ភ្នំពេញៈ មន្ត្រីជំនាញរដ្ឋាភិបាល បានចាប់ផ្ដើមទាក់ទងបញ្ចុះបញ្ចូលទាញទឹកចិត្ត ប្រទេសជាសមាជិកទាំង ១៥ នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឱ្យលេខាធិការដ្ឋាននេះតាំងនៅក្នុងរាជធានីភ្នំពេញ ក្រោយពីកិច្ចព្រមព្រៀងនេះចូលជាធរមានកាលពីឆ្នាំ ២០២២ ដើម្បីលើកស្ទួយកិត្តិយស និងជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច។
លោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានធ្វើបាឋកថា ស្តីអំពី «សេចក្តីសង្ខេបពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម» នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី ៤ ខែកុម្ភៈ ដោយមានអ្នកចូលរួមប្រមាណ ១៤០ នាក់។
លោក ស៊ីផាន់ណា ថ្លែងថា៖ «យើងមិនច្បាស់ថា យើងបានទេ ប៉ុន្តែការទាក់ទងបញ្ចុះបញ្ចូល (Lobbies) បានចាប់ផ្តើមហើយ។ ប្រសិនជា [យើង] បានលេខាធិការដ្ឋាននោះមកកម្ពុជា យើងអាចថា ជាជោគជ័យមួយធំណាស់ ព្រោះពីពេលនេះដល់ ២០ ទៅ៣០ឆ្នាំក្រោយទៀត គេនឹងមកស្រុកខ្មែរដើម្បីប្រជុំ ព្រោះ RCEP ធំណាស់»។
លោក សុក ស៊ីផាន់ណា បន្តថា៖ «បើយើងមានអាហ្នឹង វាសំខាន់ត្រង់ថា បើគេប្រជុំទាក់ទងពាណិជ្ជកម្ម គេមកកម្ពុជា។ ពេលដែលមកស្រុកខ្មែរ ថៅកែសណ្ឋាគារញញឹម។ នេះជារូបភាពនៃការកសាងប្រទេស ព្រោះកាលណាគេមកស្រុកយើង គេចាយលុយនៅស្រុកយើង។ គេមកស្រុកយើង គេឃើញរូបភាពប្រទេសយើង»។
លោក សុក ស៊ីផាន់ណា បានអះអាងថា ប្រទេសនានាជុំវិញកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់សុទ្ធតែមាន ទីតាំងស្នាក់ការលេខាធិការដ្ឋាននៃអង្គការអន្តររដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅប្រទេសទាំងនោះ ប៉ុន្តែកម្ពុជាមិនទាន់មានអ្វីនោះទេ។ លោក ថ្លែងថា ទីក្រុងបាងកកប្រទេសថៃ ប្រទេសសិង្ហបុរី ប្រទេសឡាវ ប្រទេសវៀតណាម សុទ្ធតែមានទីស្នាក់លេខាធិការដ្ឋាន នៃអង្គការអន្តរជាតិ។
លោក សុក ស៊ីផាន់ណា ក៏បានឱ្យដឹងផងដែរថា ប្រទេសឥណ្ឌូនេស៊ីក៏នឹងអាចបញ្ចុះបញ្ចូលអង្គការអន្តររដ្ឋាភិបាលដែលផ្តោតលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគមួយនេះទៅបោះទីតាំងនៅទីក្រុងហ្សាការតា ជាទីដែលអគ្គលេខាធិការដ្ឋានអាស៊ានតាំងនៅស្រាប់ ព្រោះគេមានអគារដ៏ធំស្កឹមស្កៃរួចទៅហើយ។ ក្រៅពីប្រទេសអាស៊ាន ១០ ជាសមាជិករបស់ RCEP នៅមានប្រទេសធំៗ ៥ ផ្សេងទៀតគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ប្រទេសទាំង ១៥ នៃ RCEP នេះ បានគ្របដណ្តប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងអស់ស្មើនឹង ១ ភាគ ៣ នៃ GDP ពិភពលោក, ទីផ្សារ ១ ភាគ ៣ នៃទីផ្សារពិភពលោក និងប្រជាជនសរុបស្មើនឹង ១ ភាគ ៣ នៃប្រជាជនពិភពលោក។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា បើសិនកម្ពុជាមានលទ្ធភាពទាញស្ថាប័ន RCEP ឱ្យមានបោះទីតាំងស្នាក់ការកណ្តាល (Headquarter) នៅរាជធានីភ្នំពេញតាមគំនិតដែលចង់បាននោះ កម្ពុជានឹងចំណេញច្រើនណាស់ រាប់ចាប់តាំងពីកំណើនវិស័យទេសចរណ៍ កេរ្តិ៍ឈ្មោះប្រទេស និងការទាក់ទាញបានវិនិយោគថ្មីៗបន្ថែមទៀត។
លោក វណ្ណៈ និយាយថា៖ «កាលណាយើងមានការិយាល័យអន្តរជាតិនៅប្រទេសកម្ពុជាយើង មានន័យថា យើងទទួលបានកេរ្តិ៍ឈ្មោះមួយដែលបង្ហាញពីសមត្ថភាពគ្រប់គ្រាន់របស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតការិយាល័យនៅកម្ពុជា ដែលអាចធ្វើឱ្យវិនិយោគិនផ្សេងៗជុំវិញពិភពលោកអាចមើលឃើញ និងមានទំនាក់ទំនងដោយផ្ទាល់ជាមួយការិយាល័យតំណាងនេះឯង»។
ប្រទេសចំនួន ១៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ តាមរយៈសន្និសីទតាមវីដេអូតាមប្រទេសរៀងៗខ្លួនដោយសារការចុះហត្ថលេខាត្រូវធ្វើឡើងចំពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ក្រោយពីការចរចាស៊ីពេលរហូតដល់ ៨ ឆ្នាំ ចាប់ពីឆ្នាំ ២០១២ ជាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី ២។ យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២៕