ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃបញ្ញត្តិករមូលបត្រកម្ពុជា (SERC) នឹងប្រកាសដាក់ឱ្យដំណើរការនៃការបោះផ្សាយលក់មូលនិធិនៃគម្រោងវិនិយោគរួមនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ នេះ ខណៈដែលប្រកាសអំពីបទប្បញ្ញត្តិនៃការដាក់ឱ្យដំណើរការនេះនឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់ៗ ដែលជាការបើកផ្លូវដល់ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណអាចធ្វើការកៀរគរមូលនិធិពីសាធារណជនសម្រាប់គម្រោងវិនិយោគនានា។
លោក ស៊ូ សុជាតិ អគ្គនាយកនៃ SERC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែកុម្ភៈថា ស្ថាប័នរបស់លោកបានធ្វើការពិគ្រោះយោបល់ជាសាធារណជាមួយភាគីពាក់ព័ន្ធជាច្រើនលើករួចមកហើយដើម្បីទទួលបានយោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យសេចក្តីព្រាងប្រកាសនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពនៅពេលដាក់ចេញឱ្យប្រើប្រាស់។
លោកថ្លែងថា៖ «នេះជាបញ្ញត្តិបន្ថែមមួយទៀតសម្រាប់ទីផ្សារវិនិយោគរួម។ យើងបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរួចហើយ ឥឡូវយើងដល់ដំណាក់កាលបន្ទាប់ទៀតគឺការរៀបចំបទប្បញ្ញត្តិដើម្បីអនុញ្ញាតឱ្យគាត់អាចធ្វើការបោះផ្សាយមូលនិធិនេះ»។
លោកបន្ថែមថា៖ «យើងខ្ញុំសង្ឃឹមថានឹងអាចចេញបាននៅក្នុងត្រីមាសទី១ នេះ ហើយនៅពេលដែលបទប្បញ្ញត្តិនេះចូលជាធរមាន ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណនឹងចាប់ផ្តើមដំណើរការមូលនិធិនេះតែម្តង ដែលវាមានគុណប្រយោជន៍ច្រើនសម្រាប់គ្រប់វិស័យទាំងអស់ ដោយសារតែការប្រមូលសាច់ប្រាក់នេះសម្រាប់វិនិយោគទៅលើគ្រប់វិស័យ ប៉ុន្តែជាចលករសំខាន់សម្រាប់ទីផ្សារដែលយើងតម្រូវឱ្យមានការវិនិយោគច្រើននៅក្នុងទីផ្សារមូលបត្រ ឬការវិនិយោគនៅក្នុងទីផ្សារមូលបត្រកម្ពុជាតែម្តង»។
លោក ឡុង ពិសាក នាយកប្រតិបត្តិក្រុមហ៊ុន F.I. Vision Capital Plc ដែលជាក្រុមហ៊ុនផ្តោតលើការវិនិយោគរយៈពេលវែងលើវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ និងគម្រោងវិនិយោគនានា បានសាទរចំពោះផែនការនៃការដាក់ឱ្យដំណើរការការបោះផ្សាយលក់មូលនិធិនៃគម្រោងវិនិយោគរួមដោយ SERC ខណៈលោកយល់ឃើញថា ជាការបើកផ្លូវដល់ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណអាចមានលទ្ធភាពចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួន។
លោកនិយាយថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការនេះ ដោយសារតែក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណអាចចាប់ផ្តើមក្នុងការកៀរគរមូលនិធិនានាដើម្បីរួមគ្នាក្នុងការវិនិយោគលើគម្រោងផ្សេងៗដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើតការងារផងដែរ»។
យោងតាមលោក ស៊ូ សុជាតិ រហូតមកដល់បច្ចុប្បន្ន SERC បានផ្តល់អាជ្ញាប័ណ្ណជាង ១០ ក្រុមហ៊ុនហើយ ដែលជាចំនួនសមល្មមមួយដែលត្រូវចាប់ផ្តើមដំណើរការ។
លោកលើកឡើងថា៖ «ពួកគាត់នឹងអាចចាប់ផ្តើមដាក់ឯកសារផ្តល់ព័ត៌មានមកយើង ដូចដែលបានកំណត់នៅក្នុងសេចក្តីព្រាងប្រកាស។ នៅពេលដែលពួកគាត់ទទួលបានការអនុម័តទៅលើឯកសារប្រកាសព័ត៌មាន លើការបង្កើតមូលនិធិនេះ ដូច្នេះពួកគាត់នឹងអាចចាប់ផ្តើមដំណើរការ ដោយអនុលោមទៅតាមនីតិវិធីដែលបានកំណត់នៅក្នុងប្រកាសនេះ»៕