ភ្នំពេញៈ ធនាគារប្រៃសណីយ៍កម្ពុជា (CP Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីចំនួន ១០ លានដុល្លារ ដើម្បីផ្តល់ឱ្យ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងន័យគាំទ្រដល់ការស្ទុះងើបឡើងវិញពីវិបត្តិសុខភាព ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង ២ ឆ្នាំកន្លងមក។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចកាលពីថ្ងៃទី ៧ ខែកុម្ភៈ ដែលនឹងផ្តល់ដល់ MSMEs ដែលមានចំនួន ៩៩,៨ ភាគរយនៃសហគ្រាសទាំងអស់នៅកម្ពុជា និងផ្តល់ការងាររហូតដល់ ៧២ ភាគរយនៃកម្លាំងពលកម្ម។ MSMEs នៅកម្ពុជា មានកម្រិតលទ្ធភាពទទួលបានសេវាហិរញ្ញប្បទានតិចជាង ២០ ភាគរយនៃសហគ្រាសដែលមិនបានចុះបញ្ជីទទួលបានប្រាក់កម្ចី ឬឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ភាគច្រើននៃ MSMEs ត្រូវបានគ្រប់គ្រងដោយស្ត្រី។ បញ្ហាប្រឈមសម្រាប់សហគ្រិនស្ត្រី គឺមានលក្ខណៈលំបាកដោយមានតិចជាង ៥ ភាគរយមានលទ្ធភាពទទួលបានឥណទានផ្លូវការ។
ADB ឱ្យដឹងថា៖ «ADB នឹងជួយធនាគារ CP ក្នុងការដាក់បញ្ចូលសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីទៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន តាមរយៈការបង្កើតផែនការសកម្មភាពយេនឌ័រ និងការតែងតាំងជនបង្គោលយេនឌ័រកម្រិតបុគ្គលិក»។
លោក Ashok Lavasa អនុប្រធាន ADB ទទួលបន្ទុកប្រតិបត្តិការវិស័យឯកជន និងភាពជាដៃគូសាធារណៈឯកជន បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា ការបង្កើនលទ្ធភាពទទួលបានទុនបង្វិល និងហិរញ្ញប្បទានរយៈពេលវែងរបស់ MSMEs គឺផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដោយមិនត្រឹមតែសម្រាប់កំណើនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការបង្កើតការងារ និងការស្តារសេដ្ឋកិច្ចកាន់តែទូលំទូលាយផងដែរ។
លោកបាននិយាយថា៖ «ការផ្តល់ហិរញ្ញប្បទាននេះនឹងគាំទ្រដល់ប្រាក់ចំណេញនៃអាជីវកម្មទាំងនេះដោយការធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់ពួកគេ និងផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានបណ្តាញផលិតកម្មក្នុងស្រុក និងអន្តរជាតិ»។
អគ្គនាយកនៃធនាគារ CP Bank លោក តូច ចៅចេក បាននិយាយថា ធនាគារ CP បានផ្តល់អាទិភាពដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជួយពួកគេឱ្យរីកចម្រើន និងវិវឌ្ឍ ដូច្នេះពួកគេអាចបង្កើតការងារបន្ថែម និងពង្រីកការរួមចំណែកដល់សេដ្ឋកិច្ចកាន់តែទូលំទូលាយ។
លោកថ្លែងថា៖ «ជំនួយពី ADB នឹងជួយពួកយើងក្នុងការផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុបន្ថែមទៅដល់អាជីវកម្មដែលមិនទាន់បានទទួលសេវាទាំងនេះ ខណៈពេលដែលវាក៏នឹងជួយដល់តម្រូវការទុនបង្វិល និងការវិនិយោគរបស់ពួកគេផងដែរ»។
បច្ចុប្បន្ន CP Bank គឺជាស្ថាប័នហិរញ្ញវត្ថុមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFI) ជាច្រើននៃការបន្តគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) ចំនួន ២០០ លានដុល្លារ របស់សាជីវកម្មធានាឥណទានកម្ពុជាភីអិលស៊ី (CGCC) ដើម្បីផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា៕