ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យក្រុមហ៊ុនជប៉ុន Top Planning Japan Co.,LTD ដែលកំពុងនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជាពិចារណាពីការកែច្នៃសម្បកគ្រាប់ស្វាយចន្ទីឱ្យទៅជាប្រេងឥន្ធនៈ ក៏ដូចជាលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មដែលកម្ពុជាកំពុងមានតម្រូវការខ្ពស់។
សំណើនេះត្រូវបានលោក ឌិត ទីណា លើកឡើងក្នុងជំនួបជាមួយអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣។លោកសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយសាទរជាមួយសមិទ្ធផលដែលក្រុមហ៊ុនធ្វើនៅកម្ពុជាដែលជាការចូលរួមចំណែកដល់ការបង្កើតការងារ ជាពិសេសក្រុមហ៊ុនបានធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅទីផ្សារជប៉ុនដោយកំពុងទទួលបានការនិយមយ៉ាងខ្លាំង។
លោកក៏បង្ហាញការស្វាគមន៍ចំពោះផែនការក្រុមហ៊ុនដែលចង់បោះទុនលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំមួយនៅកម្ពុជានាពេលខាងមុខដើម្បីជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ លោកក៏ស្នើក្រុមហ៊ុនពិចារណាពីការកែច្នៃសម្បកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈ និងជាជី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសូមស្វាគមន៍ និងលើកទឹកចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលកន្លងមកបានកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅលក់លើទីផ្សារប្រទេសជប៉ុន ក៏ដូចជាគម្រោងបង្កើតរោងចក្រនៅកម្ពុជា ដើម្បីនាំស្វាយចន្ទីកម្ពុជាទៅទីផ្សារពិភពលោក ទាំងផលិតផលគ្រាប់ស្វាយចន្ទី និងច្នៃសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈ»។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ លោកស្រី អ៊ិន ឡៃហ៊ួត ដែលលោកស្រីកំពុងសហការជាមួយក្រុមហ៊ុន Top Planning Japan បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៨ ខែកុម្ភៈថា លោកស្រីគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះជាទស្សនទានមួយសម្រាប់ក្រុមហ៊ុនធ្វើការពិចារណាពីការពង្រីកការវិនិយោគនៃការធ្វើពិពិធកម្មខ្សែចង្វាក់ផលិតកម្មនៅកម្ពុជា។
លោកស្រីលើកឡើងថា៖ «សម្រាប់ការយកសម្បកគ្រាប់ស្វាយចន្ទីធ្វើជាប្រេងឥន្ធនៈខ្ញុំគិតថាល្អដោយសារអ្នកកែច្នៃមិនទាន់មានទីផ្សារនេះទេ ដូច្នេះបើមានគឺប្រសើរព្រោះធ្វើឱ្យផលិតកម្មបានតម្លៃបន្ថែម ១ កម្រិតទៀត»។
នៅក្រោមកិច្ចសហការជាមួយ Top Planning Japan សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ បានចាប់ផ្តើមនាំចេញស្វាយចន្ទីទៅប្រទេសជប៉ុនជាលើកដំបូងក្នុងឆ្នាំ ២០២១ ហើយបើគិតត្រឹមខែមីនា ឆ្នាំ២០២២ សិប្បកម្មបាននាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារជប៉ុនសរុបជាង ៤៥ តោន។ ទោះជាយ៉ាងណាចាប់ពីខែមេសាមក ការនាំចេញមិនបានកើតមានទៀតទេ ព្រោះភាគីជប៉ុនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់គុណភាព និងការវេចខ្ចប់តាមស្តង់ដា ដែលជប៉ុនចង់បាន។
លោក ឌិត ទីណា ក៏បានណែនាំឱ្យក្រុមហ៊ុន Top Planning Japan ត្រូវតែអនុលោមភាពទៅតាមបរិស្ថាន ការវេចខ្ចប់ និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
លោកថ្លែងថា៖ «ដើម្បីទទួលបានតម្លៃបន្ថែមច្រើនជាងនេះ ខ្ញុំបានណែនាំឱ្យក្រុមហ៊ុនគោរពតាមគោលការណ៍បរិស្ថាន បង្កើនការផ្សព្វផ្សាយ និងកែច្នៃការវេចខ្ចប់ឱ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារជប៉ុន និងពិភពលោក។ ដោយឡែក ការកែច្នៃសម្បកចន្ទីទៅជាឥន្ធនៈគឺជារឿងល្អមួយ ប៉ុន្តែក្រុមហ៊ុនគួរសិក្សាថែមទៀតពីលទ្ធភាពកែច្នៃជាផលិតផលម្ហូបអាហារ ឬជីកសិកម្ម ខណៈកម្ពុជាកំពុងត្រូវការជី»៕
វីដេអូ៖