ភ្នំពេញៈ កម្ពុជាបានកំណត់គោលដៅនាំចេញអង្ករឱ្យបាន ៧៥ ម៉ឺនតោន ក្នុងឆ្នាំ ២០២៣ និង ១ លានតោនក្នុងឆ្នាំ ២០២៥ ខណៈកាលពីឆ្នាំ ២០២២ កន្លងមក ការនាំចេញអង្ករសម្រេចបាន ៦៣៧ ០០៤ តោន។ នេះបើតាមថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
ផែនការនេះត្រូវបានប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុឃាំង លើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារស្រូវអង្កររបស់ CRF ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៧ ខែកុម្ភៈ។
លោក ចាន់ សុឃាំង បានលើកឡើងថា CRF បានដាក់ផែនការបន្តពង្រឹងអភិបាលកិច្ចដឹកនាំក្នុងសហព័ន្ធ ដោយបានរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ (២០២៣-២០២៧) និងបន្តសហការជាមួយនឹងក្រសួងពាណិជ្ជកម្ម (តាមរយៈក្រុមហ៊ុន ហ្រ្គីនត្រេដ) ក្នុងការបើកច្រកទីផ្សារថ្មីៗជាពិសេសទីផ្សារប្រទេសហ្វីលីពីន ព្រមទាំងពង្រីកទីផ្សារនាំចេញសក្តានុពលដទៃទៀត តាមរយៈការចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម (ខែកុម្ភៈ) ប្រទេសថៃ (ខែឧសភា) និងអាល្លឺម៉ង់ (ខែតុលា) ក៏ដូចជាក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅតំបន់ និងប្រទេសគោលដៅមួយចំនួនដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង អាមេរិក កាណាដា និងអូស្ត្រាលី។ ជាមួយគ្នានេះ CRF ក៏នឹងធ្វើការផ្សព្វផ្សាយម៉ាកអង្ករដែលចុះបញ្ជីរួចដូចជា«ម្លិះអង្ករ» និងម៉ាកសមូហភាព «SKO» និងអង្ករដំណើបស្បៃមង្គល «DSMK»។
លោកថ្លែងថា៖ «ផែនការសកម្មភាពរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គឺសំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករឱ្យបានចំនួន ៧៥ ម៉ឺនតោនក្នុងឆ្នាំ ២០២៣ និងឈានដល់ ១ លានតោនក្នុងឆ្នាំ ២០២៥»។
លោកបន្តថា៖ «សហព័ន្ធក៏មានផែនការសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅប្រទេសចិនឱ្យបានច្រើនជាង ៤០ ម៉ឺនតោននៅក្នុងឆ្នាំ ២០២៣ នេះតទៅ ពិសេសបន្តធ្វើពិពិធកម្មទៅទីផ្សារឱ្យកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CRF ក្នុងឆ្ នាំ២០២២ កម្ពុជា បាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ ចំនួន ៦៣៧ ០០៤តោន ដែលមានតម្លៃប្រមាណ ៤១៤,២៩ លានដុល្លារ។ ការនាំចេញអង្ករទៅប្រទេសចិន (រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ) មានបរិមាណច្រើនជាងគេ គឺ ២៨៨ ៨៣០ តោន ស្មើនឹង ៤៥ ភាគរយនៃការនាំចេញសរុប, ប្រទេសទ្វីបអឺរ៉ុប (២៥ ប្រទេស) ២២១ ៥០៤ តោន ស្មើ ៣៥ ភាគរយ, សមាជិកអាស៊ាន (៤ ប្រទេស) ៦៤ ៧៣៣ តោន ស្មើ ១០ ភាគរយ និងគោលដៅផ្សេងៗ ៦១ ៩៣៧ តោន ស្មើ ១០ ភាគរយ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាននិយាយថា ស្រូវអង្ករ ជាវិស័យមួយដែលរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាអាទិភាពបំផុត និងត្រូវបានលើកយកធ្វើជាប្រធានបទសម្រាប់ការជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសនានាទាំងលក្ខណៈទ្វេភាគី និងពហុភាគី។
លោកបន្ថែមថា ដើម្បីលើកកម្ពស់ការនាំចេញអង្ករ ក្រសួង បាននិងកំពុងខិតខំបើកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពដើមពីអង្ករ តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ, និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងក្នុងជំនួបពិភាក្សាជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញទៅកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត ហ្វីលីពីន និងបង់ក្លាដែស។
លោកថ្លែងថា៖ «បច្ចុប្បន្នក្រសួងបាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជាអេមីរ៉ាត អារ៉ាប់រួម ដោយអង្ករស្ថិតក្នុងទំនិញអាទិភាពមួយដែលរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលសង្ឃឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត»។
ជាមួយគ្នានោះលោករដ្ឋមន្ត្រីក៏បានផ្តល់ការណែនាំដល់សហព័ន្ធជំរុញការនាំចេញអង្ករទៅទីផ្សារចិន ដោយសារតែកម្ពុជាមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី ៦ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនសាជីវកម្មចិន (COFCO) ដែលមានបរិមាណសរុបចំនួន ៤០ ម៉ឺនតោន។
លោក ឡាយ ឈុនហួរ អគ្គនាយកក្រុមហ៊ុន City Rice Import Export ដែលជាក្រុមហ៊ុននាំអង្ករ «អង្កររំដួល» របស់កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកាស្រូវអង្ករពិភពលោក រហូតទទួលបានពានរង្វាន់លេខ ១ ជា «អង្ករល្អដាច់គេ» ប្រចាំឆ្នាំ ២០២២ នៅភូកេត ប្រទេសថៃ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ៨ ខែកុម្ភៈថា ការទទួលបានកិត្តិនាមជា «អង្ករល្អដាច់គេ» ប្រចាំឆ្នាំ ២០២២ និងការខិតខំស្វែងរកទីផ្សារថ្មីៗពីគ្រប់ផ្នែកពាក់ព័ន្ធគឺប្រាកដនឹងធ្វើឱ្យបរិមាណនាំចេញកើនឡើង ប៉ុន្តែនឹងមិនហក់ឡើងខ្ពស់ភ្លាមៗទេ។ ថ្មីៗនេះអ្នកនាំចេញអង្ករកម្ពុជាក៏បានជួបពិភាក្សាជាមួយអ្នកបញ្ជាទិញពីហ្វីលីពីន ម៉ាល់ឌីវ និងអាមេរិកផងដែរ។
លោកបន្ថែមថា៖ «បរិមាណនៃការនាំចេញអង្ករប្រាកដជាកើនឡើង គ្រាន់តែវាត្រូវការពេលខ្លះបន្ថែមទៀត ពិសេសចាប់ពីឆ្នាំក្រោយតទៅ»។ ប្រទេសចិន និងសហភាពអឺរ៉ុប គឺជាទីផ្សារធំជាងគេសម្រាប់អង្ករកម្ពុជា»។
ទោះយ៉ាងណា លោក ឈុនហួរ បានសម្តែងក្តីបារម្ភថា៖ «បច្ចុប្បន្នអង្ករសែនក្រអូបកម្ពុជាកំពុងមានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិ ប៉ុន្តែការដាំដុះស្រូវប្រភេទនេះហាក់មិនកើនឡើងទេ»។
ក្រៅពីនាំចេញអង្ករ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវរបស់ខ្លួនជាច្រើនទៅកាន់ប្រទេសវៀតណាមផងដែរ ដោយកាលពីឆ្នាំ ២០២២ មានបរិមាណសរុប ៣ ៤៧៧ ៨៨៦ តោន ដោយទឹកប្រាក់ដែលប្រមូលបានប្រមាណ ៨៤១,០៩ លានដុល្លារ៕