ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលគ្រប់គ្រងដោយរដ្ឋបានត្រៀមជាង ២០០ លានដុល្លារ សម្រាប់ផ្តល់កម្ចីទៅដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីផ្តល់លទ្ធភាពបន្ថែមដល់ពួកគេក្នុងការបន្តនិរន្តរភាពនិងពង្រីកអាជីវកម្ម។
លោក លឹម អូន អគ្គនាយកធនាគារ SME បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៧ ខែកុម្ភៈ ថា ឆ្នាំ ២០២៣ នេះ SME Bank មានផែនការផ្តល់ហិរញ្ញប្បទានទាំងដោយផ្ទាល់ និងសហហិរញ្ញប្បទាន មានប្រហែលជាង ២២០ លានដុល្លារដល់វិស័យសហគ្រាសធុនតូច និងមធ្យម ដោយផ្តោតសំខាន់លើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលពិសេសកម្មន្តសាល ឬផលិតកម្ម ការកែច្នៃ កសិឧស្សាហកម្ម ព្រមទាំងសហគ្រិនជាស្ត្រី។
លោកបន្តថា ទឹកប្រាក់ដែលគ្រោងជាង ២០០ លានដុល្លារនេះ សម្រាប់ការផ្តល់ឥណទានដោយផ្ទាល់ដល់ SMEs មាន ១០០លានដុល្លារ ខណៈការផ្តល់តាមរយៈគម្រោងសហហិរញ្ញប្បទានដែលសហការជាមួយស្ថាប័នហិរញ្ញវត្ថុជាដៃគូ គឺមានទឹកប្រាក់ប្រហែល ១០៨ លានដុល្លារទៀត។
លោកឱ្យដឹងថា៖ «ការផ្តល់ឥណទានរបស់ធនាគារ SME ដល់វិស័យសហគ្រាសធុនតូច និងមធ្យម គឺពិតជាជួយឱ្យអាជីវកម្មទាំងអស់នោះអាចមានលទ្ធភាពក្នុងការពង្រឹង និងបន្តនិរន្តរភាពនៃប្រតិបតិ្តការរបស់ពួកគាត់ទៅថ្ងៃខាងមុខ បន្ទាប់ពីការសាបរលាបជំងឺកូវីដ ១៩។ នៅក្នុងន័យនេះយើងសង្ឃឹមថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ និងលទ្ធភាពក្នុងការពង្រឹងអាជីវកម្មឱ្យកាន់តែមានភាពជោគជ័យថែមទៀតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីខែធ្នូ ឆ្នាំ ២០២២ ថា ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានគ្រោងថវិកាប្រមាណ ១០០ លានបន្ថែម ដើម្បីផ្តល់ឱ្យធនាគារ SME សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ទាប។
លោកបញ្ជាក់ថា៖ «ក្នុងករណីស្ថានភាពសេដ្ឋកិច្ចនៅបន្តជួបការលំបាក រាជរដ្ឋាភិបាលនឹងបន្តពិនិត្យលទ្ធភាពក្នុងបង្កើតគម្រោងសហហិរញ្ញប្បទានថ្មី ប៉ុន្តែសម្រាប់ឆ្នាំបន្តទៀតនេះ ក៏យើងមានកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ពីធនាគារ SME ដោយមិនឆ្លងតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមក្នុងវិស័យអាទិភាព ដូចជាកម្មវិធីពាក់ព័ន្ធជាមួយសហគ្រិនស្ត្រី, និងវិស័យអាទិភាពដូចជា កសិឧស្សាហកម្ម ការកែច្នៃជាដើម ក្នុងអត្រាការប្រាក់ល្អសម្រាប់ពួកគាត់ ហើយមានកម្មវិធីមួយទៀត សម្រាប់អាជីវកម្ម Start up»។
SMEs គឺជាធនាគារដែលផ្តួចផ្តើមដោយរដ្ឋាភិបាលត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២០ និងចាប់ផ្តើមផ្តល់ឥណទានដោយផ្ទាល់ និងតាមរយៈសហហិរញ្ញប្បទានជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលបានចូលរួមចំនួន ៣៣។
ផ្អែកតាមទិន្នន័យគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ធនាគារ SME បានផ្តល់ឥណទានដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ២៣១ ជាមួយទឹកប្រាក់សរុប ៥៣,៤ លានដុល្លារ និងបានបញ្ចប់នូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និងទី២ ដែលបានផ្តល់ការគាំទ្រដល់សហគ្រាសសរុប ១ ៩៩២ ស្មើនឹងទំហំទឹកប្រាក់សរុប ២៤០ លានដុល្លារ៕