុងតំបន់ នឹងមានភាពកាន់តែសកម្ម»។
បច្ចុប្បន្នទំនិញសំខាន់ៗដែលកម្ពុជានាំទៅប្រទេសក្នុងតំបន់អាស៊ាន មានដូចជា ផលិតផលកសិកម្ម វត្ថុធាតុដើម និងធនធានរ៉ែមួយចំនួន ចំណែកការនាំចូល រួមមាន ម្ហូបអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក គ្រឿងសំណង់ គ្រឿងយន្តកសិកម្ម និងយានយន្ត ជាដើម។ នេះបើតាមលោក លឹម ហេង។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា ក្នុងនាមប្រទេសជិតខាង និងក្នុងតំបន់តែមួយ អាស៊ានគឺជាទីផ្សារមិនអាចខ្វះបានរបស់កម្ពុជា ពិសេសការផ្លាស់ប្តូរទំនិញកសិផលរវាងខេត្តនៅជាប់ព្រំប្រទល់ជាមួយនឹងប្រទេសវៀតណាម ថៃ និងឡាវ។ លំហូរទំនិញរវាងប្រទេសក្នុងតំបន់ គឺពិតជាផ្តល់ផលចំណេញច្រើន ពិសេសសម្រាប់ប្រជាកសិករ ព្រោះចម្ងាយនៃការដឹកជញ្ជូនជិត និងចំណាយតិច។ ក្រៅពីនេះទំនិញនាំចូលពីប្រទេសក្នុងតំបន់ក៏មានតម្លៃទាបជាងទំនិញនាំចូលពីប្រទេសឆ្ងាយៗ ផងដែរ។
លោកអះអាងថា៖ «ទោះបីចំនួនទឹកប្រាក់ដែលកម្ពុជាបញ្ចេញលើការនាំចូលទំនិញពីបណ្តាប្រទេសក្នុងតំបន់មានចំនួនច្រើនជាងទឹកប្រាក់កម្ពុជានាំទំនិញចេញក៏ដោយ ក៏មិនមែនជាបញ្ហាធំនោះទេ ព្រោះទំនិញកម្ពុជានាំចូលគឺមួយចំណែកសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងមួយចំណែកទៀត គឺប្រើប្រាស់ជាវត្ថុធាតុដើម ឬធ្វើជាគ្រឿងកែច្នៃសម្រាប់នាំចេញទៅលក់នៅបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក»។
លោកប្រាប់ទៀតថា តាមរយៈការដាក់ចេញគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាលក្នុងការពង្រឹង និងពង្រីកវិស័យកសិកម្ម លោកជឿថា ផលិតផលកសិកម្មកម្ពុជានឹងមានសក្តានុពលរឹតតែខ្លាំងចាប់ពីពេលនេះតទៅ ហើយការនាំចេញកសិផលទៅប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោកក៏នឹងកើនឡើងផងដែរ។
បើតាមក្រសួងកសិកម្ម ផលិតផលកសិកម្មដែលកម្ពុជានាំទៅប្រទេសក្នុងតំបន់អាស៊ាន មានដូចជា អង្ករ ស្រូវ ដំឡូងមី ស្វាយចន្ទី ម្រេច ពោត សណ្តែក ផ្លែចេក ផ្លែស្វាយ ដូងប្រេង ថ្នាំជក់ និងជ័រកៅស៊ូ ជាដើម៕